ខេត្តកណ្តាលបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ដោយមានគោលដៅគ្របដណ្តប់សត្វឆ្កែយ៉ាងហោចណាស់ ៧០% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តកណ្តាលបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ដោយមានគោលដៅគ្របដណ្តប់សត្វឆ្កែយ៉ាងហោចណាស់ ៧០%

ខេត្តកណ្តាលបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំ ដោយមានគោលដៅគ្របដណ្តប់សត្វឆ្កែយ៉ាងហោចណាស់ ៧០%

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល បានសហការជាមួយអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិ (WVS) បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំទូទាំងខេត្ត ដោយមានគោលដៅផ្តល់វ៉ាក់សាំងដល់សត្វឆ្កែយ៉ាងហោចណាស់ ៧០% នៃចំនួនសត្វឆ្កែសរុប ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ និងការពារអាយុជីវិតប្រជាពលរដ្ឋ។
 
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំនៅខេត្តកណ្តាលនេះត្រូវបានប្រកាសបើកនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក លឹម ងួនគ្រុយ អនុប្រធានទទួលបន្ទុករួមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូបទៀត។
 
លោក អ៊ុច សុវណ្ណ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកណ្តាល បានឱ្យដឹងថា យុទ្ធនាការនេះរៀបចំឡើងក្នុងឱកាសទិវាជំងឺឆ្កែឆ្កួតពិភពលោក ឆ្នាំ២០២៦ ដោយមានការគាំទ្រថវិកាពីអង្គការ WVS និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
 
លោកបានបញ្ជាក់ថា ខេត្តកណ្តាលមានសត្វឆ្កែសរុបចំនួន ៨៨ ១៤៧ ក្បាល ក្នុងនោះយ៉ាងហោចណាស់ ៧០%ត្រូវទទួលវ៉ាក់សាំង។ យុទ្ធនាការនេះនឹងចាប់អនុវត្តពីថ្ងៃទី២១តុលាដល់ថ្ងៃទី៤វិច្ឆិកា ដោយមានការចូលរួមពីមន្ត្រីបសុពេទ្យតាមស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីផ្សព្វផ្សាយ និងនាំយកសេវាចាក់វ៉ាក់សាំងទៅដល់សហគមន៍នៅទូទាំងខេត្ត។
 
លោក លឹម ងួនគ្រុយ បានអំពាវនាវដល់ប្រជាពលរដ្ឋនាំសត្វឆ្កែដែលមានអាយុចាប់ពី ៣ ខែឡើងទៅ ទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅតាមគ្លីនិកបសុពេទ្យ ឬតាមទីតាំងដែលរៀបចំក្នុងយុទ្ធនាការ។ លោកក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានឱ្យចូលរួមសម្របសម្រួល និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីសម្រេចគោលដៅចាក់វ៉ាក់សាំង និងការពារអាយុជីវិតប្រជាពលរដ្ឋក្នុងខេត្តកណ្តាលពីការឆ្លងមេរោគនៃជំងឺឆ្កែឆ្កួត។
 
សូមបញ្ជាក់ថា អង្គការ WVS ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតលើសត្វសុនខទ្រង់ទ្រាយធំប្រចាំឆ្នាំ២០២៦ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៦ នៅភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ ប៉ៃលិន និងបន្ទាយមានជ័យ។ ក្រុមការងាររបស់អង្គការនឹងចុះទៅតាមផ្ទះ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជូនសត្វសុនខដោយឥតគិតថ្លៃ។
 
ជំងឺឆ្កែឆ្កួតគឺជាជំងឺដ៏គ្រោះថ្នាក់ដែលអាចឆ្លងមកមនុស្សតាមរយៈការខាំ ខ្វាច ឬការប៉ះពាល់ទឹកមាត់របស់សត្វដែលមានមេរោគ ជាពិសេសឆ្កែ និងឆ្មា។ ជំងឺនេះបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិត ១០០% នៅពេលចេញរោគសញ្ញា។ ការចាក់វ៉ាក់សាំងការពារសត្វឆ្កែ និងការស្វែងរកការព្យាបាលភ្លាមៗក្រោយត្រូវសត្វខាំ គឺជាវិធានការសំខាន់បំផុតក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនេះ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា