គណៈមេធាវីកម្ពុជាការពារក្តីជូនជនក្រីក្រជាង ៨ ៧០០ ករណី ក្នុងរយៈពេលមួយឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈមេធាវីកម្ពុជាការពារក្តីជូនជនក្រីក្រជាង ៨ ៧០០ ករណី ក្នុងរយៈពេលមួយឆ្នាំ

គណៈមេធាវីកម្ពុជាការពារក្តីជូនជនក្រីក្រជាង ៨ ៧០០ ករណី ក្នុងរយៈពេលមួយឆ្នាំ

ក្នុងរយៈពេលមួយឆ្នាំ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃបានចំនួនជាង ៨ ៧០០ ករណី ដែលមានកូនក្តីសរុបជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះ មានសំណុំរឿងពាក់ព័ន្ធនឹងអនីតិជនចំនួនជិត ៣ពាន់ករណី។
 
ក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងមេធាវីឱ្យការពារក្តីជូនជនក្រីក្រចំនួន ៨ ៧៤២ ករណី ដែលមានកូនក្តីសរុប ១៥ ៣៦៥ នាក់។ ក្នុងនោះ មានសំណុំរឿងពាក់ព័ន្ធនឹងអនីតិជនចំនួនជិត ៣ពាន់ករណី ដែលមានកូនក្តីជាអនីតិជនចំនួន ៥ ៣៦៦ នាក់ និងបានផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ដោយឥតគិតថ្លៃចំនួន ៤៥៦ ករណី។
​
តួលេខទាំងនេះត្រូវបានបង្ហាញក្នុងរបាយការណ៍របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីសម្រាប់អាណត្តិទី១៦ ដែលបានរៀបចំឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ មេធាវីជិត ២ពាន់បានចូលរួមបោះឆ្នោត ក្នុងចំណោមមេធាវីដែលមានសិទ្ធិបោះឆ្នោតជាង ៣ ពាន់នាក់។ លោក សាំង វណ្ណៈ បាន​បន្តជាប់ឆ្នោតជាប្រធានគណៈមេធាវី អាណត្តិទី១៦។
 
ដោយសារការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងករណីក្មេងទំនើង គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួនសំណុំរឿងរបស់ជនក្រីក្រ និងជនងាយរងគ្រោះដែលស្នើសុំការការពារក្តីពីគណៈមេធាវីមានការកើនឡើង។ ក្នុងន័យនេះ គណៈមេធាវីបានលើកទឹកចិត្តដល់ប្រតិភូគណៈមេធាវីប្រចាំរាជធានី-ខេត្ត និងតាមសាលាជម្រះក្តី ព្រមទាំងមេធាវីស្ម័គ្រចិត្ត និងមេធាវីកម្មសិក្សា ឱ្យចូលរួមផ្តល់ការការពារក្តីជូនជនក្រីក្រដោយមិនយកប្រាក់ឧបត្ថម្ភ។
 
លោក សាំង វណ្ណៈ បានថ្លែងថា ក្នុងអំឡុងពេលដឹកនាំកន្លងមក គណៈមេធាវីបានខិតខំជម្នះឧបសគ្គនានា ដើម្បីអនុវត្តគោលនយោបាយ និងបេសកកម្មដែលបានដាក់ចេញ ព្រមទាំងបន្តលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ ការងារនេះក៏ផ្តោតលើការពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការពារផលប្រយោជន៍របស់មេធាវី និងលើកកម្ពស់ការទទួលស្គាល់តួនាទីរបស់មេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
 
លោកប្រធានគណៈមេធាវីបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានបន្តផ្តល់ថវិកាសរុបចំនួន ២ ៩០០ លានរៀលក្នុងមួយឆ្នាំ ជូនគណៈមេធាវី ដើម្បីពង្រីកការចូលរួមក្នុងវិស័យយុត្តិធម៌ និងលើកកម្ពស់យុត្តិធម៌សង្គម។ ថវិកានេះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពសំខាន់ពីរ គឺការការពារក្តី និងការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ជូនជនក្រីក្រ ព្រមទាំងការការពារក្តីជូនស្ត្រី និងក្មេងស្រីក្រីក្រដែលរងគ្រោះដោយអំពើហិង្សា៕
 
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា