អ៊ីរ៉ង់ប្រកាសបើកច្រកហ័រមូស ស្តារសេដ្ឋកិច្ចសកលវិញ បើ អាមេរិក ចាកចេញពីមជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ប្រកាសបើកច្រកហ័រមូស ស្តារសេដ្ឋកិច្ចសកលវិញ បើ អាមេរិក ចាកចេញពីមជ្ឈិមបូព៌ា

អ៊ីរ៉ង់ប្រកាសបើកច្រកហ័រមូស ស្តារសេដ្ឋកិច្ចសកលវិញ បើ អាមេរិក ចាកចេញពីមជ្ឈិមបូព៌ា

តេហេរ៉ង់ ៖ ច្រកសមុទ្រហ័រមូស នឹងត្រូវបានបើកឡើងវិញ ហើយសេដ្ឋកិច្ចសកលនឹងត្រូវបានស្តារឲ្យល្អប្រសើរ ប្រសិនបើសហរដ្ឋអាមេរិកព្រមចាកចេញពីតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យយោធាអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ។

លោក Mohammad Akraminia អ្នកនាំពាក្យយោធាអ៊ីរ៉ង់ បានបង្ហោះសារមួយ ទាក់ទងនឹងច្រកសមុទ្រហ័រមូស តាមរយៈគណនីរបស់លោក នៅលើបណ្តាញសង្គម X ថា «ការបើកច្រកសមុទ្រនេះ សម្រាប់ការធ្វើដំណើររបស់នាវា គឺអាស្រ័យលើសហរដ្ឋអាមេរិក» ដោយលោកបានបន្ថែមថា «ប្រសិនបើអាមេរិកចាកចេញពីតំបន់នេះ ច្រកសមុទ្រហ័រមូសនឹងត្រូវបានបើក, សន្តិសុខរួមនឹងត្រូវបានធានាដោយមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់ ហើយសេដ្ឋកិច្ចសកលនឹងមានភាពប្រសើរឡើង»។

អ្នកនាំពាក្យរូបនេះ បានអះអាងបន្ថែមថា ប្រសិនបើអាមេរិកមិនព្រមចាកចេញពីតំបន់នេះទេ នោះពួកគេនឹងបង្ខំឱ្យទីក្រុងវ៉ាស៊ីនតោនចាកចេញទាល់តែបានសម្រេច។

យ៉ាងណា លោក Mohammad Akraminia មិនបានបញ្ជាក់លម្អិតទេថា តើលោកកំពុងអំពាវនាវឱ្យមានការដកកងកម្លាំងយោធាដែលត្រូវបានបញ្ជូនទៅក្នុងអំឡុងពេលសង្គ្រាមបច្ចុប្បន្ននេះ, ដកកងកម្លាំងយោធាអាមេរិកទាំងអស់នៅក្នុងតំបន់នេះ, ឬក៏ដកបុគ្គលិករដ្ឋាភិបាលអាមេរិកទាំងផ្នែកយោធា និងមិនមែនយោធាចេញពីតំបន់នោះទេ។

បើតាម CBS NEWS, ទោះបីជាមានសេចក្តីរាយការណ៍គួរឱ្យជឿជាក់មួយចំនួន កាលពីដើមខែនេះថា ការនាំចេញប្រេងពីឈូងសមុទ្រពែរ្ស បានកើនឡើងវិញ ស្ទើរតែដល់កម្រិតមុនពេលមានសង្គ្រាមក៏ដោយ ក៏អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តផ្តល់ព័ត៌មានផ្ទុយគ្នា។

រដ្ឋបាលរបស់លោក ត្រាំ អះអាងថា ច្រកសមុទ្រហ័រមូស នៅតែបើកដំណើរការ ប៉ុន្តែទីក្រុងតេហេរ៉ង់វិញ អះអាងថា ច្រកនេះត្រូវបានបិទមិនឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរអ៊ីរ៉ង់ប៉ុណ្ណោះ។

ក្រុមហ៊ុនក្រិកមួយឈ្មោះ Marisks ដែលជំនាញផ្នែកវាយតម្លៃហានិភ័យដែនសមុទ្រ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា នាវាទាំងឡាយនៅតែប្រឈមមុខនឹង «ការវាយប្រហារដោយមិនរើសមុខ» ទោះបីជាពួកគេបិទប្រព័ន្ធតាមដានទីតាំងក៏ដោយ ខណៈដែលនាវាគ្រឿងជាច្រើនបានបិទប្រព័ន្ធតាមដានទីតាំងបែបនេះ ដើម្បីគេចពីការរកឃើញ៕

ប្រភព ៖ CBS NEWS ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា