កាសែតអាមេរិក ៖ លោក ត្រាំ និងលោក ហ្សេឡេនស្គី កំពុងឈានដល់ផ្លូវបំបែក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាសែតអាមេរិក ៖ លោក ត្រាំ និងលោក ហ្សេឡេនស្គី កំពុងឈានដល់ផ្លូវបំបែក

កាសែតអាមេរិក ៖ លោក ត្រាំ និងលោក ហ្សេឡេនស្គី កំពុងឈានដល់ផ្លូវបំបែក

កៀវ, វ៉ាស៊ីនតោន ៖ យោងតាមកាសែតអាមេរិក The New York Times បានបង្ហាញថា ទំនាក់ទំនងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និង លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន កំពុងឈានដល់ផ្លូវបំបែក។ នេះបើតាមការចេញផ្សាយរបស់ Tass នៅថ្ងៃសៅរ៍នេះ។

បើតាមប្រភព, មេដឹកនាំអាមេរិកាំងរូបនេះ មិនបានលាក់បាំងពីការមិនពេញចិត្តយ៉ាងខ្លាំង របស់លោកចំពោះលោក Zelensky នោះទេ ប៉ុន្តែ ទោះបីជាលោក Zelensky នៅតែអាចរក្សាបាននូវការគាំទ្រមួយចំនួនពីសហរដ្ឋអាមេរិកក៏ដោយ ក៏ពេលនេះ ការបែកបាក់ហាក់ដូចជាកំពុងកើតឡើងពិតប្រាកដ។

កាសែតនេះយល់ឃើញថា នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិសម្រាប់សភាសហរដ្ឋអាមេរិក, ទំនាក់ទំនងរវាងលោក Trump និងលោក Zelensky ហាក់ដូចជា «ឈានដល់ចំណុចដែលជិតនឹងដាច់ដោចហើយ»។

យោងតាមកាសែតនេះ, ស្ថានការណ៍ដ៏អាក្រក់បំផុតសម្រាប់អ៊ុយក្រែន គឺការដែលទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តបញ្ឈប់រាល់ជំនួយយោធាទាំងអស់។ គេបានកត់សម្គាល់ឃើញថា ទីក្រុងកៀវ ពឹងផ្អែកលើប្រព័ន្ធទំនាក់ទំនងផ្កាយរណប និង ព័ត៌មានចារកម្មដែលផ្តល់ដោយសហរដ្ឋអាមេរិក។

យោងតាមកាសែត The Wall Street Journal, ទំនាក់ទំនងរវាងលោក Trump និងលោក Zelensky បានចាប់ផ្តើមធ្លាក់ចុះ បន្ទាប់ពីកិច្ចប្រជុំមួយ នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញា ដែលក្នុងពេលនោះ មេដឹកនាំអាមេរិកាំងរូបនេះ បានទាមទារឱ្យមានការពន្យល់ទាក់ទងនឹងការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។

ចាប់តាំងពីកិច្ចប្រជុំនោះមក, ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យទីក្រុងកៀវបញ្ឈប់ការវាយប្រហារទាំងនោះចំនួន ៦ លើក ហើយឥរិយាបថរបស់លោក Trump ចំពោះលោក Zelensky ក៏កាន់តែអាក្រក់ទៅៗ។

នៅថ្ងៃទី១០ ខែតុលា ខណៈពេលដែលលោក Zelensky បានរិះគន់កិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការផ្គត់ផ្គង់ប្រេងម៉ាស៊ូតរបស់រុស្ស៊ីនោះ, លោក Trump បាននិយាយថា អ៊ុយក្រែនចាំបាច់ត្រូវរៀបចំការបោះឆ្នោត។

លោក Trump ក៏បានសម្តែងជំនឿថា លោក Zelensky អាចបញ្ចប់ជម្លោះជាមួយរុស្ស៊ីបានជាច្រើនដងរួចមកហើយ ប៉ុន្តែ លោក Zelensky ជ្រើសរើសមិនធ្វើដូច្នេះ។ លោក Zelensky បានបដិសេធមិនរៀបចំការបោះឆ្នោត ហើយបានកត់សម្គាល់ថា ទីក្រុងកៀវកំពុងបាត់បង់ដៃគូដ៏សំខាន់មួយ នៅទីក្រុងវ៉ាស៊ីនតោន។

យោងតាមកាសែត The Wall Street Journal ដដែល, សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាមេរិកាំងរូបនេះ បង្ហាញថា ទំនាក់ទំនងជាមួយលោក Zelensky បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីរដូវរងា ឆ្នាំមុនមក៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា