ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យជំងឺទូទៅ សុខភាពភ្នែក និងចែកវ៉ែនតា ជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាភ្នំពេញថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យជំងឺទូទៅ សុខភាពភ្នែក និងចែកវ៉ែនតា ជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាភ្នំពេញថ្មី

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យជំងឺទូទៅ សុខភាពភ្នែក និងចែកវ៉ែនតា ជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាភ្នំពេញថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦  ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យជំងឺទូទៅ សុខភាពភ្នែក និងចែកវ៉ែនតា ជូនប្រជាពលរដ្ឋ ដែលរៀបចំឡើងនៅសាលាបឋមសិក្សាភ្នំពេញថ្មី ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការចូលរួម ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ សហការពី មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន ព្រះកុសមៈ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យជាតិតេជោសន្តិភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងរដ្ឋបាលខណ្ឌសែនសុខ ព្រមទាំងមូលនិធិ Fred Hollows ដែលបង្ហាញពីការចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
 
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «ការនាំសេវាសុខាភិបាលទៅជិតប្រជាពលរដ្ឋ គឺជាការប្រែក្លាយគោលនយោបាយទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ»។ ការជួយឱ្យមនុស្សម្នាក់មើលឃើញវិញ គឺជាការផ្តល់ឱកាសថ្មីដល់ជីវិតរបស់គាត់។ យើងមិនវាស់សមិទ្ធផលត្រឹមចំនួនអ្នកបានពិនិត្យទេ ប៉ុន្តែវាស់តាមគុណភាពសេវា និងការផ្លាស់ប្តូរជីវិតប្រជាពលរដ្ឋ។ សុខាភិបាលល្អ មិនមែនរង់ចាំតែអ្នកជំងឺមករកយើងទេ ប៉ុន្តែត្រូវខិតខំទៅរកអ្នកដែលត្រូវការសេវា។ ការបង្ការជំងឺ និងការរកឃើញទាន់ពេល គឺជាការវិនិយោគលើសុខភាព គ្រួសារ និងអនាគតប្រទេសជាតិ»។
 
ការចុះពិនិត្យសុខភាពនាពេលនេះ ក្រោមការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាពប្រជាពលរដ្ឋ។  
 
ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់សុខភាពទូទៅ និងសុខភាពភ្នែកទទួលបានលទ្ធផលល្អប្រសើរ ដោយ៖ ១) ត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាពទូទៅ និងសុខភាពភ្នែក ជាពិសេសអ្នកមានទឹកនោមផ្អែម និងលើសសម្ពាធឈាម។ ២) ត្រូវថែរក្សាសុខភាពទូទៅ តាមរយៈការរស់នៅប្រកបដោយអនាម័យ របបអាហារមានតុល្យភាព ហាត់ប្រាណឱ្យបានទៀងទាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់។ ៣) ការពារភ្នែកពីឧបករណ៍ឌីជីថល ត្រូវប្រើប្រាស់ឧបករណ៍ឌីជីថល ដោយប្រុងប្រយ័ត្ន ដោយអនុវត្តវិធីសាស្ត្រ ២០-២០-២០ (រៀងរាល់ ២០នាទី ងាកមើលវត្ថុចម្ងាយ ២០ហ្វីត រយៈពេល ២០វិនាទី) ដើម្បីការពារកុំឱ្យភ្នែកនឿយហត់។ ត្រូវប្រើប្រាស់ និងថែរក្សាវ៉ែនតាឱ្យបានត្រឹមត្រូវ និងទទួលការពិនិត្យតាមដានបន្ត ប្រសិនបើមានការប្រែប្រួលគំហើញ។
 
សូមជម្រាបជូនថា ចំនួនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យជំងឺទូទៅ និងសុខភាពភ្នែក សរុបប្រមាណ ចំនួន ៩ពាន់ករណី។

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា