ទស្សនកិច្ចមួយសប្តាហ៍នៅប្រទេសចំនួន៣៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកនូវផ្លែផ្កាការទូត សេដ្ឋកិច្ច និងឌីជីថលយ៉ាង​ធំធេងជូនជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទស្សនកិច្ចមួយសប្តាហ៍នៅប្រទេសចំនួន៣៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកនូវផ្លែផ្កាការទូត សេដ្ឋកិច្ច និងឌីជីថលយ៉ាង​ធំធេងជូនជាតិ

ទស្សនកិច្ចមួយសប្តាហ៍នៅប្រទេសចំនួន៣៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកនូវផ្លែផ្កាការទូត សេដ្ឋកិច្ច និងឌីជីថលយ៉ាង​ធំធេងជូនជាតិ

ភ្នំពេញ៖នាព្រលឹមស្រាងៗ ថ្ងៃអាទិត្យ ទី១៨ ខែតុលានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាព ជាមួយនឹងស្នាមញញឹម និងផ្លែផ្កា យុទ្ធសាស្ត្រយ៉ាងធំធេង បន្ទាប់ពីបានបញ្ចប់បេសកកម្មការទូតយ៉ាងមមាញឹករយៈពេល ១សប្តាហ៍ នៅក្នុងប្រទេសចំនួន៣ គឺ អាស៊ែបៃហ្សង់, តួកគីយ៉េ និងកាហ្សាក់ស្ថាន។

ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត រួមមាន ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល CICA នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសពីសំណាក់ឯកឧត្តម អ៊ីលហាំ អាលីយ៉េវ ប្រធានាធិបតីអាស៊ែបៃហ្សង់។ សម្តេចបវរធិបតី ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភា, ឯកឧត្តម អាលី អាសាដូវ នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់ និងឯកឧត្តម Zakir Hasanov រដ្ឋមន្ត្រីការពារជាតិ​អាស៊ែបៃហ្សង់ ។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ែបៃហ្សង់ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាជាច្រើនគ្រប់ដណ្តប់ទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងការពារជាតិជាដើម។ ជាសក្ខីភាពនៃការប្តេជ្ញាលើការពង្រឹងទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការលើវិស័យដែលបានលើកឡើងនោះ កម្ពុជា និងអាស៊ែរបៃហ្សង់ បានផ្លាស់ប្តូរឯកសារកិច្ចព្រមព្រៀងចំនួន៣ ដែលបានចុះហត្ថលេខាជាមួយគ្នា។ ឯកសារកិច្ចព្រមព្រៀងទាំង៣នោះរួមមាន៖ ១-អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ច​សហ​ប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋ កិច្ច រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់។ ២-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការ ទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា និងសាកលវិទ្យាល័យ ADA ដែលចំណុះឱ្យក្រសួងការបរទេសអាស៊ែបៃ ហ្សង់ ។ ៣-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាស៊ែបៃហ្សង់ ស្តីពីការលុប បំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះ ពន្ធ និងការចៀសវាងពន្ធ ។

បន្ថែមពីលើនេះ សម្តេចបវរធិបតី ក៏បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់ ដែលរៀបចំឡើង ដើម្បីជំរុញការធ្វើ​ធុរកិច្ចរវាង​ប្រទេសទាំងពីរ។ វេទិកានេះ មាន ការចូលរួមពីតំណាងក្រុមហ៊ុនអាស៊ែបៃហ្សង់ប្រមាណជា៨០ ។ សម្តេចធិបតី បានលើកបង្ហាញ​ពីបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា គោលនយោបាយរគាំពារការវិនិយោគ កម្លាំង ពលកម្មវ័យក្មេង ភូមិសាស្ត្រអំណោយផល។ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នក វិនិយោគអាស៊ែបៃហ្សង់ ចូលមកកម្ពុជាឈ្វេងយល់ និងចាប់យកសក្តានុពលនៃការ​វិនិយោគនៅកម្ពុជា ។

នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ក្រៅពីការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការហើយនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ហៅកាត់ថា CICA។ ថ្លែងក្នុងកិច្ចប្រជុំកំពូលនៃវេទិកាតំបន់ដ៏សំខាន់មួយនេះ សម្តេចធិបតី បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការប្រកាន់ខ្ជាប់ និងដោយស្មើភាពនូវគោលការណ៍នានាដែលមានចែងក្នុងសេចក្តីប្រកាសទីក្រុងបាគូ រួមមាន ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ សមភាពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី។

សម្ដេចបវរធិបតី ក៏បានលើកឡើងអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់ថា ជម្លោះនេះ គួរត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី និងការសន្ទនា ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបានបញ្ជាក់ថា ព្រំដែន និងអធិបតេយ្យ មិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬការបង្កើតស្ថានភាពថ្មីនោះឡើយ ។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីអាទិភាពសំខាន់ៗរបស់កម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ CICA រួមមាន ការជំរុញការប្រែក្លាយ CICA ទៅជាអង្គការអន្តរជាតិពេញលេញ ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់សន្តិសុខថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាព ការជំរុញការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការលើកកម្ពស់ភាពធន់ និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធើណិត ព្រមទាំងការពង្រឹងភាពបំពេញបន្ថែមរវាង CICA និងអង្គការសហប្រជាជាតិ ព្រមទាំងអង្គការតំបន់ និងអន្តរជាតិដទៃទៀត ។

នៅអាស៊ែបៃហ្សង់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម សាឌៀរ ហ្សាប៉ារូវ ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន, ឯកឧត្តម ស្សាវខាត មីស្ស៊ីយូវយេវ ប្រធានាធិបតីអ៊ូសបេគីស្ថាន និងឯកឧត្តម អ៊ីសាក់ ហឺហ្សូក ប្រធានាធិបតីអ៊ីស្រាអែល ។

ជំនួបជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យ​ពាណិជ្ជកម្ម និងវិនិយោគ ទំនាក់ទំណងក្នុងវិស័យឯកជន ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ជំនួបជាមួយប្រធានាធិបតីអ៊ូសបេគីស្ថាន ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈ លើការ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការអប់រំ ការ ផ្លាស់ ប្តូរវប្បធម៌ និងការតភ្ជាប់ប្រជាជន និងប្រជាជន។ ជំនួបជាមួយប្រធានាធិបតីអ៊ីស្រាអែល ភាគីទាំងពីរ បានសម្តែងការស្វាគមន៍ចំពោះចំណង​មិត្តភាពដ៏យូរលង់ និងបានបង្ហាញក្តីពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈ ពេល៦០ឆ្នាំកន្លងមក។ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ និងការងារ ព្រមទាំងបង្កើនការប្រើប្រាស់យន្តការពិគ្រោះយោបល់ទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ។

ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល CICA នៅអាស៊ែបៃហ្សង់ សម្តេចបវរធិបតី ក៏បានឆ្លៀតជួបប្រាស្រ័យទាក់ទងក្រៅផ្លូវការជាមួយអនុ​ប្រធានរដ្ឋវៀតណាម រដ្ឋមន្ត្រីការបរទេសរបស់ចិន និងរុស្ស៊ី ។

ពាក់ព័ន្ធដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីយ៉េ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើម​ដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។ សម្តេចបវរធិបតី ត្រូវបានទទួលស្វាគមន៍ និងប្រកបដោយដោយភាព​កក់ក្តៅ​ពីសំណាក់ឯកឧត្តម អ៊ែរដូហ្គាន់ ប្រធានាធិបតីតួកគីយ៉េ។ ក្នុងជំនួបនេះ មេដឹកនាំទាំងពីរ បានកត់សម្គាល់ពីការវិវត្តន៍រីក​ចម្រើនដ៏ល្អប្រសើរនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសតួកគីយ៉េកាលពីឆ្នាំ២០១៨។ ឯកឧត្តមប្រធានាធិបតី បានចាត់ទុកកម្ពុជា គឺជាដៃគូដ៏សំខាន់មួយនៅអាស៊ីអាគ្នេយ៍។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីពាណិជ្ជកម្ម ការវិនិយោគ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ថាមពល ការអប់រំ និងវប្បធម៌ ជាពិសេស ការបន្តជំរុញការធ្វើពាណិជ្ជ កម្មជាមួយគ្នាឱ្យបាន ១ពាន់លានដុល្លារអាមេរិក។

សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារ សហប្រតិបត្តិការ និងសម្របសម្រួលតួកគីយ៉េ (TIKA) ដោយសង្ឃឹមថា TIKA នឹងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍ ធនធានមនុស្ស និងការលើកកម្ពស់ជំនាញនៅកម្ពុជាបន្ថែមទៀត។ ចំពោះការតភ្ជាប់រវាងប្រជាជន និងប្រជាជន មេដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាថា ការពង្រឹងទំនាក់ទំនងរ វាងប្រជាជននៃប្រទេសទាំងពីរ គឺជាកត្តាចាំបាច់ក្នុង​ការកសាងចំណងមិត្តភាពដ៏រឹងមាំ យូរអង្វែង និងប្រកបដោយអត្ថន័យ ។ សម្តេច ស្វាគមន៍មិត្តតួកគីយ៉េទាំងអស់ មកឈ្វេងយល់ពី​បេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា។ ជាពិសេសបច្ចុប្បន្នប្រទេសទាំងពីរ បានបើកដំណើរការជើងហោះហើរត្រង់​រវាងទីក្រុងអ៊ីស្តង់ប៊ុល និងរាជធានីភ្នំពេញ។មេដឹកនាំទាំងពីរ ក៏បានជជែកទៅដល់បញ្ហាតំបន់ និងពិភពលោក ។

ពាក់ព័ន្ធជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ឯកឧត្តមប្រធានាធិបតីតួកគីយ៉េ បានអំពាវនាវឱ្យដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកទៅលើច្បាប់អន្តរជាតិ។ ឯកឧត្តមប្រធានាធិបតី ប្រកាសបន្តជួយដល់ពលរដ្ឋរងផល ប៉ះ ពាល់ពីបញ្ហាជម្លោះនេះ។ មេដឹកនាំទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃ ពហុភាគីនិយម និងភាពចាំបាច់ក្នុង ការ បន្តធ្វើការរួមគ្នា តាមរយៈអង្គការសហប្រជាជាតិអាស៊ាន យន្តការតំបន់ និងអន្តរជាតិផ្សេងទៀត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការគោរព ច្បាប់អន្តរជាតិ និងគោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ។ មេដឹកនាំទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារ កិច្ច ព្រម ព្រៀងក្នុងក្របខ័ណ្ឌយោធារវាងគ្នា ។

នៅតួកគីយ៉េ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-តួកគីយ៉េ។ ក្នុងវេទិកាធុរកិច្ចនេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពី កំណើន ពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីយ៉េ ដែលមានទំហំដល់ប្រមាណ ៤០០លានដុល្លារ អាម៉េរិក នៅឆ្នាំ២០២៥ កើន ១៨ភាគរយធៀបនឹងឆ្នាំ២០២៤។ ។ សម្តេច បានគូសរំលេចពីសក្តានុពលដ៏ធំធេងក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ការសម្របសម្រួលការវិនិយោគ និងការពង្រឹងភាពជាដៃគូរវាងវិស័យឯកជន នៃប្រទេសទាំងពីរ។ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុង​ការសហការជាមួយធុរជន តួកគីយ៉េ ដោយកម្ពុជា អាចដើរតួនាទីជាមូលដ្ឋានផលិតកម្ម ដែលមានសមត្ថភាពប្រកួតប្រជែង និងជាច្រកទ្វារ​យុទ្ធសាស្ត្រទៅកាន់ទីផ្សារអាស៊ាន ទីផ្សារក្រោមក្របខណ្ឌ RCEP និងទីផ្សារ អាស៊ីដ៏ ធូលំទូលាយ ។

ដោយឡែកសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ ដោយទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយស​ពីសំណាក់​ឯកឧត្តម កាស៊ីម-យូម៉ាត តូកាយ៉េវ ប្រធានាធិបតីកាហ្សាក់ស្ថាន។ សម្តេចបវរធិបតី ក៏បានជួបប្រជុំទ្វេភាគីជាមួយ​នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន ឯកឧត្តម Olzhas Bektenov ។

ឯកឧត្តម តូកាយ៉េវ បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ា ណែត នឹងផ្តល់ថាមពលបន្ថែមដល់ទំនាក់ទំនងទ្វេភាគី និងបើកទូលាយនូវទស្សន វិស័យ ថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ឯកឧត្តម បានចាត់ទុកដំណើរ ទស្សនកិច្ចនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយសង្កត់ធ្ងន់ថា មិនធ្លាប់មាននាយករដ្ឋមន្ត្រីកម្ពុជា ណាម្នាក់ធ្លាប់ទៅបំពេញទស្សនកិច្ចនៅកាហ្សាក់ស្ថានពីមុនមកនោះទេ ។ ឯកឧត្តមប្រធានាធិបតីកាហ្សាក់ស្ថាន ក៏បានគូសបញ្ជាក់ពីទំនាក់ទំនង ផ្ទាល់រវាងក្រុមគ្រួសាររបស់សម្តេច និងកាហ្សាក់ស្ថាន ដោយរំឮកថា សម្ដេចតេជោ ហ៊ុន សែន បានបំពេញទស្សន កិច្ចទៅកាន់កាហ្សាក់ស្ថានកាលពីឆ្នាំ១៩៨២ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសកម្ពុជា នៅពេលនោះ ។

ក្នុងជំនួបនេះ មេដឹកនាំទាំងពីរ បានពិភាក្សាអំពីបញ្ហាទ្វេភាគីជាច្រើន។ ក្នុងនោះ ឯកឧត្តម ប្រធានាធិបតីកាហ្សាក់ស្ថាន ថា ពលរដ្ឋកាហ្សាក់ស្ថាន មានអាកប្បកិរិយាល្អចំពោះកម្ពុជា ហើយពលរដ្ឋកាហ្សាក់ស្ថានជាច្រើន ចង់ទៅទស្សនាប្រទេសកម្ពុជា និងមើលឃើញភាពទាក់ទាញរបស់កម្ពុជា ដោយឯកឧត្តម ក៏បានស្នើឱ្យមានការពិភាក្សាអំពីការបង្កើតជើងហោះហើរត្រង់រវាង ប្រទេសទាំងពីរ និងការពង្រីកការផ្លាស់ប្តូរផ្នែកកិច្ចការមនុស្សធម៌ ។ ឯកឧត្តមប្រធានាធិបតី បានគូសរំលេចថា ធនធានធម្មជាតិដ៏សំខាន់របស់កាហ្សាក់ស្ថាន និង កម្ពុជា ជាវិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកថាមពល ឱ្យកាន់តែស៊ីជម្រៅ។ សម្តេចធិបតីក៏បានលើកឡើងដែរថា ក្រសួងនានារបស់កម្ពុជា ចាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយកាហ្សាក់ស្ថាន លើរដ្ឋា ភិបាលអេឡិចត្រូនិក ដែលហៅភាសាអង់គ្លេស ថា E-government ជាមួយការកត់សម្គាល់ពីជំនាញដ៏ទូលំទូលាយ និងការអភិវឌ្ឍន៍ជឿនលឿនរបស់កម្ពុជាក្នុងវិស័យនេះ ។

ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចបវរធិបតី បានឈានដល់ការផ្លាស់ប្តូរឯកសារអនុស្សារណៈយោគយល់គ្នាចំនួន៧រួមមាន៖ ១៖ សេចក្តីថ្លែងការណ៍រួម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន។ ២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថលកាហ្សាក់ស្ថាន និងរវាងក្រុមហ៊ុនភាគហ៊ុនរួម «បច្ចេកវិទ្យាព័ត៌មានជាតិ» ស្តីពីកិច្ច សហប្រតិបត្តិការក្នុងវិស័យរដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ ៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍន៍ឌីជីថល នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ ៤៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង សេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលកាហ្សាក់ស្ថាន។ ៥៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា- កា ហ្សាក់ ស្ថាន រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ និងកីឡាកាហ្សាក់ ស្ថាន។ ៦៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ និងព័ត៌មានកាហ្សាក់ស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌និងវិចិត្រសិល្បៈ។ ៧៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងរដ្ឋធានីអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។

ក្នុងដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតទទួលជួបប្រធានក្រុមហ៊ុនរបស់កាហ្សាក់ស្ថានចំនួនពីររួមមាន៖ ១៖ ក្រុមហ៊ុន Daubay Production ដែលជាក្រុមហ៊ុនផលិតភាព យន្តមួយដែលមានមូលដ្ឋាននៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើការ ផលិតភាពយន្តខ្នាតវែង កម្មវិធីសោតទស្សន៍ និងមាតិកាឌីជីថល។ ២៖ ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយ ដែលមានមូលដ្ឋាននៅប្រទេសកាហ្សាក់ស្ថាន ដោយផ្តោតលើសេវាកម្មធ្វើដំណើរ ការផ្សព្វផ្សាយគោល ដៅទេសចរណ៍ និងការសហការជាមួយប្រតិបត្តិករទេសចរណ៍អន្តរជាតិ ព្រមទាំងដៃគូក្នុងវិស័យទេសចរណ៍។

ចុងបញ្ចប់នៃដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន សម្តេចបវរធិបតី និងលោក ជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ អញ្ជើញទស្សនាមជ្ឈមណ្ឌលហិរញ្ញវត្ថុ Astana International Financial Center (AIFC), មជ្ឈមណ្ឌលបញ្ញាសិប្បនិម្មិត Alem AI Center និងទស្សនាព្រះវិហារឥស្លាម ណូស៊ុលតង់ (Nursultan Mosque) ៕
ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា