អាមេរិក ប្រាប់ អ៊ីស្រាអែល ឲ្យបញ្ឈប់អំពើហិង្សា ក្នុងតំបន់ប៉ាឡេស្ទីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ប្រាប់ អ៊ីស្រាអែល ឲ្យបញ្ឈប់អំពើហិង្សា ក្នុងតំបន់ប៉ាឡេស្ទីន

អាមេរិក ប្រាប់ អ៊ីស្រាអែល ឲ្យបញ្ឈប់អំពើហិង្សា ក្នុងតំបន់ប៉ាឡេស្ទីន

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែង កាលពីថ្ងៃសៅរ៍ថា ទីក្រុងវ៉ាស៊ីនតោនចង់ឃើញទីក្រុងហ្ស៊េរុយសាឡិម ចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការវាយប្រហារនានាដែលប្រព្រឹត្តឡើងដោយក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល ក្នុងតំបន់ប៉ាឡេស្ទីន West Bank។

ប្រមុខការទូតអាមេរិករូបនេះ បាននិយាយ កាលពីថ្ងៃទី១៧ ខែតុលា ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរូបភាពទាំងនោះ និងអ្វីដែលយើងកំពុងឃើញ។ យើងបានស្នើទៅកាន់ភាគីអ៊ីស្រាអែល ហើយនឹងបន្តស្នើឱ្យពួកគេចាត់វិធានការតឹងរ៉ឹងលើបញ្ហានេះ»។

បើតាម straitstimes, ការលើកឡើងរបស់លោកបែបនេះ បានធ្វើឡើងបន្ទាប់ពីមានការចែកចាយយ៉ាងទូលំទូលាយនូវវីដេអូមួយ ដែលបង្ហាញពីបុគ្គលមួយក្រុមបានវាយប្រហារលើអ្នកស្រី Heidi Levine ដែលជាអ្នកថតរូបសារព័ត៌មានជនជាតិអាមេរិក ធ្វើការឱ្យកាសែត Washington Post។

អ្នកស្រី Levine គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សយ៉ាងហោចណាស់ ២ នាក់ ដែលបានរងរបួសនៅក្នុងហេតុការណ៍ កាលពីថ្ងៃទី ១៦ ខែតុលា ដែលកើតឡើងនៅពេលដែលក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលបានវាយប្រហារលើជនស៊ីវិលប៉ាឡេស្ទីន។

រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកបានឱ្យដឹងថា ក្រុមអ្នកការទូតអឺរ៉ុប និងអភិបាលក្រុងម្នាក់របស់បារាំង ក៏ត្រូវបានគេវាយប្រហារផងដែរនៅក្នុងតំបន់ West Bank ដែលកំពុងស្ថិតក្រោមការកាន់កាប់។

លោក Marco Rubio បានបញ្ជាក់ថា ក្រសួងការបរទេសអាមេរិកបានសាកសួរព័ត៌មានអំពីហេតុការណ៍នេះ រួមទាំងករណីវាយប្រហារលើអ្នកស្រី Levine ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេលឡើងយន្តហោះទៅកាន់ប្រទេសអ៊ូសបេគីស្ថាន ឲ្យដឹងថា លោករំពឹងទទួលបានព័ត៌មានឆ្លើយតបពីស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហ្ស៊េរុយសាឡិម នៅត្រឹមថ្ងៃទី ១៨ ខែតុលា។

យោងតាមអង្គការ Yesh Din ដែលជាក្រុមតាមដានសកម្មភាពតាំងលំនៅរបស់អ៊ីស្រាអែល បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ២៧ ខែកញ្ញា ដែលជាពេលវេលាជិតចាប់ផ្តើមរដូវប្រមូលផលផ្លែអូលីវប្រចាំឆ្នាំមក ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលនៅតំបន់ West Bank បានពាក់ព័ន្ធនឹងការវាយប្រហារលើជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៧០ លើក៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

Kien Sereyvuth

IT Technical Support

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា