លោក ត្រាំ ប្រកាសគាំទ្រលោក ណេតាន់យ៉ាហ៊ូ ឲ្យជាប់ឆ្នោត ដោយលើកពីគុណសម្បតិ្តធ្វើសង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសគាំទ្រលោក ណេតាន់យ៉ាហ៊ូ ឲ្យជាប់ឆ្នោត ដោយលើកពីគុណសម្បតិ្តធ្វើសង្គ្រាម

លោក ត្រាំ ប្រកាសគាំទ្រលោក ណេតាន់យ៉ាហ៊ូ ឲ្យជាប់ឆ្នោត ដោយលើកពីគុណសម្បតិ្តធ្វើសង្គ្រាម

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានប្រកាសគាំទ្រសម្ព័ន្ធមិត្តរបស់លោក គឺ លោក Benjamin Netanyahu ឲ្យឈ្នះការបោះឆ្នោត នៅក្នុងប្រទេសអ៊ីស្រាអែល នាសប្តាហ៍ក្រោយ ដោយបានលើកឡើងពីគុណសម្បតិ្តធ្វើសង្គ្រាម របស់នាយករដ្ឋមន្ត្រីរូបនេះ។

នៅលើបណ្តាញសង្គម Truth Social, លោក ត្រាំ បានកោតសរសើរលោក ណេតាន់យ៉ាហ៊ូ ថា ជា «នាយករដ្ឋមន្ត្រីដ៏អង់អាចក្លាហាន» និងជាដៃគូដើម្បីសន្តិភាព ដោយបានលើកឡើងពីតួនាទីរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីខែកុម្ភៈ។

លោក ត្រាំ រៀបរាប់ថា «លោក Bibi Netanyahu បានបង្ហាញភាពរឹងមាំ ក្លាហាន និងឆ្លាតវៃ ទោះបីជាត្រូវប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លា រួមទាំងការប្រឆាំងពីខាងក្នុងប្រទេសអ៊ីស្រាអែលផ្ទាល់ក៏ដោយ»។

នៅក្នុងសារដែលលោកហៅថា ផ្ញើជូនប្រជាជនអ៊ីស្រាអែលដ៏អស្ចារ្យ, លោក ត្រាំ បានបន្ថែមថា «សូមឱ្យលិខិតនេះ បញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្ញុំចំពោះលោក ប៊ីប៊ី ណេតាន់យ៉ាហ៊ូ ក្នុងការប្រកួតប្រជែងដើម្បីជាប់ឆ្នោតឡើងវិញជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល»។

បើតាម CNA, ការប្រកាសគាំទ្រពីសំណាក់លោក ត្រាំ នេះ មិនប្រាកដថា នឹងជួយបង្កើនប្រជាប្រិយភាពដល់លោក ណេតាន់យ៉ាហ៊ូ និងគណបក្សស្តាំនិយម Likud របស់លោក នៅក្នុងការបោះឆ្នោតជាតិ ថ្ងៃទី ២៧ ខែតុលា នោះទេ ដោយសារការគាំទ្ររបស់សាធារណជនអ៊ីស្រាអែលចំពោះលោក ត្រាំ បានថយចុះ បន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបញ្ហាប្រទេសអ៊ីរ៉ង់។

លទ្ធផលស្ទង់មតិបានបង្ហាញថា មិនទាន់មានបេក្ខជនណាម្នាក់ដែលមានឱកាសច្បាស់លាស់ក្នុងការដណ្តើមអំណាចនោះទេ។

ជាទូទៅ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ត្រូវបានជ្រើសរើស តាមរយៈការបង្កើតរដ្ឋាភិបាលចម្រុះនៅក្នុងសភា ជាជាងការបោះឆ្នោតជ្រើសរើសដោយផ្ទាល់ពីប្រជាពលរដ្ឋ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា