វៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអឺរ៉ុប ៤ ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអឺរ៉ុប ៤ ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប

វៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសអឺរ៉ុប ៤ ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប

ហាណូយ ៖ វៀតណាម និងប្រទេសអឺរ៉ុបចំនួន៤ ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅទីក្រុងហាណូយ កាលពីថ្ងៃអាទិត្យ ដោយមានគោលបំណងពង្រីកទីផ្សាររបស់ខ្លួនឱ្យកាន់តែសម្បូរបែប ខណៈដែលការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកកំពុងបង្កការរំខានដល់ពាណិជ្ជកម្មសកល។
 
កិច្ចព្រមព្រៀងរវាងវៀតណាម និង សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ហៅកាត់ EFTA ដែលរួមមានប្រទេសអ៊ីស្លង់, លីចតិនស្តាញ, ន័រវែស និងស្វីស នឹងលុបបំបាត់ ឬកាត់បន្ថយពន្ធគយ រួមទាំងពន្ធលើការនាំចូលផលិតផលឧស្សាហកម្ម ផលិតផលជលផល និងផលិតផលកសិកម្ម។
 
សមាគម EFTA ត្រូវបានបង្កើតឡើងក្នុងនាមជាដៃគូប្រៀបធៀបនឹងសហគមន៍សេដ្ឋកិច្ចអឺរ៉ុប ឬ European Economic Community​ ដែលជាស្ថាប័នមុននឹងក្លាយទៅជាសហភាពអឺរ៉ុប។ ប្រទេសសមាជិកទាំងបួនរបស់ EFTA មានទំនាក់ទំនងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ប៉ុន្តែ ពួកគេមិនបានចូលជាសមាជិកនៃសហភាពនេះទេ។
 
យោងតាមសមាគមនេះ, ពាណិជ្ជកម្មទ្វេភាគីរវាង EFTA និងវៀតណាមកាលពីឆ្នាំមុន មានតម្លៃ ៤,៨ ពាន់លានអឺរ៉ូ ឬ ៥,៤ ពាន់លានដុល្លារអាមេរិក​។
 
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាមបានលើកឡើងថា ​កិច្ចព្រមព្រៀង​នេះ នឹងជួយឱ្យវៀតណាម ​ពង្រីកទីផ្សារនាំចូល និងនាំចេញរបស់ខ្លួនឱ្យកាន់តែសម្បូរបែប​ និង ​ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់តម្លៃសកល​ ផងដែរ។
 
កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ​Donald Trump​ បានដាក់ចេញនូវវិធានការដំឡើងពន្ធជាបន្តបន្ទាប់ ដែលបានបង្កការរំខានដល់ពាណិជ្ជកម្មសកល និងធ្វើឱ្យវៀតណាមត្រូវប្រឈមនឹងការបង់ពន្ធខ្ពស់លើទំនិញនាំចេញទៅកាន់សហរដ្ឋអាមេរិក ខណៈដែលការចរចារវាងវៀតណាម និងទីក្រុងវ៉ាស៊ីនតោននៅតែបន្ត៕
 
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា