កម្ពុជា-ថៃ ឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅឡាអេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ថៃ ឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅឡាអេ

កម្ពុជា-ថៃ ឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅឡាអេ


កម្ពុជា និងថៃ បានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តទៅវិញទៅមក ក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នៅទីក្រុងឡាអេ ដើម្បីសម្រួលឱ្យមានដំណោះស្រាយដែនទឹកនៃប្រទេសទាំងពីរ។
 
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសនៅយប់ថ្ងៃទី ១៨ តុលាថា ក្នុងជំនួបកិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សានៅទីក្រុងឡាអេ ប្រទេសកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើវិធានការកសាងទំនុកចិត្ត ដើម្បីបង្កើនភាពជឿជាក់ និងសម្រួលដល់ការស្វែងរកដំណោះស្រាយដោយសមហេតុផល និងមិត្តភាពស្របតាមច្បាប់អន្តរជាតិ។
 
គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តភាគីទាំងពីរ ឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយក្នុងនោះភាគីទាំងពីរមានសិទ្ធិធ្វើសេចក្តីថ្លែងការណ៍ការពារសិទ្ធិស្របច្បាប់ ឬកែតម្រូវព័ត៌មានមិនពិត និងបំភាន់នានា។
 
យោងតាមក្រសួងការបរទេសកម្ពុជា គណៈកម្មការនេះបានកត់សម្គាល់ថា កិច្ចព្រមព្រៀងចាស់ៗរវាងប្រទេសទាំងពីរមិនទាន់បានអនុវត្តពេញលេញនៅឡើយ ដោយបានតម្រង់ទិសឱ្យបន្តអនុវត្តដើម្បីបង្កើតបរិយាកាសល្អសម្រាប់ការចរចាស្ថាបនា។
 
ប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ កិច្ចប្រជុំលើកទី៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
 
គណៈប្រតិភូកម្ពុជាបានថ្លែងអំណរគុណដល់គណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ខណៈគណៈកម្មការផ្សះផ្សានឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការស្តីពីលទ្ធផលនៃកិច្ចប្រជុំនេះនៅពេលសមស្រប។
 
សូមរម្លឹកថា ដំណើរការផ្សះផ្សានេះ ត្រូវបានផ្តើមឡើងដោយកម្ពុជា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រជាន់គ្នារវាងកម្ពុជា និងថៃ។
 
កិច្ចប្រជុំផ្លូវការលើកទី១ បានរៀបចំឡើងកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ដោយមានការសម្របសម្រួលពីតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA) ដើម្បីកំណត់ក្របខណ្ឌការងារ វិធាននីតិវិធី សម្រាប់បើកផ្លូវឱ្យមានការចរចាដោះស្រាយវិវាទដោយសន្តិវិធី៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា