គណបក្សប្រជាជនកម្ពុជា បណ្តុះបណ្តាលយុវជនបក្ស អំពីកិច្ចការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណបក្សប្រជាជនកម្ពុជា បណ្តុះបណ្តាលយុវជនបក្ស អំពីកិច្ចការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦
នយោបាយ• 19/10/2026

គណបក្សប្រជាជនកម្ពុជា បណ្តុះបណ្តាលយុវជនបក្ស អំពីកិច្ចការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលការងារគណបក្ស ជូនដល់ក្រុមជំនួយការលេខាធិការដ្ឋាន និងផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាងមួយពាន់នាក់កាលពីថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២៦ នៅវិមាន៧មករា ដោយពិធីបើកបានធ្វើឡើងក្រោមវត្តមានឯកឧត្តម រិន វីរៈ អនុប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងពិធីបិទបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការងារគណបក្ស ឯកឧត្តម រិន វីរៈ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែល រៀបចំដោយយុវជន​គណបក្ស​ថ្នាក់​កណ្តាល ជូនដល់ក្រុមជំនួយការលេខាធិការដ្ឋាន និងផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នាពេល​នេះ ដើម្បីបង្ហាញនូវប្រវត្តិ ស្នាដៃ សកម្មភាព បទពិសោធន៍ លក្ខន្តិកៈ អង្គការចាត់តាំង ការកសាងអត្តចរិត និងសីលធម៌ល្អប្រពៃ​របស់​មន្ត្រីគណបក្ស សភាពការណ៍កម្ពុជា បណ្តាភារកិច្ចចំពោះមុខ និងកិច្ចការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណបក្សប្រជាជនកម្ពុជា ។

ដោយឡែកក្នុងថ្ងៃតែមួយនាឱកាសបិទវគ្គបណ្តុះបណ្តាល ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានរំលឹកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​បវរធិបតី ដែលបានមានប្រសាសន៍ថា ការអប់រំមានតែ ៣ ទេ គឺ «ការអប់រំនៅសាលា ការអប់រំនៅផ្ទះ និងការអប់រំនៅក្នុងសង្គម» និងត្រូវ​ចាត់ទុកវគ្គបណ្តុះបណ្តាលនេះ ជាថ្នាលបណ្តុះបណ្តាលមួយយ៉ាងសំខាន់នៅក្នុងការលើកម្ពស់គោលជំហរ ទស្សនៈ នយោបាយ សតិអារម្មណ៍ និងចាត់តាំង ដល់មន្រ្តីគណបក្សគ្រប់បណ្តាថ្នាក់ សមដូចពាក្យមួយឃ្លាពោលថា « សាលារៀនជាថ្នាល ការបណ្តុះ​បណ្តាល​គឺជាគ្រាប់ពូជ»។

ឯកឧត្តមបណ្ឌិត បានផ្តល់នូវជំនួយស្មារតី និងការតម្រង់ទិសជាយុទ្ធសាស្រ្តចំនួន ៧ ចំណុចដល់សមាជិក សមាជិកាទាំងអស់ នៅ ទីនេះដូចខាងក្រោម៖ ១/.ការពង្រឹងវិន័យ ២/. ការរៀនសូត្រគ្មានទីបញ្ចប់ ៣/. ការចែករំលែកពុទ្ធិ និងគំនិត ៤/. ភាពស្មោះត្រង់ និងការលះបង់ដើម្បីជាតិ ៥/. ការទទួលស្គាល់ការពិត និងភាពល្ងង់ខ្លៅ ៦/. យកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលនៅថ្ងៃនេះ ទៅផ្សព្វផ្សាយ បញ្ជ្រាបបន្ត ព្រមទាំងបណ្តាមេរៀនបទពិសោធន៍ ដើម្បីភាពគង់វង្ស ស្ថិតស្ថេរ និងការរីកចម្រើនរបស់សង្គមជាតិ ៧/.ត្រូវបន្តពង្រឹងការជឿជាក់ និងគាំទ្រការដឹកនាំរបស់សម្តេចតេជោ ប្រធានគណបក្ស និង សម្តេចធិបតីអនុប្រធានគណបក្ស ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្រ្តី ដល់ស្រទាប់យុវជន និងមហាជន អំពីការថែរក្សាសន្តិភាព ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានអំពាវនាវដល់យុវជនរួមគ្នារក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកកសាងសង្គមកម្ពុជាមួយប្រកបដោយសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕


អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា