អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីដំណើរការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ និងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោក ចំពោះដំណោះស្រាយព្រំដែនសមុទ្រ៖ កិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយប្រទេសកម្ពុជានិងថៃ បានបិទបញ្ចប់ហើយបន្ទាប់ពីបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយសមស្រប និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យបន្តថា គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដែលមានសារៈសំខាន់សម្រាប់ការជំរុញដំណើរការផ្សះផ្សា។ ក្នុងចំណោមវិធានការដែលបានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់ថា ពួកគេមានសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬដើម្បីកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។ លើសពីនេះ គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា កិច្ចព្រមព្រៀងនិងវិធានការនានាដែលកម្ពុជានិងថៃបានឯកភាពពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។

គណៈកម្មការបានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលមានស្រាប់ដើម្បីជួយបង្កើតបរិយាកាសអំណោយផលដល់ការចរចាប្រកបដោយការស្ថាបនា ក្នុងក្របខណ្ឌនៃដំណើរការផ្សះផ្សា។ គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនជាមួយភាគីកម្ពុជានិងថៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ គណៈប្រតិភូកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការសម្រួលការពិភាក្សាប្រកបដោយការស្ថាបនារវាងភាគីទាំងពីរ និងជួយភាគីទាំងពីរឱ្យឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្តទាំងនេះ។ គណៈកម្មការផ្សះផ្សា នឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួនស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២នេះ នៅក្នុងពេលវេលាសមស្រប។

អ្នកនាំពាក្យបានបន្តថា ដំណោះស្រាយព្រំដែនគោក៖ ជាប្រទេសដែលយល់ច្បាស់ពីតម្លៃសន្តិភាព កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ និងស្មារតីក៏ដូចជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងកំណត់ខ័ណ្ឌសីមាប្រទេសទាំងពីរជាបន្ទាន់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាបានប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចាការទូតពីព្រោះជម្លោះប្រដាប់អាវុធមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ការខ័ណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្ដែងនៅលើទីតាំងនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានរារាំងប្រជាជនប្រមាណ២ម៉ឺននាក់ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា