បារាំង ដាក់ចេញបំរាមគោចរ ក្រោយផ្ទុះបាតុកម្ម លាយឡំការលួចប្លន់ ទូទាំងប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ដាក់ចេញបំរាមគោចរ ក្រោយផ្ទុះបាតុកម្ម លាយឡំការលួចប្លន់ ទូទាំងប្រទេស

បារាំង ដាក់ចេញបំរាមគោចរ ក្រោយផ្ទុះបាតុកម្ម លាយឡំការលួចប្លន់ ទូទាំងប្រទេស

ប៉ារីស ៖ ប្រទេសបារាំង កាលពីថ្ងៃចន្ទ បានដាក់បម្រាមគោចរ នៅក្នុងតំបន់មួយចំនួននៃទីក្រុងនានា រួមទាំង រដ្ឋធានីប៉ារីស, ទីក្រុង Lille និង ទីក្រុង Nice ខណៈដែលអាជ្ញាធរកំពុងប្រឈមមុខនឹងសម្ពាធជុំវិញការបរាជ័យក្នុងការរក្សាសន្តិសុខ បន្ទាប់ពីមានអំពើហិង្សា និងការលួចប្លន់ក្នុងអំឡុងចុងសប្តាហ៍ ដែលកើតចេញពីការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេស។

នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu លើកឡើងថា សម្រាប់ពេលនេះ ការអនុវត្តបម្រាមគោចរដោយផ្នែក និង ក្នុងតំបន់ជាក់លាក់ណាមួយ គឺជារឿងសមស្រប។

លោកបានប្រាប់អ្នកសារព័ត៌មានថា «ការប្តេជ្ញាចិត្តរបស់ខ្ញុំក្នុងការស្តារសណ្តាប់ធ្នាប់ឡើងវិញ គឺជារឿងដាច់ខាត»។

ប៉ូលិសទីក្រុងប៉ារីសបានឱ្យដឹងថា ពួកគេបានចេញបញ្ជាហាមឃាត់ការតវ៉ានៅក្នុងតំបន់មួយចំនួន ចាប់ពីម៉ោង ៨ យប់ តទៅ និងបានដាក់ចេញបម្រាមគោចរនៅជុំវិញតំបន់ Place de la Republique និង Les Halles ចាប់ពីម៉ោង ១១ យប់។ វិធានការទាំងនេះនឹងនៅតែបន្តមានសុពលភាពរហូតដល់ម៉ោង ៦ ព្រឹក ថ្ងៃអង្គារ។

បម្រាមគោចរសម្រាប់អនីតិជនត្រូវបានកំណត់ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៦ ព្រឹក សម្រាប់រយៈពេល ២ ថ្ងៃខាងមុខ នៅតាមទីក្រុង Lille, Douai, Wattignies និង Denain ដោយមានការយល់ព្រមពីអភិបាលក្រុងនានានៅតំបន់ទាំងនោះ។

ទីក្រុង Marseille បានប្រកាសហាមឃាត់ការជួបជុំ និងការធ្វើបាតុកម្ម ក្រោយពេលដែលសហជីពនានានៅប្រទេសបារាំងបានអំពាវនាវឱ្យមានការធ្វើកូដកម្ម និងការជួបជុំតវ៉ាជុំថ្មីមួយទៀតនៅថ្ងៃទី ៥ ខែវិច្ឆិកា។

បើតាម straitstimes, ហេតុការណ៍លួចប្លន់ និង អំពើហិង្សា រវាងក្រុមអ្នកតវ៉ាមួយចំនួន និងប៉ូលិសក្នុងអំឡុងចុងសប្តាហ៍កន្លងទៅនេះ បានកើតឡើង បន្ទាប់ពីមានការធ្វើបាតុកម្មរបស់សិស្សនិស្សិតអស់រយៈពេលជាច្រើនសប្តាហ៍។

ព្រឹត្តិការណ៍ទាំងនេះបានធ្វើឱ្យប្រទេសបារាំងញ័ររញ្ជួយជាខ្លាំង ពោលគឺនៅរយៈពេល ៦ ខែ មុនមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ហើយបានបង្ហាញឱ្យឃើញពីសម្ពាធដែលកើតចេញពីសេដ្ឋកិច្ចទន់ខ្សោយ និងបំណុលដែលកំពុងកើនឡើង។

យោងតាមក្រសួងមហាផ្ទៃ, មនុស្សប្រមាណ ២.៤០០ នាក់ត្រូវបានចាប់ខ្លួន ហើយអ្នកតវ៉ាម្នាក់បានស្លាប់ដោយសារគាំងបេះដូង ខណៈដែលមន្ត្រីជិត ១.០០០ នាក់បានរងរបួស៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា