អូស្រ្តាលី ផ្តើមបំពាក់ដ្រូន និងគ្រាប់មីនសមុទ្រដល់នាវាមុជទឹកគ្មានមនុស្សបើក “Ghost Shark” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អូស្រ្តាលី ផ្តើមបំពាក់ដ្រូន និងគ្រាប់មីនសមុទ្រដល់នាវាមុជទឹកគ្មានមនុស្សបើក “Ghost Shark”

អូស្រ្តាលី ផ្តើមបំពាក់ដ្រូន និងគ្រាប់មីនសមុទ្រដល់នាវាមុជទឹកគ្មានមនុស្សបើក “Ghost Shark”

កង់បេរ៉ា ៖ ប្រទេសអូស្រ្តាលី កាលពីថ្ងៃ អង្គារ ចាប់ផ្តើមបំពាក់យន្តហោះដ្រូន និងគ្រាប់មីនសមុទ្រដល់នាវាមុជទឹកគ្មានមនុស្សបើកមានរហស្សនាមថា ឆ្លាមបិសាច “Ghost Shark” ដែលអាចប្រតិបត្តិការបានក្នុងចម្ងាយឆ្ងាយ និងធ្វើការរួមគ្នាជាមួយនាវាមុជទឹកដែលមាននាវិកបញ្ជា ។

បើតាម CNA, ផែនការបំពាក់យន្តហោះដ្រូន និងគ្រាប់មីនសមុទ្រដល់នាវាមុជទឹកឆ្លាមបិសាចនេះ ត្រូវបានអូស្រ្តាលីធ្វើឡើងស្ថិតក្នុងគោលបំណងពង្រឹងសមត្ថភាពធ្វើសង្គ្រាមក្រោមសមុទ្រ ។

នាវាមុជទឹកដើរស្វ័យប្រវត្តិខ្នាតធំនេះ ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអាមេរិក Anduril និងអ្នកវិទ្យាសាស្ត្រការពារជាតិអូស្ត្រាលី ក្រោមគម្រោងកិច្ចសន្យាតម្លៃ ១,៣ ពាន់លានដុល្លារ ។

យោងតាមរដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្ត្រាលី លោក Pat Conroy, បន្ទាប់ពីការសាកល្បងជាសម្ងាត់ គ្រឿងបំពាក់ចំនួន ៣ ប្រភេទត្រូវបានអនុម័ត ដើម្បីអនុវត្តការងារ “ដែលយើងមិនចង់ឱ្យមនុស្សធ្វើ” ។

លោកថា នាវាមុជទឹក Ghost Shark នេះ អាចផ្ទុកគ្រាប់មីនសមុទ្រចំនួន ១២ គ្រាប់ ព្រមទាំងបំពាក់បរិក្ខារសម្រាប់កងកម្លាំងពិសេស ក៏ដូចជាយន្តហោះដ្រូន Altius ដែលអាចបាញ់បង្ហោះចេញពីសមុទ្រ ដើម្បីបង្កើតជាហ្វូងដ្រូនសម្រាប់ធ្វើការស៊ើបការណ៍ និងការវាយប្រហារ ។

លោករដ្ឋមន្រ្តី Conroy អះអាងថា នាវា Ghost Shark នេះ មិនត្រឹមតែអាចលាក់ខ្លួនក្នុងកុងតឺន័រទំនិញនៅតាមកំពង់ផែអូស្ត្រាលីប៉ុណ្ណោះទេ ប៉ុន្តែពេលនេះ ពួកវាថែមទាំងមានធ្មេញប្រដាប់ដោយអាវុធធុនធ្ងន់ទៀតផង ដែលនេះជាការព្រមានដល់សត្រូវ ។

ការពង្រីកការវិនិយោគយ៉ាងឆាប់រហ័សលើប្រព័ន្ធដ្រូនរបស់អូស្ត្រាលីនេះ ធ្វើឡើងស្របពេលដែលមានការព្រួយបារម្ភ ចំពោះការពង្រីកកងទ័ពជើងទឹកយ៉ាងលឿនរបស់ប្រទេសចិន និងភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា