បដិមាព្រះនរាយផ្ទំស្នាដៃសិល្បៈកំពូលរបស់ខ្មែរ កំពុងបង្ហាញក្នុងពិព័រណ៍នៅអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បដិមាព្រះនរាយផ្ទំស្នាដៃសិល្បៈកំពូលរបស់ខ្មែរ កំពុងបង្ហាញក្នុងពិព័រណ៍នៅអាមេរិក

បដិមាព្រះនរាយផ្ទំស្នាដៃសិល្បៈកំពូលរបស់ខ្មែរ កំពុងបង្ហាញក្នុងពិព័រណ៍នៅអាមេរិក

បដិមាព្រះនរាយផ្ទំ ឬព្រះវិស្ណុផ្ទំ ធ្វើពីសំរិទ្ធដ៏ល្បីល្បាញរបស់ខ្មែរ បានទៅដល់សារមន្ទីរ Asian Art Museum ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកហើយ ដើម្បីដាក់បង្ហាញក្នុងពិព័រណ៍ចល័តរយៈពេល ៣ខែ។

អស់រយៈពេលជិត២ឆ្នាំកន្លះហើយដែលបដិមាព្រះនរាយផ្ទំដ៏ល្បីបំផុតមួយរបស់កម្ពុជា និងជារូប​ បានយាងចេញពីមាតុភូមិ ដើម្បីទទួលការជួសជុល និងតាំងពិព័រណ៍នៅប្រទេសបារាំង ហើយន្ទាប់មកនៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ព្រះអង្គកំពុងគង់នៅទីក្រុង San Francisco សម្រាប់ការតាំងពិព័រណ៍នៅសារមន្ទីរ Asian Art Museum​ ដែលនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែតុលា ខាងមុខនេះ។

ពិព័រណ៍«មហាសមុទ្រចក្រវាលរបស់ព្រះវិស្ណុ» ត្រូវបានរៀបចំឡើងដោយសារមន្ទីរសិល្បៈអាស៊ីនៃទីក្រុង San Francisco និងសារមន្ទីរសិល្បៈអាស៊ីជាតិ Smithsonian ដោយមានកិច្ចសហការជាមួយសារមន្ទីរ Guimet នៃប្រទេសបារាំង។ ក្នុងពិព័រណ៍នេះក៏មានការបង្ហាញវត្ថុសិល្បៈបុរាណផ្សេងទៀត ដែលខ្ចីពីកម្ពុជាផងដែរ។

លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យនាំយកបដិមាព្រះនរាយផ្ទំទៅដាក់តាំងពិព័រណ៍នៅអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីទេពកោសល្យ និងបច្ចេកទេសដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរសម័យអង្គរ ដែលមានសមត្ថភាពសាងសង់រូបចម្លាក់ទំហំធំរហូតដល់ ៥ ទៅ ៦ម៉ែត្រ និងជាស្នាដៃដ៏កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។

ទន្ទឹមនឹងនេះ ការបញ្ជូនបដិមាដ៏មានតម្លៃនេះទៅក្រៅប្រទេស ក៏ជាឱកាសឱ្យក្រុមអ្នកជំនាញបារាំង និងអាមេរិក ធ្វើការជួសជុលថែទាំឡើងវិញ បន្ទាប់ពីខកខានជួសជុលអស់រយៈពេលប្រមាណ ៤០ឆ្នាំមកហើយ។ ក្នុងដំណើរការជួសជុលនេះ អ្នកជំនាញបានរកឃើញបច្ចេកទេសថ្មី ដោយប្រើប្រាស់គ្រោងដែកទប់លំនឹងជំនួសឱ្យការចាក់ស៊ីម៉ង់ត៍ត្រង់កែងដៃដូចមុន ដើម្បីជៀសវាងការខូចខាត ព្រមទាំងបានតភ្ជាប់បំណែកផ្សេងៗចំនួន ៤៩បន្ថែមទៀតចូលទៅក្នុងដងខ្លួន ដើម្បីបង្ហាញទម្រង់ដើមឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។

ប្រធានសារមន្ទីរជាតិបានបន្ថែមថា ក្រោយបញ្ចប់ការតាំងពិព័រណ៍នៅសហរដ្ឋអាមេរិក បដិមាព្រះនរាយផ្ទំនឹងត្រូវនាំយកមកតម្កល់នៅសារមន្ទីរជាតិវិញជាអចិន្ត្រៃយ៍ ដោយមិនមានគម្រោងនាំចេញទៅតាំងនៅបរទេសទៀតឡើយ ដើម្បីបង្ការហានិភ័យនៃការខូចខាតអំឡុងពេលដឹកជញ្ជូន។

បដិមាព្រះនរាយផ្ទំ ឬព្រះវិស្ណុផ្ទំ គឺជាស្នាដៃសិល្បៈសំរិទ្ធដ៏កំពូល និងធំជាងគេមួយក្នុងសម័យអង្គរ ដែលត្រូវបានតម្កល់ក្នុងប្រាសាទមេបុណ្យខាងលិច នាដើមសតវត្សទី១១ ក្នុងរាជព្រះបាទឧទយាទិត្យវរ្ម័នទី២។ បដិមានេះបង្ហាញពីព្រះវិស្ណុផ្ទំលើអនន្តនាគ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងទេវកថានៃការបង្កើតលោក នៅក្នុងជំនឿសាសនាខ្មែរបុរាណ៕

ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា