យុទ្ធសាស្ត្រត្រីកោណរបស់សម្ដេចតេជោ ហ៊ុន សែន ៖ បេសកកម្មនាំមកនូវស្នាមញញឹម និងសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុទ្ធសាស្ត្រត្រីកោណរបស់សម្ដេចតេជោ ហ៊ុន សែន ៖ បេសកកម្មនាំមកនូវស្នាមញញឹម និងសន្តិភាព

យុទ្ធសាស្ត្រត្រីកោណរបស់សម្ដេចតេជោ ហ៊ុន សែន ៖ បេសកកម្មនាំមកនូវស្នាមញញឹម និងសន្តិភាព

យុទ្ធសាស្ត្រត្រីកោណដែលត្រូវបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ១៩៩៨ ប្រៀបបានទៅនឹង «ថ្នាំពេទ្យទិព្វ» ក្នុងការបង្រួបបង្រួមជាតិ និងជា «ឆ្អឹងខ្នង» ដ៏រឹងមាំទ្រទ្រង់សន្តិភាពដែលកម្ពុជា ទទួលបានយ៉ាងលំបាក។ នេះជាការ លើកឡើង​របស់ ឯកឧត្តម អៀង ពិសី ក្នុងឱកាសសម្ពោធជាផ្លូវការនូវ សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាព កម្ពុជា» កាលពីថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២៦។

ជាអ្នកនិពន្ធសៀវភៅ«យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា»ដែលមានកម្រាស់១ ១១១ ទំព័រ ឯកឧត្តម អៀង ពិសី នាយករងខុទ្ទកាល័យសម្តេច ប្រធានព្រឹទ្ធសភា បានលើកឡើងថា «យុទ្ធសាស្ត្រ ត្រីកោណ» ដែលដាក់ចេញដោយសម្តេច អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ប្រៀបដូចជា ឱសថទិព្វ បានបង្រួប បង្រួមគ្រប់ភាគីជម្លោះ ឱ្យត្រឡប់មករួបរួមគ្នា នាំមកនូវស្នាមញញឹម និងសន្តិភាពដ៏បរិបូរណ៍ជូនជាតិ មាតុភូមិ ។

សំដៅទៅលើវណ្ណកម្មបែបប្រវត្តិសាស្រ្តនយោបាយដែលដាក់សម្ពោធ ឯកឧត្តម អៀង ពិសី បានពណ៌នាថា ការសម្រេចចិត្តចងក្រង​សៀវភៅ “យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា” នេះឡើង គឺកើតចេញពី​តម្រូវ​ការចាំបាច់ក្នុងការកត់ត្រាទុកនូវរបត់ប្រវត្តិសាស្ត្រដ៏​សំខាន់របស់ជាតិដែលបានប្រែក្លាយកម្ពុជាពីគំនរបាក់បែកដោយសារសង្គ្រាមឆ្ពោះ​ទៅរកការឯកភាពជាតិ និងការអភិវឌ្ឍ ដែលជាមគ្គុទ្ទេសក៍​ដ៏ឆ្នើមនៃសម្តេច តេជោ ហ៊ុន សែន ។ សៀវភៅនេះមានគោលបំណង​ផ្តល់ចំណេះដឹងដល់យុវជន និងអ្នកសិក្សាស្រាវជ្រាវ ជំនាន់ក្រោយ ឱ្យយល់កាន់តែច្បាស់ពីដំណើរ ប្រវត្តិសាស្ត្រ និងតម្លៃនៃសន្តិភាព​នៅ​កម្ពុជា ។ខ្លឹមសារនៃសៀវភៅបានកើតចេញពីការចុះទៅសិក្សា​ស្រាវជ្រាវ​ផ្ទាល់នៅតាមតំបន់ព្រំដែនកម្ពុជា វៀតណាម ឡាវ ថៃ ព្រមទាំង​តំបន់ អតីតសមរភូមិធំៗដែលសម្តេច អគ្គមហសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លងកាត់ក្នុងសង្រ្គាមកាលពីអតីតកាល ។

ឯកឧត្តមបន្ថែមថា យុទ្ធសាស្ត្រត្រីកោណ ត្រូវបានដាក់ ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ក្នុងកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រី ក្នុងគោលបំណង ស្រោចស្រង់ប្រទេសកម្ពុជាឱ្យចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាមស៊ីវិលដ៏រ៉ាំរៃ ។ យុទ្ធសាស្ត្រនេះ ត្រូវបាន ប្រៀប​ប្រដូចទៅនឹង “មេគុណ” នៃនយោបាយឈ្នះ ឈ្នះ ដែលមានមុំបីសំខាន់ៗ ប្រទាក់ក្រឡាគ្នាគឺ មុំទី១-ការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងកម្ពុជា​តាមរយៈការ ពង្រឹងសន្តិភាពកុំឱ្យប្រទេសកម្ពុជា កើតសង្គ្រាម ឡើងវិញ។ មុំទី២-ការធ្វើសមាហរណកម្ម ឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិ ។ មុំទី៣-ការពង្រឹងផ្ទៃក្នុង និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គម ។

ឯកឧត្តមបន្តថា សៀវភៅនេះក៏បានរំលេចឡើងអំពីឆ្អឹង ខ្នងសន្តិភាពកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និង មិនអាចខ្វះបាននៃគោលនយោ​បាយក្នុងការទ្រទ្រង់ ថែរក្សា និងពង្រឹងសន្តិភាព ដែលកម្ពុជាទើបទទួលបាន ទាំងស្រុងពីនយោបាយឈ្នះ ឈ្នះ។ ឆ្អឹងខ្នងសន្តិភាព ប្រៀប​ដូច​ជាឆ្អឹងខ្នង ដែលទ្រទ្រង់សព៌ាង្គកាយមនុស្ស មិនឱ្យដួលរលំ ។ យុទ្ធសាស្ត្រនេះ បានបម្រើជា សសរ ស្ដម្ភក្នុងការទប់ស្កាត់ការវិលត្រឡប់ទៅរក​ជម្លោះ​ប្រដាប់អាវុធសាជាថ្មី ដោយបានចាក់ឫសសន្តិភាពយ៉ាង ជ្រៅតាមរយៈការធានាស្ថិរភាពនយោបាយ ការទម្លាយ ភាពឯកោ ដើម្បីផ្សារ​ភ្ជាប់កម្ពុជាទៅនឹងសហគមន៍ អន្តរជាតិ និងការចាប់ផ្តើមចលករសេដ្ឋកិច្ចដើម្បី កាត់បន្ថយ ភាពក្រីក្រ ។កត្តាអន្តរកម្មទាំងបីនេះ ហើយបាន​អភិវឌ្ឍ​​សន្តិភាពដែលធ្លាប់តែផុយស្រួយ ឱ្យក្លាយជាសន្តិភាពពេញលេញ យូរអង្វែង និងជា ស្ពានដ៏រឹងមាំសម្រាប់ការលូតលាស់សង្គម​ជាតិ​ទាំងមូល ។

ឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការងព្រឹទ្ធសភា បានថ្លែង ថា សៀវភៅនេះបានចងក្រងនូវយុទ្ធសាស្ត្រត្រីកោណ ​ជាយុទ្ធសាស្ត្រស្នូល និងជា​កញ្ចប់កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី២ នៃរដ្ឋសភា (១៩៩៨-២០០៣) ដែល​ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីជាឆ្អឹងខ្នងក្នុងការកសាងការពារ សន្តិភាព ស្តារកិត្តិយសជាតិ លើឆាកអន្តរជាតិ និង អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមក្រោយពីកម្ពុជា​ទទួលបាន ការឯកភាពជាតិពេញលេញ ។

ចំណែកឯកឧត្តម ជា ធីរីទ្ធ អ្នកនាំព្រឺទ្ធសភា បានចាត់ ទុកវណ្ណកម្មមួយនេះ គឺជាការបំពេញបេសកកម្មក្នុង ការបន្សល់ទុកនូវស្នាដៃជា​ប្រវត្តិសាស្ត្រសម្រាប់យុវជន ជំនាន់ក្រោយ ឱ្យបានយល់ស៊ីជម្រៅពីឫសគល់នៃ សន្តិភាព ដែលកម្ពុជា ដណ្តើមបានមកវិញដោយលំបាក បំផុត ។

គួរជម្រាបថា សៀវភៅភៅ “យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា” ត្រូវបានចាប់ផ្តើមសិក្សានិង សរសេរចងក្រងនៅថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០១៩ និងត្រូវ បានបញ្ចប់រួចរាល់សម្រេចបោះពុម្ពជាផ្លូវការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែលមានចំនួន១ ១១១ទំព័រ ខ្នាត​សៀវភៅ B5 អម ដោយរូបភាពសម្តេចតេជោចំនួន ២៤សន្លឹក ។សៀវភៅចែកជា៤វគ្គ ឧបសម្ព័ន្ធ គាំទ្រ អត្ថន័យសៀវភៅចំនួន៤ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា