គណៈកម្មការផ្សះផ្សាណែនាំឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតការទូត ដើម្បីស្តារទំនុកចិត្តជាមួយគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈកម្មការផ្សះផ្សាណែនាំឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតការទូត ដើម្បីស្តារទំនុកចិត្តជាមួយគ្នា

គណៈកម្មការផ្សះផ្សាណែនាំឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតការទូត ដើម្បីស្តារទំនុកចិត្តជាមួយគ្នា

 
ដើម្បីជាការស្តារទំនុកចិត្តជាមួយគ្នាឡើងវិញ គណៈកម្មការផ្សះផ្សានៃតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ បានផ្តល់អនុសាសន៍ឱ្យកម្ពុជា និងថៃ ខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ប្រចាំនៅរាជធានីនៃប្រទេសម្ខាងទៀត ព្រមទាំងចូលរួមដោយបើកចំហលើបច្ចេកទេសកំណត់ព្រំដែន ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនា។

គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

វិធានការកសាងទំនុកចិត្តទាំងនេះមានគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។ សំណុំវិធានការពេញលេញនេះឆ្លុះបញ្ចាំងពីជំនឿរួមរបស់ភាគីទាំងពីរចំពោះការសន្ទនា និងនីតិរដ្ឋ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការចូលរួមដោយស្ថាបនាក្នុងដំណើរការផ្សះផ្សា ដោយត្រូវបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធនៃសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍។ នេះបើតាមការប្រកាសរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍កាលពីថ្ងៃទី ១៩ តុលា ហើយក៏ត្រូវបានដកស្រង់ផ្សាយបន្តដោយក្រសួងការបរទេសកម្ពុជាផងដែរ។

បើតាមគណៈកម្មការផ្សះផ្សា ក្នុងចំណោមវិធានការដែលបានព្រមព្រៀងគ្នា គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា ការឯកភាព និងវិធានការដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ គណៈកម្មការផ្សះផ្សាបានលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្តទាំងនោះ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនា។

ក្នុងបរិបទនេះ គណៈកម្មការបានលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីនៃប្រទេសម្ខាងទៀត ព្រមទាំងចូលរួមដោយស្ថាបនា និងបើកចំហលើបច្ចេកទេសនៃការកំណត់ព្រំដែន នៅក្នុងក្រុមការងារក្រោមការដឹកនាំរបស់គណៈកម្មការ។ ឆ្លើយតបនឹងអនុសាសន៍ទាំងនេះ ភាគីទាំងពីរបានព្រមព្រៀងអនុវត្តដើម្បីជួយកសាងការជឿទុកចិត្ត និងការជឿជាក់រវាងគ្នាទៅវិញទៅមក។

បន្ថែមលើនេះ ភាគីទាំងពីរបានទទួលស្គាល់ពីសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។ ដើម្បីលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀង កម្ពុជា និងថៃ បានប្តេជ្ញាអនុវត្តការអត់ធ្មត់ក្នុងការធ្វើទំនាក់ទំនងសាធារណៈ និងការធ្វើសេចក្តីថ្លែងការណ៍នានា។

ជាមួយគ្នានេះ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញលេញចំពោះដំណើរការផ្សះផ្សាដែលខ្លួនបានផ្តួចផ្តើម និងជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនានាដោយសន្តិវិធី៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា