ក្រសួងរៀបចំដែនដីគ្រោងបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដីគ្រោងបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំ២០២៧

ក្រសួងរៀបចំដែនដីគ្រោងបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំ២០២៧

ការចែកបណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជាគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេលវេលាសមស្រប ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស និងរាជរដ្ឋាភិបាល រួមគ្នាប្រារព្ធពិធីអបអរសាទរខួប៤០ឆ្នាំនៃការចាប់ផ្តើមផ្តល់កម្មសិទ្ធិឯកជនដំបូងក្នុងវិស័យដីធ្លីជូនប្រជាពលរដ្ឋ តាមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រទេសកម្ពុជាគ្រោងនឹងបញ្ចប់ការចែកបណ្ណកម្មសិទ្ធនៅឆ្នាំ២០២៧ បន្ទាប់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាស់វែង និងចុះបញ្ជីដីធ្លីប្រមាណ ១៤លានក្បាលដី។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងជំនួបជាមួយក្រុមការងារអង្គការ International Land Coalition Asia និង National Land Coalition-Cambodia នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងការវាស់វែងចុះបញ្ជីដីធ្លី។ ជាមួយការដឹកនាំដ៏ប៉ិនប្រសប់ សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយកម្ពុជាពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ នាចុងទសវត្សរ៍ទី៨០ ហើយការផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺជាជំហានយុទ្ធសាស្ត្រមួយ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិជារួម និងជួយបង្កើនប្រាក់ចំណូលនិងភាពមានបានរបស់សង្គមកម្ពុជា និយាយដោយឡែក។

ឯកឧត្តម សាយ សំអាល់ រំលឹកថា ឆ្នាំ១៩៨៥ គឺជាចំណុចរបត់ដ៏សំខាន់របស់កម្ពុជា ដែលប្តូរពីសេដ្ឋកិច្ចសមូហភាព ឬក្រុមសាមគ្គី មកជាការគ្រប់គ្រងដីធ្លីលក្ខណៈគ្រួសារ ហើយបានអនុវត្តជាក់ស្តែងនៅឆ្នាំ១៩៨៩ បន្ទាប់ពីរដ្ឋសភានៅពេលនោះបានធ្វើការអនុម័តរួចរាល់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្តថា ដោយផ្តើមចេញពីការបដិសេធការទាមទារកម្មសិទ្ធិមុនឆ្នាំ១៩៧៩ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្តេចតេជោ បានផ្តួចផ្តើមគំនិតក្នុងការអនុវត្តការងារចុះបញ្ជីនិងចេញបណ្ណលើកដំបូង ដើម្បីផ្តល់កម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋស្របច្បាប់ ប្រៀបដូចជា “លោកឪពុកចែកទ្រព្យសម្បត្តិជូនកូនៗ” ។ ផ្លែផ្កានៃការធ្វើកំណែទម្រង់នេះបានអនុញ្ញាតឱ្យកម្ពុជាធ្វើការចុះបញ្ជីដីធ្លីទាំងស្រុង និងបញ្ចប់វិវាទ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្ថែមថា ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ ក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ “យុទ្ធនាការចុះបញ្ជីដីបង្ហើយ” ដើម្បីផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យ ព្រមទាំងលើកកម្ពស់តម្លៃសេដ្ឋកិច្ច គុណតម្លៃនៃអចលនទ្រព្យ និងកសាងបាននូវសង្គមសុខដុមនៅកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាស់វែង និងចុះបញ្ជីដីធ្លីប្រមាណ ១៤លានក្បាលដី ក្នុងនោះ ដីលំនៅឋានប្រមាណ ៥,៦លានក្បាលដី (ប្រមាណ ៣៨%) និងដីកសិកម្មប្រមាណ ៨លានក្បាលដី ឬ ៥៥%។

ជាមួយគ្នានេះ ការងារចែកបណ្ណគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេលវេលាសមស្រប ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស និងរាជរដ្ឋាភិបាល រួមគ្នាប្រារព្ធពិធីអបអរសាទរខួប៤០ឆ្នាំនៃការផ្តល់កម្មសិទ្ធិឯកជនដំបូងលើវិស័យដីធ្លីជូនប្រជាពលរដ្ឋ តាមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរ និងតម្កល់ប្រយោជន៍ជាធំ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា