កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ៖កម្ពុជា-ហ្វីលីពីន បានបង្ហាញនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ខណៈ​ហ្វីលីពីនប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេសរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស ឱ្យកាន់តែ​ស៊ីជម្រៅ ។

កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតជូន​នាយសេនា​ធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងជំនួបឯកឧត្តមនាយឧត្តមសេនីយ៍ អង់តូនីយ៉ូ ជី ណាតារ៉េតេ (Antonio G Natarrete) បានជម្រាបសម្ដេចធិបតីនាយក​រដ្ឋមន្រ្តី​ដោយ​​រំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។

ជាមួយនឹងការសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ នាយសេនាធិការ​កងទ័ពហ្វីលីពីន ក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ហ្វីលីពីន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ជាពិសេស រវាងកងទ័ពជើងទឹក និងកងទ័ពអាកាស ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ និងគណៈប្រតិភូ ដែលបាន​អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជានាយសេនាធិការ កងទ័ព​ហ្វីលីពីន នាពេលថ្មីៗនេះ។

សម្ដេចធិបតី ក៏បានបង្ហាញនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ, ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែក និងផ្លាស់ប្ដូរបទពិសោធ តាមរយៈការបណ្ដុះបណ្ដាល និងការកសាង​សមត្ថភាពរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាង កងទ័ពជើងគោក នៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ព្រមទាំងឈានទៅសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងទ័ពអាកាស នាពេលខាងមុខ និងខិតខំប្រែក្លាយ កិច្ចព្រមព្រៀងទាំងនេះ ឱ្យក្លាយជាសកម្មភាព​ និងលទ្ធផល ជាក់ស្ដែង ។

បន្ថែមលើនេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹក​នាំរបស់ហ្វីលីពីន, ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។

សម្ដេចធិបតីក៏បានបញ្ជាក់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ នូវការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់​ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នា នាពេល​កន្លងមក ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមនាយឧត្តមសេនីយ៍ បានពិភាក្សា និងផ្លាស់ប្ដូរទស្សនៈអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធរវាងកងទ័ពនិងកងទ័ព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការប្រយុទ្ធប្រឆាំង​នឹងអំពើភេរវកម្ម និងការវាយប្រហារតាមប្រព័ន្ធសាយប័រជាដើម សំដៅរួមចំណែកដល់ការថែរក្សាសន្តិភាព, ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោក ៕


ដោយ៖​ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា