កម្ពុជា-ក្រូអាស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការបោស​សម្អាតមីន និងពង្រីកពាណិជ្ជកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ក្រូអាស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការបោស​សម្អាតមីន និងពង្រីកពាណិជ្ជកម្ម

កម្ពុជា-ក្រូអាស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការបោស​សម្អាតមីន និងពង្រីកពាណិជ្ជកម្ម

ភ្នំពេញ៖កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហ​ប្រតិបត្តិ​ការជាមួយប្រទេសក្រូអាស៊ី លើការងារបោស​សម្អាតមីន និងយុទ្ធភណ្ឌ​មិនទាន់ផ្ទុះ ព្រមទាំងស្វាគមន៍​ចំពោះការជួយជ្រោមជ្រែងផ្នែកបច្ចេកវិទ្យា និងបទ​ពិសោធន៍ ដើម្បីឱ្យប្រតិបត្តិការបោសសម្អាតមីន​នៅ​កម្ពុជាកាន់តែ​មានប្រសិទ្ធភាពខ្ពស់ការបញ្ជាក់បែប​នេះ​ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយ ឯកឧត្តមបណ្ឌិត ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ (Gordan Grlić-Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប​នៃសាធារណរដ្ឋ​ក្រូអាស៊ី កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

បន្ទាប់ពីជំនួបសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាមួយឯកឧត្តមបណ្ឌិត ហ្គ័រដាន ហ្គ្រលីក រ៉ាដម៉ាន់ រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃ​សាធារណរដ្ឋ​ក្រូអាស៊ីបញ្ចប់ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានឱ្យដឹងថា ភាគីទាំងពីរ​បាន​​វាយតម្លៃខ្ពស់ចំពោះការរីកចម្រើន​នៃ​ទំនាក់ទំនងទ្វេភាគី ដែលឈានទៅដល់ការសម្រេច​បាននូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការលើកលែងទិដ្ឋាការលិខិតឆ្លងដែនការទូត និង​កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូតនៃប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា បានចាត់ទុកដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូក្រូអាស៊ីនាពេលនេះ គឺជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្នុងទំនាក់ទំនងជិត ៧ទសវត្សរ៍ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា កម្ពុជា និងក្រូអាស៊ី សុទ្ធសឹងជាប្រទេសតូច ដែលធ្លាប់​ឆ្លងកាត់សង្គ្រាម និងយល់ច្បាស់​ពីផលវិបាកនៃគ្រាប់​មីន។ កម្ពុជាស្វាគមន៍យ៉ាងខ្លាំងចំពោះការគាំទ្ររបស់ក្រូអាស៊ី តាមរយៈការផ្តល់បច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ និងជំនាញកម្រិតខ្ពស់ ដើម្បីបង្កើនល្បឿននៃការបោស​សម្អាត​មីន​នៅកម្ពុជា។

ក្រៅពីការពង្រឹងទំនាក់ទំនងការទូតនយោបាយ ការទូត​សភា សម្តេចប្រធានរដ្ឋសភា ក៏បានជំរុញឱ្យក្រូអាស៊ី ពិនិត្យសក្តានុពលរវាង​ប្រទេស​ទាំងពីរបន្ថែមទៀត ក្នុងការជំរុញបន្ថែមលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ថាមពលស្អាត និងវិស័យសន្តិសុខ ជាដើម ៕


អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា