ព្រះពន្លាស្រះស្រង់បង្កើតទិដ្ឋភាពដូចអណ្តែតលើអាកាស កំពុងទាក់ទាញភ្ញៀវទេសចរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះពន្លាស្រះស្រង់បង្កើតទិដ្ឋភាពដូចអណ្តែតលើអាកាស កំពុងទាក់ទាញភ្ញៀវទេសចរ
ទេសចរណ៍• 20/10/2026

ព្រះពន្លាស្រះស្រង់បង្កើតទិដ្ឋភាពដូចអណ្តែតលើអាកាស កំពុងទាក់ទាញភ្ញៀវទេសចរ

រានហាលនៅកំពង់ទឹក ស្រះស្រង់ មើលទៅហាក់ដូចជាអណ្ដែតនៅលើអាកាស ដោយសារតែផ្ទៃមេឃឆ្លុះលើផ្ទៃទឹក បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាត និងប្លែកភ្នែក។ សម្រស់ដ៏ទាក់ទាញនេះ បានអង្រួនឱ្យមហាជនជាច្រើនចង់ទៅទស្សនាផ្ទាល់ និងផ្តិតរូបភាពទុកជាអនុស្សាវរីយ៍។

លោក យិត ចាន់ដារដ្ឋ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់បណ្តាញព័ត៌មាន AMS ថា គឺជារឿងល្អដែលកំពង់ទឹកស្រះស្រង់ រឺព្រះពន្លាស្រះស្រង់ មុខប្រាសាទបន្ទាយក្តី បានចាប់ផ្តើមមានភ្ញៀវទេសចរចាប់អារម្មណ៍ និងទៅទស្សនាកាន់តែច្រើន។ 

លោកបញ្ជាក់ថា ការកើនឡើងនៃភ្ញៀវទេសចរ ក៏អាចជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋដែលលក់ដូរតំបន់នោះផងដែរ។

លោកបញ្ជាក់ថា ស្រះស្រង់ជាកំពង់ទឹកដែលមានបារាយណ៍នៅខាងមុខ និងសំណង់ប្រាសាទនៅចំកណ្តាល ដែលមានលក្ខណៈស្រដៀងនឹងតំបន់មុខប្រាសាទព្រះខ័ន និងប្រាសាទបេងមាលា។

បើតាមលោក យិត ចាន់ដារដ្ឋ  កន្លងមក ទីតាំងដែលពេញនិយមសម្រាប់ថតរូប តែងតែទាក់ទាញភ្ញៀវទេសចរឱ្យត្រឡប់មកទស្សនាម្តងហើយម្តងទៀត។  

ស្រះស្រង់ មិនត្រឹមតែជាអាងទឹកប៉ុណ្ណោះទេ ប៉ុន្តែគឺជាទីស្ថានប្រវត្តិសាស្ត្រដ៏រុងរឿងដែលបានបន្សល់ទុកតាំងពីសម័យអង្គរ។ ស្រះទឹកនេះមានរាងចតុកោណកែង បណ្តោយជាង ៧០០ម៉ែត្រ និងទទឹងជាង ៣០០ម៉ែត្រ ដែលជាស្រះពិសិដ្ឋ គឺទឹកពិសិដ្ឋមានប្រភពនៅឋានសួគ៌។​​

នៅចំកណ្តាល​ស្រះស្រង់ មានសំណង់ប្រាសាទថ្មភក់តូចមួយ សាងសង់ឡើងលើខឿនថ្មបាយក្រៀម លើកូនកោះសិប្បនិម្មិតនៅចំផ្ចិតស្រះ។ ជាទូទៅ ប្រាសាទនេះតែងតែលិចនៅក្រោមផ្ទៃទឹកដែលធ្វើឱ្យមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ ប៉ុន្តែវានឹងលេចរូបរាងឡើងនៅពេលកម្រិតទឹកក្នុងស្រះស្រកចុះខ្លាំង ជាពិសេសនៅក្នុងរដូវប្រាំង។

ចំណុចទាក់ទាញបំផុតដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិជក់ចិត្តដិតអារម្មណ៍ខ្លាំង គឺការមកទស្សនា «ថ្ងៃរះ» នៅស្រះស្រង់។ នៅពេលព្រឹកព្រលឹម ពន្លឺព្រះអាទិត្យពណ៌មាសចាំងជះទៅលើផ្ទៃទឹកដែលស្ងប់ស្ងាត់ដូចកញ្ចក់ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏មនោរម្យ។​
ស្រះស្រង់ត្រូវបានកសាងឡើងដំបូងនៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌ទី២ ក្រោមការដឹកនាំរបស់ស្ថាបត្យករឆ្នើម នាម «កវីន្ទ្រារិមថន»។ លុះមកដល់ចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ ស្រះទឹកនេះត្រូវបានកែលម្អឱ្យកាន់តែប្រណីត ដោយបន្ថែមពន្លាផែថ្មភក់នៅច្រាំងខាងលិច ស្ថិតនៅលើខ្សែបណ្តោយថ្ងៃនៃខ្លោងទ្វារខាងកើតប្រាសាទបន្ទាយក្តី ដោយមានបំពាក់ចម្លាក់នាគ និងតោឈរយ៉ាងអង់អាច៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា