ការកើនឡើងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម ​ប៉ះពាល់ដល់ជីវភាពពលរដ្ឋ តែជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការកើនឡើងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម ​ប៉ះពាល់ដល់ជីវភាពពលរដ្ឋ តែជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុក

ការកើនឡើងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម ​ប៉ះពាល់ដល់ជីវភាពពលរដ្ឋ តែជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុក

ក្រុមអ្នកជំនាញយល់ឃើញថា ការកើនឡើងនៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មនៅកម្ពុជា អាចជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ប៉ុន្តែក៏ជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុកផងដែរ ដើម្បីបង្កើនការផលិតរបស់ខ្លួន។
 
យោងតាមទិន្នន័យរបស់វិទ្យាស្ថានជាតិស្ថិតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម នៅរាជធានីភ្នំពេញ បានកើនឡើងរហូត ៥.៣ភាគរយ បើធៀបនឹងខែកញ្ញាដូចគ្នាកាលពីឆ្នាំ២០២៥។
 
កំណើននេះ គឺដោយសារការកើនឡើងនៃសន្ទស្សន៍ថ្លៃម្ហូបអាហារ, ថ្លៃផ្ទះសំបែង, ទឹក, អគ្គិសនី, ឧស្ម័ន និងឥន្ធនៈ ព្រមទាំងថ្លៃដឹកជញ្ជូន, ថ្លៃសម្លៀកបំពាក់ និងស្បែកជើង, ក៏ដូចជាទំនិញ និងសេវាកម្មផ្សេងៗទៀត។ ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច និងថ្លៃដើមនៃការនាំចូលទំនិញ ថ្លៃឈ្នួលពលកម្ម ថ្លៃដឹកជញ្ជូន និងវត្ថុធាតុដើម ក៏ត្រូវបានចាត់ទុកជាមូលហេតុផងដែរ។
 
លោកបណ្ឌិត ញិល រដ្ឋា អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សង្កេតឃើញថា ការកើនឡើងនៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មនៅកម្ពុជា ពិតជាបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ និងអ្នកវិនិយោគ។ លោកផ្តល់យោបល់ថា កម្ពុជាគួរបង្កើនផលិតកម្មក្នុងស្រុកឱ្យបានច្រើន ដើម្បីកាត់បន្ថយការឡើងថ្លៃទំនិញនេះ។
 
ចំណែក បណ្ឌិត ថុង ម៉េងដេវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិម្នាក់ទៀត យល់ឃើញថា បញ្ហានេះនឹងបង្កឲ្យមានការធ្លាក់ចុះនៃអំណាចទិញ និងការកាត់បន្ថយការចំណាយលើមុខទំនិញមិនចាំបាច់ ដែលធ្វើឱ្យអាជីវកម្មខ្នាតតូច និងមធ្យម លក់ដូរបានតិចជាងមុន។ ម្យ៉ាងទៀត បញ្ហាផលិតភាពទាប ការស្តុកទុក និងតម្រូវការទីផ្សារខ្ពស់នៅក្នុងស្រុក បានធ្វើឱ្យការផ្គត់ផ្គង់ទំនិញភាគច្រើនត្រូវនាំចូលពីក្រៅប្រទេស ដែលធ្វើឱ្យថ្លៃដើមនៃទំនិញមានការកើនឡើង។
 
ស្ថិតក្នុងស្ថានភាពនេះ ក្រុមអ្នកជំនាញយល់ឃើញថា កម្ពុជាគួរតែជំរុញការពង្រីកទីផ្សារ និងផលិតភាពក្នុងស្រុកឲ្យបានខ្ពស់ ដែលអាចពង្រីកទំហំពាណិជ្ជកម្ម បង្កើនការផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ប៉ុន្តែ ទន្ទឹមគ្នានេះ រោងចក្រ ឬសហគ្រាសក្នុងស្រុក គួរតែយកចិត្តទុកដាក់លើគុណភាព ស្តង់ដារ ការរក្សាថ្លៃសមរម្យ និងការគ្រប់គ្រងថ្លៃដើមផលិតកម្មឱ្យបានល្អប្រសើរ។
 
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅរយៈពេល ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចំណាយថវិកាជិត ៣០ពាន់លានដុល្លារ ដើម្បីនាំចូលទំនិញពីខាងក្រៅ។ ទំនិញសំខាន់ៗ រួមមាន ផលិតផលវាយនភណ្ឌ គ្រឿងអេឡិចត្រូនិច សម្ភារៈសំណង់ ប្រេងឥន្ធនៈ និងឧស្ម័នជាដើម៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា