អង្គការសហប្រជាជាតិបន្តរំលេចការចូលរួមរបស់កម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការសហប្រជាជាតិបន្តរំលេចការចូលរួមរបស់កម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក

អង្គការសហប្រជាជាតិបន្តរំលេចការចូលរួមរបស់កម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក

ជាថ្មីម្តទៀត អង្គការសហប្រជាជាតិបានកោតសរសើកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងរក្សាសន្តិភាព មកជាប្រទេសដែលបញ្ជូនកងរក្សាសន្តិភាពវិញម្តង។

នៅថ្ងៃទី២០តុលានេះ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា​បានរំលឹកលើបណ្តាញសង្គមថា ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣ កម្ពុជាបានទទួលការគាំទ្រពីបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់ ដែលជាបេសកកម្មរក្សាសន្តិភាពធំបំផុតមួយក្នុងប្រវត្តិសាស្រ្តអង្គការសហប្រជាជាតិ។ ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាបានបន្តតួនាទីរបស់ខ្លួនក្នុងការរួមចំណែករក្សាសន្តិភាពក្នុងពិភពលោក។

ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួនជាង ១ម៉ឺននាក់ ក្នុងនោះមានស្រ្តីជាង១ពាន់នាក់ ទៅបំពេញបេសកកម្មសម្រាប់សន្តិភាពនៅតាមបណ្តាប្រ​ទេសនានាក្នុងទ្វីបអាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា។ ប្រទេសទាំងនោះមាន៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, ម៉ាលី, ស៊ីរី, សាយប្រឺស, យេមែន និងប្រទេសកុងហ្គោ។

កងទ័ពមួកខៀវកម្ពុជាបំពេញបេសកកម្មចំនួន១២ លើជំនាញបោសសម្អាតមីន វិស្វកម្មពហុជំនាញ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។

បច្ចុប្បន្ន កងកម្លាំងយោធា និងនគរបាលកម្ពុជាជាង ៤៥០នាក់ កំពុងចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពចំនួន ៥ របស់អង្គការសហប្រជាជាតិ នៅជុំវិញពិភពលោក ដោយត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីការពារប្រជាជនដែលងាយរងគ្រោះបំផុត។

កាលពីថ្ងៃទីទី៨តុលាកន្លងទៅ អង្គការសហប្រជាជាតិក៏បានថ្លែងអំណរគុណជាសាធារណៈដល់កងកម្លាំងមួកខៀវកម្ពុជាដ៏ក្លាហាន ទាំងស្ត្រី និងបុរស ដែលបានធ្វើការលះបង់ និងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ នៅខែធ្នូឆ្នាំនេះ គឺជាខួប៧១ឆ្នាំ នៃការចូលជាសមាជិកអង្គការសហប្រជាជាតិរបស់កម្ពុជា៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា