អង់គ្លេស ត្រៀមបញ្ជូនយន្តហោះចម្បាំងទៅជួយការពារ អារ៉ាប៊ីសាអូឌីត ទប់ទល់ការវាយប្រហារមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស ត្រៀមបញ្ជូនយន្តហោះចម្បាំងទៅជួយការពារ អារ៉ាប៊ីសាអូឌីត ទប់ទល់ការវាយប្រហារមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូធី

អង់គ្លេស ត្រៀមបញ្ជូនយន្តហោះចម្បាំងទៅជួយការពារ អារ៉ាប៊ីសាអូឌីត ទប់ទល់ការវាយប្រហារមីស៊ីល និងដ្រូនរបស់ក្រុមហ៊ូធី

ឡុងដ៍ ៖ ប្រទេសអង់គ្លេសបានប្រកាសកាលពីថ្ងៃអង្គារ ថា ខ្លួននឹងបញ្ជូនយន្តហោះចម្បាំង Typhoon ទៅបំពេញបេសកកម្មការពារដែនអាកាសរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែន ។

បើតាមក្រសួងការពារជាតិអង់គ្លេស, យន្តហោះចម្បាំងទាំងនេះ នឹងបំពេញបេសកកម្មក្នុងលក្ខណៈការពារ មិនមែនទៅវាយប្រហារប្រឆាំងនឹងក្រុមហ៊ូធីដែលគាំទ្រអ៊ីរ៉ង់ឡើយ ពោលគឺដើម្បីជួយការពារទីក្រុង ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត ពីការវាយប្រហារតាមផ្លូវអាកាស ។

ទន្ទឹមគ្នា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Wes Streeting អះអាងថា ការបញ្ជូនយន្តហោះចម្បាំងទាំងនេះ គឺជាផ្នែកមួយនៃការពង្រីកជំនួយយោធារបស់អង់គ្លេស ដើម្បីជួយអារ៉ាប៊ីសាអូឌីតទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាស និងការពារដែនអាកាសរបស់ប្រទេសស្តេចប្រេងនៅមជ្ឈិមបូព៌ាមួយនេះ ពីមីស៊ីល និងដ្រូនប្រយុទ្ធ ។

ក្រៅពីយន្តហោះចម្បាំង Typhoon, អង់គ្លេសក៏នឹងបញ្ជូនយន្តហោះដឹកជញ្ជូនយោធា Atlas A400M ដើម្បីជួយដឹកជញ្ជូនសម្ភារៈយោធានៅអារ៉ាប៊ីសាអូឌីត ព្រមទាំងបញ្ជូនទីប្រឹក្សាយោធាទៅជួយគាំទ្រមន្ត្រីយោធារបស់ទីក្រុងរីយ៉ាដ ។

មិនត្រឹមតែប៉ុណ្ណោះ វាក៏រួមបញ្ចូលទាំងការបន្តបេសកកម្មរបស់កងយន្តហោះចាក់សាំងតាមអាកាសរបស់អង់គ្លេស ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការនៃកងយន្តហោះចម្បាំងរបស់អារ៉ាប៊ីសាអូឌីតផងដែរ ។

បើតាម Aljazeera, ជំនួយយោធាថ្មីរបស់អង់គ្លេសនេះ ត្រូវបានធ្វើឡើងចំពេលការប្រយុទ្ធគ្នានៅប្រទេសយេម៉ែនកំពុងពុះកញ្ជ្រោល និងការវាយប្រហាររបស់ក្រុមហ៊ូធីទៅលើអារ៉ាប៊ីសាអូឌីតកាន់តែក្តៅគគុក ។

ក្រុមឧទ្ទាមដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ បានបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនទៅលើទីតាំងសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត រួមទាំងអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងវិស័យថាមពល ៕

ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា