សម្ដេចធិបតីអបអរថ្ងៃខួបកំណើតតាមរយៈការរៀបចំអាហារសម្រាប់កុមារពិការ និងគថ្លង់នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតីអបអរថ្ងៃខួបកំណើតតាមរយៈការរៀបចំអាហារសម្រាប់កុមារពិការ និងគថ្លង់នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

សម្ដេចធិបតីអបអរថ្ងៃខួបកំណើតតាមរយៈការរៀបចំអាហារសម្រាប់កុមារពិការ និងគថ្លង់នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានឆ្លៀតឱកាសទៅជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សមានពិការភាព និងកុមារកំព្រា នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ព្រមទាំងរៀបចំល្បែងកម្សាន្ត និងអាហារជូនកុមារទាំងនោះ ដើម្បីចែករំលែកការសប្បាយរីករាយក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច។

ក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជួបសំណេះសំណាល និងរៀបចំអាហារជូនដល់កុមារមានពិការភាពភ្នែក គថ្លង់ និងកុមារកំព្រា ប្រមាណជា ៥០០នាក់ នៅទីតាំងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។ សិស្សានុសិស្សទាំងនោះស្នាក់នៅ និងរៀនសូត្រនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មីនេះ ហើយមួយចំនួនទៀតមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ វិទ្យាស្ថានជាតិអប់រំពិសេស និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។

ក្រៅពីអាហារសាមគ្គី សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្ដល់ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់សាលាទាំង៣កន្លែង និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។ ចំណែកលោកគ្រូ អ្នកគ្រូ រួមទាំងសិស្សានុសិស្សទាំងជាង ៥០០នាក់ ក៏បានទទួលថវិកា និងសម្ភារមួយចំនួនផងដែរ។

អ្នកគ្រូ នាង ផល្លា ប្រធានគណៈគ្រប់គ្រងវិទ្យាស្ថានជាតិអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហើយបន្តមក សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងយកចិត្តទុកដាក់ចំពោះកុមារកំព្រា កុមារមានពិការភាព និងគថ្លង់ តាមរយៈសកម្មភាពដ៏ល្អប្រពៃនានា ជាពិសេសការជួបសំណេះសំណាល ការរៀបចំអាហារសាមគ្គី និងការផ្ដល់ជំនួយផ្សេងៗ បន្ថែមពីលើការផ្តល់ចំណេះដឹង ដើម្បីឲ្យកុមារទាំងនោះអាចរស់នៅបានសមរម្យដូចប្រជាពលរដ្ឋទូទៅ។

អ្នកគ្រូបានបន្តថា សកម្មភាពជួយដល់កុមារទាំងអស់នោះ សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចធិបតី និងលោកជំទាវបណ្ឌិត មិនមែនធ្វើតែម្ដង ឬពីរដងនោះទេ ព្រោះតែក្តីអាណិតអាសូរ គឺថ្នាក់ដឹកនាំបានធ្វើជាប្រចាំ ជាមួយនឹងការជំរុញដល់ក្រសួងអប់រំ និងលោកគ្រូ អ្នកគ្រូ នៃសាលាអប់រំពិសេស ត្រូវយកចិត្តទុកដាក់ថែទាំ និងបង្រៀនកុមារដែលមានបញ្ហាទាំងនោះ ដោយធ្វើយ៉ាងណាកុំឲ្យពួកគេបាក់ទឹកចិត្ត ។

សូមបញ្ជាក់ថា នៅកម្ពុជាមានវិទ្យាល័យអប់រំពិសេសចំនួន៥ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះមានវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យអប់រំពិសេសច្បារអំពៅ វិទ្យាល័យអប់រំពិសេសបាត់ដំបង វិទ្យាល័យអប់រំពិសេសសៀមរាប និងវិទ្យាល័យអប់រំពិសេសកំពង់ចាម ដែលសរុបសិស្សពិការភ្នែក គថ្លង់ ខ្សោយសតិបញ្ញា និងអូទីស្សឹម មានជិត ២ ០០០នាក់ ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា