បច្ចេកទេសថ្មីស្តារចម្ការស្វាយចន្ទីចាស់ ដោយមិនបាច់ កាប់ចោល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បច្ចេកទេសថ្មីស្តារចម្ការស្វាយចន្ទីចាស់ ដោយមិនបាច់ កាប់ចោល

បច្ចេកទេសថ្មីស្តារចម្ការស្វាយចន្ទីចាស់ ដោយមិនបាច់ កាប់ចោល

កសិករដាំស្វាយចន្ទីកម្ពុជា ពេលនេះលែងបារម្ភពី ការខាតបង់ក្នុងការកាប់ដើមចន្ទីចាស់ៗចោលទៀតហើយ តាមរយៈបច្ចេកទេសថ្មីនៃ​ការកាត់មែក និងកែលម្អ ដើមចាស់ឱ្យលូតលាស់ឡើងវិញ ដែលណែនាំដោយ ក្រុមអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យា​សាស្ត្រកសិកម្ម​តំបន់ត្រូពិកចិន បាននិងកំពុងជួយឱ្យចម្ការចន្ទីចាស់ៗ ត្រឡប់មកហុចទិន្នផលខ្ពស់ជាថ្មី និងជួយរក្សាប្រាក់ ចំណូលរបស់កសិករ។

ផ្អែកតាមការចុះអនុវត្តជាក់ស្តែងនៅតាមចម្ការក្នុង ខេត្តកំពង់ធំ សមាគមស្វាយចន្ទីកម្ពុជា (CAC) បាន​សម្តែង​ក្តីសង្ឃឹមយ៉ាងមុតមាំ​លើបច្ចេកទេស​ស្តារដើម​ចន្ទី​ចាស់ៗនេះ។ លោក អួន ស៊ីឡុត ប្រធានសមាគម​ស្វាយចន្ទីកម្ពុជា បានប្រាប់ឱ្យដឹងថា កន្លងមកជាពិសេស​ក្នុង​ឆ្នាំ២០២១ និង២០២២ កសិករបានកាប់ដើម​ចន្ទី​ពូជប្រពៃណី និងដើមចាស់ៗចោលអស់ជិត ៥០ហិកតា ដោយសារតែវាហុចផល​ទាប។ប៉ុន្តែតាមវិធីសាស្រ្តថ្មី​ដែល​ចែករំលែកដោយអ្នកបច្ចេកទេសចិន បានផ្តល់នូវ​ផលចំណេញច្រើន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបាន​បញ្ជាក់ថា វិធីសាស្រ្តថ្មីនេះ គឺគេកាប់ដើមចន្ទីអាយុ​ប្រមាណ​ ២៥ឆ្នាំ ដែលលែង​សូវហុចផល ដោយកាត់​មែកចាស់ចោលសល់តែកម្ពស់ពីដី ១ទៅ២ម៉ែត្រ ដើម្បីឱ្យវាដុះមែកនិងស្លឹកថ្មី។ វិធីនេះធ្លាប់ជោគជ័យ​លើដើមពុទ្រា ហើយយើងសង្ឃឹមយ៉ាងមុតមាំថានឹង​ទទួលបានលទ្ធផលល្អដូចគ្នាលើដើមស្វាយចន្ទី។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើដំណាំកៅស៊ូនេះដែរ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំកម្ពុជាបាន​បង្ហោះសំណេរ​លើបណ្តាញ​សង្គមផ្លូវការក្នុងសប្ដាហ៍នេះថា ការណែនាំបច្ចេកទេស​កែលម្អចម្ការស្វាយចន្ទីចាស់ៗនេះ ធ្វើឡើងដើម្បីជួយ​ការពារ​កុំឱ្យចម្ការស្វាយ​ចន្ទីចាស់ៗជិត ៣០ម៉ឺនហិកតានៅ​កម្ពុជា ត្រូវគេកាប់បំផ្លាញ ឬបោះបង់ចោល។ គំនិតផ្ដួច​ផ្ដើមនេះ ក៏ទទួលបានការកោត​សរសើរយ៉ាង​ខ្លាំងពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាផងដែរ។

គួររំលឹកថា កម្ពុជាមានផ្ទៃដីសមស្របអាចដាំស្វាយចន្ទី​បាន​រហូតដល់ ១,២៨លានហិកតា ក្នុងនោះផ្ទៃដីដាំដុះ​ជាក់ស្តែងមានប្រមាណ​ជាង ៥៨ម៉ឺនហិកតា។ ដំណាំ​យុទ្ធសាស្ត្រមួយនេះ កំពុងបង្កើតចំណូលយ៉ាងច្រើន​ដល់សេដ្ឋកិច្ចជាតិ ។ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៦​នេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង ១លាន​តោន គិតជាទឹកប្រាក់ប្រមាណ ១ ៧៥១លានដុល្លារ​អាម៉េរិក ដែលកើនឡើង ២៨.៩% បើធៀបនឹងរយៈ​ពេល​ដូចគ្នានៅឆ្នាំមុន។ នេះបើតាមរបាយការណ៍​ក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា