អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ លើ ២៩ ទីតាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ លើ ២៩ ទីតាំង

អាជ្ញាធរជាតិព្រះវិហារ ចាប់ផ្តើមអនុវត្តគម្រោងសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ លើ ២៩ ទីតាំង

អាជ្ញាធរជាតិព្រះវិហារ តាមរយៈនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានចាប់ផ្តើមអនុវត្តគម្រោងអន្តរាគមន៍សង្គ្រោះបន្ទាន់ ប្រាសាទព្រះវិហារដំណាក់កាលទី២ ក្នុងសប្ដាហ៍នេះ។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានបើកការដ្ឋានអនុវត្តគម្រោងទល់ទ្រសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ដំណាក់កាលទី២ នៅលើ ២៩ ទីតាំង ដើម្បីការពារនិងទប់ស្កាត់ការដួលរលំរចនាសម្ព័ន្ធប្រាសាទ មុននឹងឈានទៅដល់ការជួសជុល​ពេញលេញនាពេលអនាគត។

គម្រោងដំណាក់កាលទី២ ដែលត្រូវអនុវត្តលើ ២៩ទីតាំងនេះ រួមមាន៖ នៅគោបុរៈទី១ ចំនួន១០ទីតាំង ,គោបុរៈទី២ ចំនួន៨ទីតាំង, ស្ពានហាល​ចន្លោះគោបុរៈទី២ និងទី៣ ចំនួន២ទីតាំង ,គោបុរៈទី៣ ចំនួន៥ទីតាំង ,គោបុរៈទី៤ ចំនួន១ទីតាំង ,ស្ពានហាលចន្លោះគោ​បុរៈ​ទី៤ និងទី៥ ចំនួន១ទីតាំង គោបុរៈទី៥ ចំនួន១ទីតាំង និងខឿនទ្រក្បាលនាគខាងលិច ចំនួន១ទីតាំង។

គួរជម្រាបថា កាលពីដំណាក់កាលទី១ ក្រុមការងាររបស់អាជ្ញាធរជាតិព្រះវិហារ ធ្លាប់បានទល់ទ្រសង្គ្រោះបន្ទាន់រួចរាល់ចំនួន ២៣ទីតាំង ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥។

ការទល់ទ្រសង្គ្រោះបន្ទាន់នេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការដួលរលំ និងការខូចខាតរចនាសម្ព័ន្ធសំណង់ ដើម្បីការពារតម្លៃ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ ដែលជាបេតិកភណ្ឌពិភព ព្រមទាំងដើម្បី​ធានាសុវត្ថិភាពប្រាសាទ មុននឹងឈានទៅបើកការជួសជុល​ជាបន្ត​បន្ទាប់​ទៀត។

សូមជម្រាបថា ប្រាសាទព្រះវិហារ ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដោយអង្គការ​យូណេស្កូ (UNESCO)។

 គួររំឭកដែរថា កាលពីឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចប្រកាសជាផ្លូវការថា ប្រាសាទព្រះវិហារស្ថិតក្រោម​អធិបតេយ្យ​ភាព និងជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា។ ទោះជាយ៉ាងណា ជម្លោះព្រំដែនបានផ្ទុះឡើងជាថ្មីនៅខែកក្កដា ឆ្នាំ២០០៨ ក្រោយយោធាថៃបានចូលឈ្លានពានដែនដីកម្ពុជា បន្ទាប់ពីអង្គការយូណេស្កូបានចុះបញ្ជីប្រាសាទនេះជាបេតិកភណ្ឌពិភពលោក ដែលបង្ក​ឱ្យមានការប៉ះទង្គិចប្រដាប់អាវុធ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង។

រហូតមកដល់ឆ្នាំ២០២៥ ជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងជាថ្មីម្តងទៀត ដោយសារការវាយប្រហារយ៉ាងកម្រោលពីសំណាក់យោធាថៃ​មកលើតំបន់ប្រាសាទព្រះវិហារ ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ដែលបណ្តាលឱ្យប្រាសាទបុរាណមួយនេះរងការខូចខាតយ៉ាង​ធ្ងន់ធ្ងរ៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា