ក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិជាង ៤០ឆ្នាំនៅទីផ្សារចិនត្រៀមខ្លួនវិនិយោគលើឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិជាង ៤០ឆ្នាំនៅទីផ្សារចិនត្រៀមខ្លួនវិនិយោគលើឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា

ក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិជាង ៤០ឆ្នាំនៅទីផ្សារចិនត្រៀមខ្លួនវិនិយោគលើឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា

បន្ទាប់ពីធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មស្វាយចន្ទី ថ្នាក់ដឹកនាំក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិជាង ៤០ឆ្នាំ នៅទីផ្សារចិនបានត្រៀមខ្លួនពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។
 
លោក ចូវ ជាសឹង នាយកប្រតិបត្តិក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. បញ្ជាក់ដូច្នេះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
 
ក្រុមហ៊ុន Guangdong Nan Xing Rainbow Nut Co., Ltd. គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ដូចជាស្វាយចន្ទី គ្រាប់អាល់ម៉ុន គ្រាប់រីករាយជាដើម នៅក្នុងទីផ្សារប្រទេសចិនប្រមាណ ៤០ឆ្នាំ ដោយមានផលរបរប្រចាំឆ្នាំប្រមាណ ៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។
 
បើតាមលោក ចូវ ជាសឹង ក្រុមហ៊ុនមានបំណងក្នុងការពង្រីកការវិនិយោគមកកម្ពុជា ដោយបណ្តាក់ទុនវិនិយោគក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយលោកបន្តថា ក្រុមហ៊ុនក៏មានបំណងទាក់ទាញក្រុមហ៊ុនផលិតម៉ាស៊ីនកែច្នៃស្វាយចន្ទីរបស់ចិន មកសិក្សាធ្វើការដំឡើងនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់រោងចក្រកែច្នៃនៅក្នុងស្រុក ផងដែរ។
 
ក្រៅពីសម្លឹងឃើញសក្តានុពលនៃវិស័យស្វាយចន្ទីនៅកម្ពុជា លោក ចូវ ជាសឹង ក៏មានបំណងនាំចូលគ្រាប់ផ្លែរីករាយ ឬ Pistachio nut ពីសហរដ្ឋអាម៉េរិក មកកែច្នៃនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអាម៉េរិកផងដែរ។ លោកសង្ឃឹមថា តាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងមានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលឆាប់ៗ ខាងមុខ។
 
ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទី ដោយបានផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឯកទេសឧស្សាហកម្មកែច្នៃស្វាយចន្ទី ស្ថិតនៅខេត្តកំពង់ធំ ដោយផ្តល់នូវការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តពិសេសលើសពីច្បាប់វិនិយោគ។
 
បន្ថែមលើនេះ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
 
ប្រទេសចិន បានឈរនៅលំដាប់ថ្នាក់លេខ១ ក្នុងចំណោមវិនិយោគិនបរទេស ដែលបានបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង កាលពីខែកញ្ញា ទុនវិនិយោគមកពីប្រទេសចិន មានចំណែកជិត ២៨ភាគរយ ក្នុងទំហំទុនវិនិយោគសរុបចំនួន ៤៧០លានដុល្លារ៕ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា