សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន និងបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន និងបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន និងបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែកផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់សម្តេចចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ មកជជែកគ្នាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅកម្ពុជា ដើម្បីបង្ហាញអំណះអំណាងរបស់លោក ដែលបានចោទប្រកាន់រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃនៅកន្លែងនោះ។

តាមរយៈបណ្តាញសង្គមសម្តេចធិបតីបានសរសេរនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះថា ក្នុងរយៈពេលជិត២សប្តាហ៍កន្លងមកនេះ ជំហររបស់លោក អ៊ុំ សំអាន មានការប្រែប្រួលមិនឈប់ឈរ៖ ម្តងគាត់ថាមិនហ៊ានមកព្រោះខ្លាចគេលួចបាញ់ឬវាយបែកក្បាល, ម្តងគាត់ថាមកទាល់តែមានការលើកលែងទោស, ឥឡូវគាត់ថាមកដោយមិនបាច់មានការលើកលែងទោស, ម្តងគាត់ថាមានឯកសានិងភស្តុតាងគ្រប់គ្រាន់, ម្តងគាត់ថាអត់មានឯកសារអ្វីច្បាស់លាស់ទេ លឺតែគេថា ឬដឹងតាមញាណពិសេសរបស់គាត់, ម្តងគាត់ថាទាល់តែមានជំនាញព្រំដែនបារាំងមកទើបគាត់ទទួលស្គាល់លទ្ធផលនៃការជជែកគ្នា, ម្តងគាត់ថាអត់និយាយរឿងព្រំដែនចន្លោះបង្គោល៥២-៥៩ ទេ គាត់ត្រូវនិយាយអំពីព្រំដែនទាំងមូល ទាំងព្រំដែនទឹក ទាំងព្រំដែនគោក, ម្តងគាត់ថាគាត់ជាអ្នកនយោបាយគាត់ត្រូវមកនិយាយ(ឬធ្វើ)កិច្ចការនយោបាយ ។ល។

សម្តេចធិបតីបានបញ្ជាក់ថា៖ ជំហររបស់ខ្ញុំគឺច្បាស់លាស់និងមិនប្រែប្រួល ដូចបញ្ជាក់តាំងពីដំបូងរហូតមក គឺអញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ ឱ្យនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ ជាពិសេសកន្លែងដែលគាត់ចោទប្រកាន់រាជរដ្ឋាភិបាលនិងក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាលថាបានបោះបង្គោលចូលក្នុងដីខ្មែរ ធ្វើឱ្យខ្មែរបាត់បង់ទឹកដីទៅថៃ។

ហេតុដូច្នេះ ដើម្បីឱ្យមានភាពច្បាស់លាស់ សម្តេចសូមបញ្ជាក់នូវលក្ខខណ្ឌមួយចំនួនសម្រាប់ការជួបជជែក ផ្ទៀងផ្ទាត់គ្នាដែលនឹងកើតមាននៅពេលខាងមុខ៖
១. ត្រូវជជែកគ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ លើប្រធានបទតែមួយគត់ គឺមកជជែក និងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ ដែលលោកនិងក្រុមលោកបានចោទរាជរដ្ឋាភិបាលថាបានកាត់ដីឱ្យថៃ។ ហេតុដូច្នេះលោក និងក្រុមរបស់លោកត្រូវរៀបចំក្រុមជំនាញព្រំដែនច្បាស់លាស់ដែលអាចយល់ដឹងពីបច្ចេកទេសព្រំដែន, ត្រៀមរាល់ឯកសារ ភស្តុតាងទាំងឡាយណាដែលលោកមានដើម្បី មកផ្ទៀងផ្ទាត់គ្នានៅក្នុងទឹកដីកម្ពុជានៅកន្លែងនេះដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់

២. មិនត្រូវ ធ្វើសកម្មភាពអ្វីក្រៅពីការជជែក និងផ្ទៀងផ្ទាត់គ្នាដោយឈរលើមូលដ្ឋានបច្ចេកទេសនិងឯកសារភស្តុតាងជាក់លាក់ ជាមួយក្រុមការងារព្រំដែនរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ នោះទេ ជាពិសេសការឆ្លៀតឱកាសធ្វើសកម្មភាពនយោបាយគ្រប់រូបភាព (មិនថាសម្ងាត់ឬចំហរនោះទេ) ក្នុងអំឡុងពេលក្រុមការងាររបស់លោកនៅកម្ពុជា។ និយាយឱ្យខ្លី គឺកុំធ្វើជាត្រីងៀតឆ្លៀតពង

៣. កិច្ចពិភាក្សាអាចធ្វើក្រោយថ្ងៃ ២៨ វិច្ឆិកា ២០២៦ ពេលណាក៏បាន ដោយសារមុនថ្ងៃ ២៨ វិច្ឆិកា រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូល OIF Summit ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ និងចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ

៤. ត្រូវមកដល់កម្ពុជាមិនច្រើនជាង ២ថ្ងៃ មុនចាប់ផ្តើមជជែកផ្ទៀងផ្ទាត់គ្នា និងត្រូវចាកចេញពីប្រទេសកម្ពុជាយ៉ាងយូរ ២ថ្ងៃ ក្រោយការជជែកផ្ទៀងផ្ទាត់គ្នារួចរាល់

សម្តេចធិបតីបានបញ្ជាក់ថា ការធានារបស់ខ្ញុំ គឺពាក់ព័ន្ធនឹងការមកកម្ពុជាដើម្បីជជែកនិងផ្ទៀងផ្ទាត់គ្នាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃចន្លោះបង្គោល ៥២-៥៩ តែប៉ុណ្ណោះ និងក្នុងរង្វង់ពេលវេលាដែលបានកំណត់ដូចបានបញ្ជាក់ខាងលើ។

ករណីលោក អ៊ុ សំអាន ទទួលយកបាននូវលក្ខខណ្ឌខាងលើសូមលោកបញ្ជាក់៖
១. សមាសភាពដែលត្រូវចូលរួម និងពេលវេលាដែលត្រូវមកដល់កម្ពុជា
២. តម្រូវការអ្វីខ្លះដែលរាជរដ្ឋាភិបាលអាចផ្ដល់ឱ្យលោក និង ក្រុមរបស់លោក (កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ ឬការការពារសន្តិសុខ) ដើម្បីយើងរៀបចំឱ្យបានសមរម្យ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា