កម្ពុជា ត្រៀមទទួលទេសចរអាស៊ីកណ្តាល តាមរយៈជើងហោះហើរត្រង់ជាមួយកាហ្សាក់ស្ថាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ត្រៀមទទួលទេសចរអាស៊ីកណ្តាល តាមរយៈជើងហោះហើរត្រង់ជាមួយកាហ្សាក់ស្ថាន

កម្ពុជា ត្រៀមទទួលទេសចរអាស៊ីកណ្តាល តាមរយៈជើងហោះហើរត្រង់ជាមួយកាហ្សាក់ស្ថាន

កម្ពុជាកំពុងត្រៀមបើកច្រកទេសចរណ៍ថ្មី ឆ្ពោះទៅកាន់តំបន់អាស៊ីកណ្តាល ខណៈដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការរៀបចំឱ្យមានជើងជើងហោះហើរត្រង់ឡើងវិញ រវាងកម្ពុជា និងសាធារណរដ្ឋកាហ្សាក់ស្ថាន។
 
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានលើកឡើងនៅថ្ងៃទី ២១ តុលាថា ជំហានវិជ្ជមាននេះ គឺជាផ្លែផ្កាកើតចេញពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។ ទន្ទឹមគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានជួបពិភាក្សាផ្ទាល់ជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines និងក្រុមហ៊ុន Selfie Travel Asia ដើម្បីជំរុញការបើកជើងហោះហើរត្រង់ឡើងវិញផងដែរ។
 
កន្លងមក SCAT Airlines ធ្លាប់បានបើកការហោះហើរពិសេស Charter Flight ភ្ជាប់ពីទីក្រុងអាស្តាណា និងអាល់ម៉ាទី មកកាន់ខេត្តព្រះសីហនុ ចន្លោះខែតុលា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ ដែលបាននាំភ្ញៀវទេសចរកាហ្សាក់ស្ថានជាច្រើន មកកម្សាន្តនៅតំបន់ឆ្នេរកម្ពុជា។
 
បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ការត្រៀមបើកឡើងវិញនូវជើងហោះហើរនេះ នឹងក្លាយជាស្ពានចងភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងប្រជាជននិងប្រជាជន ព្រមទាំងបើកផ្លូវឱ្យកម្ពុជាអាចស្រូបយកទេសចរពីបណ្តាប្រទេសជិតខាងក្នុងតំបន់អាស៊ីកណ្តាល ដូចជា អ៊ូបេគីស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និងតួកម៉េនីស្ថាន ឱ្យមកទស្សនាកម្សាន្តនៅតំបន់បេតិកភណ្ឌអង្គរ តំបន់ឆ្នេរ និងតំបន់អេកូទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។
 
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលផ្នែកបទប្បញ្ញត្តិ សុវត្ថិភាព និងប្រតិបត្តិការបច្ចេកទេស។ ចំពោះកាលបរិច្ឆេទនៃការហោះហើរ នឹងត្រូវប្រកាសជាផ្លូវការបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងនីតិវិធីច្បាប់អាកាសចរណ៍រៀបចំរួចរាល់។
 
បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៥ កំពុងប្រតិបត្តិការ ទាំងក្នុងស្រុក និងអន្តរជាតិ ដោយមានជើងហោះហើរសរុបជាមធ្យមជាង១ ពាន់ជើងក្នុងមួយសប្តាហ៍៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា