កម្ពុជា ដែលធ្លាប់រងគ្រោះពីអាវុធគីមីរបស់ថៃ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធគីមី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ដែលធ្លាប់រងគ្រោះពីអាវុធគីមីរបស់ថៃ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធគីមី

កម្ពុជា ដែលធ្លាប់រងគ្រោះពីអាវុធគីមីរបស់ថៃ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធគីមី

ប្រទេសកម្ពុជាគាំទ្រការអនុវត្តអនុសញ្ញាហាមឃាត់អាវុធគីមី និងកោតសរសើរ អង្គការហាមឃាត់អាវុធគីមី (OPCW) ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យពិភពលោកគ្មានអាវុធគីមី។

លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ជំហរនេះ កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅក្នុងកិច្ចពិភាក្សានៃគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៅទីក្រុងញូវយ៉ក។

តំណាងកម្ពុជាបានអំពាវនាវឱ្យរដ្ឋសមាជិកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្តេជ្ញាចិត្តរួម ដើម្បីធានាឱ្យបាននូវការហាមឃាត់ការប្រើប្រាស់អាវុធគីមី ការគោរពច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព និងសន្តិសុខពិភពលោក។ លោក នៅ សុខសំណាង បាន លើកឡើងថា សន្តិភាព និងសន្តិសុខអន្តរជាតិនៅតែបន្តស្ថិតក្រោមការគំរាមកំហែង ដរាបណាអាវុធប្រល័យលោកនៅតែបន្តបង្កហានិភ័យមហន្តរាយដល់មនុស្សជាតិ។

លោកបន្តថា ការលុបបំបាត់អាវុធប្រល័យលោក រួមទាំងអាវុធគីមី និងអាវុធជីវសាស្ត្រ គឺមានសារៈសំខាន់ក្នុងការការពារមនុស្សជាតិ និងធានាសន្តិភាពយូរអង្វែង។ កម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់អាវុធគីមីដោយតួអង្គណាក៏ដោយ ស្ថិតក្រោមជំពូក ឬកាលៈទេសៈណាក៏ដោយ គឺមិនអាចទទួលយកបានឡើយ ហើយត្រូវតែដោះស្រាយស្របតាមច្បាប់អន្តរជាតិ។

កម្ពុជាអំពាវនាវឱ្យមានការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការហាមឃាត់អាវុធគីមី ក្នុងការតាមដានការវិវត្តទាំងនេះ ព្រមទាំងដោះស្រាយហានិភ័យនៃការរីកសាយភាយដែលអាចកើតមាន និងលើកកម្ពស់ការអនុវត្តប្រកបដោយការទទួលខុសត្រូវនៃកម្រិតជឿនលឿនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ជាមួយគ្នានេះ កម្ពុជាក៏បានអំពាវនាវឱ្យមានការបង្កើនកិច្ចសន្ទនា និងការប្តេជ្ញាចិត្តចំពោះកិច្ចការរំសាយអាវុធនុយក្លេអ៊ែរ ជាជាងការបង្កើនសមត្ថភាព និងការប្រកួតប្រជែងផ្នែកយោធា។

សូមបញ្ជាក់ថា កម្ពុជាក៏ធ្លាប់បានរងគ្រោះពីអាវុធគីមីផងដែរនាពេលថ្មីៗនេះ។ ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ ធ្លាប់បានបញ្ជាក់ថា នៅក្នុងកំឡុងសង្គ្រាមព្រំដែនកាលពីឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់អាវុធគីមី និងសារធាតុគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា ដែលបង្កឱ្យប្រជាពលរដ្ឋខ្មែរជិត ៤០០នាក់ រងគ្រោះ។ចំពោះរឿងនេះ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការហាមឃាត់អាវុធគីមីរួចហើយ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា