៩ខែឆ្នាំនេះ ជនជាប់ឃុំជាង៨ពាន់នាក់ទទួលបានជំនាញមុខរបរ មុនទទួលសេរីភាពវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៩ខែឆ្នាំនេះ ជនជាប់ឃុំជាង៨ពាន់នាក់ទទួលបានជំនាញមុខរបរ មុនទទួលសេរីភាពវិញ

៩ខែឆ្នាំនេះ ជនជាប់ឃុំជាង៨ពាន់នាក់ទទួលបានជំនាញមុខរបរ មុនទទួលសេរីភាពវិញ

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរដល់ជនជាប់ឃុំសរុបចំនួន ៨ ១៤៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៧០៣នាក់។ ជនជាប់ឃុំចំនួន២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ។

ការបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យជនជាប់ឃុំមានចំណេះដឹង និងជំនាញច្បាស់លាស់ អាចយកទៅប្រកបរបរចិញ្ចឹមជីវិត និងរកការងារធ្វើបាន នៅពេលដែល​ពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពវិញ។

ក្នុងចំណោមជនជាប់ឃុំទាំងជាង ៨ពាន់នាក់នេះ មាន ៤ ៥២១នាក់ បានចូលរួមអនុវត្តជំនាញ និងមុខរបរជាក់ស្តែង ខណៈ ១២០៩នាក់ បានទទួលការបណ្តុះបណ្តាលដោយអង្គភាពពន្ធនាគារផ្ទាល់។ ចំណែកជាង ២ ៤០០នាក់ផ្សេងទៀត បានទទួលការបណ្តុះបណ្តាលតាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌល និងអង្គការដៃគូនានា។

ជំនាញដែលជនជាប់ឃុំទទួលបាននោះរួមមាន​ ជំនាញកាត់ដេរ សម្អាងការ ការងារសំណង់ ការប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិច បរិក្ខារត្រជាក់ និងគ្រឿងយន្តជាដើម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានពង្រឹងការរៀបចំ និងអភិវឌ្ឍន៍ឧស្សាហកម្មខ្នាតតូច សិប្បកម្ម កសិកម្ម និងជំនាញសំណង់ក្នុងពន្ធនាគារ ដោយផ្អែកលើសក្តានុពលនៅតាមពន្ធនាគារនីមួយៗ ព្រមទាំងស្វែងរកប្រភពធនធាន និងដៃគូវិនិយោគបន្ថែម។

ក្រៅពីនេះ សេវាអប់រំកែប្រែ និងស្តារនីតិសម្បទាត្រូវបានអនុវត្តយ៉ាងសកម្ម ដោយបច្ចុប្បន្ន ជនជាប់ឃុំកំពុងសិក្សាថ្នាក់អក្ខរកម្ម ថ្នាក់សមមូល (BEEP) និងថ្នាក់ភាសាបរទេស សរុបចំនួន ៩០ថ្នាក់ ស្មើនឹង ១ ៥៨៩នាក់។ ក្នុងពន្ធនាគារ អ្នកជាប់ឃុំក៏ទទួលបានការអប់រំអំពីបទបញ្ជាផ្ទៃក្នុង បញ្ហាគ្រឿងញៀន សីលធម៌សង្គម សាសនា ច្បាប់ស្តីពីពន្ធនាគារ និងក្រមព្រហ្មទណ្ឌផងដែរ។

បច្ចុប្បន្ន នៅទូទាំងប្រទេសមានជនជាប់ឃុំជាង ៧ម៉ឺន ២ពាន់នាក់ ក្នុងពន្ធនាគារចំនួន២៥ និងមណ្ឌលអប់រំកែប្រែចំនួន៤៕

សៅ សុខអេង 

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា