សេនាធិការកងទ័ពហ្វីលីពីនអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេនាធិការកងទ័ពហ្វីលីពីនអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន

សេនាធិការកងទ័ពហ្វីលីពីនអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេបជូនគណៈប្រតិភូអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្ត្រច្រកបឹងត្រកួន។ បទបង្ហាញនេះបានបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាក្នុងការគោរព និងអនុវត្តបទឈប់បាញ់ ព្រមទាំងសេចក្តីប្រកាសរួមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះ ការធ្វើបទបង្ហាញនេះក៏បានគូសបញ្ជាក់ពីបញ្ហាប្រឈម និងក្តីបារម្ភមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពជាច្រើនដែលបាននឹងកំពុងបន្តកើតឡើង មិនស្របទៅតាមស្មារតីនៃកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ និងច្បាប់អន្តរជាតិ។ សកម្មភាពទាំងអស់នេះត្រូវតែបញ្ឈប់ជាបន្ទាន់ ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ទំនុកចិត្ត ក៏ដូចជាការជឿជាក់រវាងប្រទេសទាំងពីរ។

ការអញ្ជើញចុះមកកាន់ទីតាំងដោយផ្ទាល់របស់សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្ររបស់ហ្វីលីពីនក្នុងនាមប្រធានប្តូរវេន ក៏ដូចជាសមាជិកអាស៊ាន ចំពោះកិច្ចខិតខំប្រឹងប្រែងរក្សាបទឈប់បាញ់របស់កម្ពុជា និងការបំពេញការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ជាពិសេសការសម្រេចបាននូវដំណោះស្រាយមួយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាតែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា