គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីបញ្ចប់ការសាងសង់ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងពេលឆាប់ៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីបញ្ចប់ការសាងសង់ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងពេលឆាប់ៗ

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីបញ្ចប់ការសាងសង់ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងពេលឆាប់ៗ


គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានសាងសង់បញ្ចប់​ហើយគ្រោងរៀបចំពិធី​សម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ ដើម្បីឆ្លើយតបតម្រូវការទឹកស្រោចស្រព និងប្រើប្រាស់របស់ប្រជាពលរដ្ឋ។
 
អាងស្តុកទឹកដ៏ធំនៃគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី សាងសង់រួចរាល់ជាស្ថាពរ និងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងពេលឆាប់ៗ ដែលនឹងផ្តល់ប្រភពទឹកស្រោចស្រពលើផ្ទៃដីកសិកម្មរាប់ម៉ឺនហិកតា និងបម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋជាង ៨ ៥០០គ្រួសារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ។ទោះយ៉ាង​ណា ឯកឧត្តម មិនទាន់ប្រាប់ពីពេលវេលាច្បាស់លាស់នៅឡើយ នូវដាក់ឱ្យដំណើរការអាងស្តុកទឹកនេះ។
 
គម្រោងទំនប់អាងស្តុកទឹកដ៏ធំមួយនេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដោយមានទីតាំងស្ថិតនៅចម្ងាយ​ប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយព្យពីក្រុងបាត់ដំបង។ទំនប់នេះមានសមត្ថភាពស្តុកទឹកបានរហូតដល់ប្រមាណ ១៦៣លានម៉ែត្រគូប និងមានសក្តានុពលខ្ពស់ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មបានប្រមាណ ៣៣ ពាន់ហិកតានៅក្នុងរដូវវស្សា និងប្រមាណ ៤ ៥០០ហិកតា នៅក្នុងរដូវប្រាំង។
 
ប្រភពទឹកពីទំនប់ដូនទ្រី នឹងផ្តល់ផលប្រយោជន៍យ៉ាងគ្របដណ្តប់លើឃុំចំនួន ១៥ ក្នុងស្រុកចំនួន៣ រួមមាន៖ស្រុកមោងឫស្សី និងស្រុក​រុក្ខគិរី នៃខេត្តបាត់ដំបង ព្រមទាំងស្រុកបាកាន នៃខេត្តពោធិ៍សាត់ ដោយមានការប៉ាន់ស្មានថា ប្រជាពលរដ្ឋទទួលបាន​ផលប្រយោជន៍ផ្ទាល់​ប្រមាណ ៨ ៥០០គ្រួសារ។
 
បន្ថែមពីលើកិច្ចការកសិកម្ម គម្រោងនេះក៏ជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់សម្រាប់គ្រប់វិស័យ ជាពិសេសការផលិតទឹកស្អាតបម្រើឱ្យ​ការប្រើ​ប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយគ្រោះទឹកជំនន់នៅ​តំបន់ផ្នែក​ខាងក្រោមផងដែរ៕ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា