ប្រជាជនក្រិករាប់ពាន់នាក់ធ្វើបាតុកម្មទូទាំងប្រទេស ទាមទារការយកចិត្តទុកដាក់លើវិស័យអប់រំ សុខភាព និងតម្លៃនៃការរស់នៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាជនក្រិករាប់ពាន់នាក់ធ្វើបាតុកម្មទូទាំងប្រទេស ទាមទារការយកចិត្តទុកដាក់លើវិស័យអប់រំ សុខភាព និងតម្លៃនៃការរស់នៅ

ប្រជាជនក្រិករាប់ពាន់នាក់ធ្វើបាតុកម្មទូទាំងប្រទេស ទាមទារការយកចិត្តទុកដាក់លើវិស័យអប់រំ សុខភាព និងតម្លៃនៃការរស់នៅ

អាតែន ៖ ប្រជាជនក្រិករាប់ពាន់នាក់ រួមមាន និស្សិត គ្រូបង្រៀន មន្ត្រីរាជការ និងអ្នកចូលនិវត្តន៍ បានប្រមូលគ្នាធ្វើបាតុកម្មឈុតធំទូទាំងប្រទេសក្រិក កាលពីថ្ងៃពុធ ដើម្បីទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកលើវិស័យអប់រំ សុខភាព និងការកើនឡើងតម្លៃនៃការរស់នៅ ។

យោងតាមស្ថានីយទូរទស្សន៍ជាតិ ERT របស់ក្រិក, បាតុករប្រមាណ ១០.០០០ នាក់បាននាំគ្នាដើរដង្ហែតវ៉ាក្នុងរដ្ឋធានីអាថែន ឆ្ពោះទៅកាន់អគារសភា ដោយកាន់បដា និងស្រែកពាក្យស្លោកទាមទារឱ្យមានការកែលម្អសេវាសាធារណៈ ។

បាតុកម្មខ្នាតធំនេះ ធ្វើឡើងក្នុងគោលបំណងទាមទារឱ្យរដ្ឋាភិបាលបង្កើនមូលនិធិទ្រទ្រង់ដល់វិស័យអប់រំសាធារណៈ និងការថែទាំសុខភាព ក៏ដូចជាដំឡើងប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍ ព្រមទាំងចាត់វិធានការបន្ធូរបន្ថយការកើនឡើងតម្លៃនៃការរស់នៅ ។

ទន្ទឹមគ្នា សហព័ន្ធសហជីពមន្ត្រីរាជការក្រិក ហៅកាត់ ADEDY បានអំពាវនាវឱ្យមានបាតុកម្មទូទាំងប្រទេសកាលពីថ្ងៃពុធ និងបានបង្ហាញសាមគ្គីភាពជាមួយបាតុកម្មស្រដៀងគ្នានៅប្រទេសបារាំង ។

រីឯនិសិត្សក្រិកក៏បានបង្ហាញការគាំទ្រ ចំពោះចលនាតវ៉ានៅប្រទេសបារាំង ដោយស្រែកពាក្យស្លោកថា «ពីក្រិកដល់បារាំង យើងតស៊ូដើម្បីការអប់រំសាធារណៈដោយឥតគិតថ្លៃ» ។ ចំណែកបាតុករមួយចំនួនទៀតស្រែកថា «ផ្តល់ថវិកាដល់សាលារៀន មិនមែនដល់សង្គ្រាមទេ» ។

ជាមួយគ្នានេះ ក្រុមបាតុករបានទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយកំណើនចំណាយលើការអប់រំ កង្វះកន្លែងស្នាក់នៅសម្រាប់និស្សិត ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងការខ្វះថវិកាសម្រាប់សេវាសាធារណៈ ជាពិសេសទាមទារឱ្យដំឡើងប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍ ដើម្បីជួយប្រជាពលរដ្ឋទប់ទល់នឹងការកើនឡើងតម្លៃនៃការរស់នៅ ។

ប្រភពដដែលឱ្យដឹងថា ក្រៅពីរដ្ឋធានីអាថែន បាតុកម្មស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងទីក្រុងជាង ៥០ ទូទាំងប្រទេសក្រិកផងដែរ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា