ក្រោយជម្លោះព្រំដែន ទឹកដោះគោក្នុងស្រុកកាន់តែមានទីផ្សារ ប៉ុន្តែកម្លាំងគាំទ្រហាក់ថយចុះបន្តិចជាមួយកំណើននៃការនាំចូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយជម្លោះព្រំដែន ទឹកដោះគោក្នុងស្រុកកាន់តែមានទីផ្សារ ប៉ុន្តែកម្លាំងគាំទ្រហាក់ថយចុះបន្តិចជាមួយកំណើននៃការនាំចូល

ក្រោយជម្លោះព្រំដែន ទឹកដោះគោក្នុងស្រុកកាន់តែមានទីផ្សារ ប៉ុន្តែកម្លាំងគាំទ្រហាក់ថយចុះបន្តិចជាមួយកំណើននៃការនាំចូល

ក្រោយកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ ទឹកដោះគោក្នុងស្រុកកាន់តែមានទីផ្សារ ខណៈអ្នកផលិតទឹកដោះគោស្រស់ក្នុងស្រុកមួយចំនួនបានពង្រីកផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីជំនួសការនាំចូលទឹកដោះគោពីប្រទេសថៃ ក៏ដូចជា បំពេញតម្រូវការក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា។
 
លោក អ៊ុយ សុខដាញ់ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន CPFM Dairy & Food ដែលជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងផ្គត់ផ្គង់ទឹកដោះគោម៉ាក អូម៉ ក្នុងទីផ្សារកម្ពុជា បានអះអាងថា មុនពេលកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ កសិដ្ឋាន អូម៉ បានផលិតកម្មទឹកដោះគោស្រស់ប្រមាណ ៥០០លីត្រ ក្នុង ១ថ្ងៃ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។ ក្រោយមានជម្លោះព្រំដែន កសិដ្ឋាន អូម៉ បានបង្កើនការផលិតរហូតដល់ ១ពាន់លីត្រ ក្នុង ១ថ្ងៃ ដោយសារសន្ទុះគាំទ្រខ្លាំង និងកម្លាំងពហិការរបស់ប្រជាពលរដ្ឋកម្ពុជាលើទំនិញថៃ។
 
ប៉ុន្តែ លោក អ៊ុយ សុខដាញ់ បានកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ ការគាំទ្រទឹកដោះគោក្នុងស្រុក ហាក់មានសភាពទ្រឹង មានន័យថា ​មិនសូវជាមានសន្ទុះខ្លាំង ដូចអំឡុងពេលមានជម្លោះព្រំដែនជាមួយថៃថ្មីៗឡើយ ដ្បិតទឹកដោះគោក្នុងស្រុកកំពុងប្រឈមនឹង​ការប្រកួតប្រជែងខ្លាំងជាមួយទឹកដោះគោនាំចូល។
 
បញ្ហាប្រឈមសម្រាប់ទឹកដោះគោក្នុងស្រុក គឺស្តង់ដាទឹកដោះគោ មានន័យថា ទឹកគោក្នុងស្រុកផលិតតាមបែបធម្មជាតិសុទ្ធសាធ មិនមានដាក់សារធាតុរក្សាទុកបានយូរ និងមិនប្រើក្លិនគីមី ដែលធ្វើឲ្យទឹកដោះគោផលិតក្នុងស្រុក ពេលខ្លះអាចជួបបញ្ហាប្រែប្រួលរសជាតិ​ទៅតាមសុខភាពគោ និងតាមសីតុណ្ហភាពជាដើម។ នេះបើតាមលោក អ៊ុយ សុខដាញ់។
 
បញ្ហានេះធ្វើឲ្យកម្ពុជានៅតែបន្ត​នាំចូលទឹកដោះគោ​ពីក្រៅ បើទោះបីឧស្សាហកម្មទឹកដោះគោនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក៏ដោយ។ ជាមធ្យម ​កម្ពុជាមានតម្រូវការ​ទឹកដោះគោស្រស់ជាង ៣៦ លានលីត្រ ក្នុងមួយឆ្នាំ ឬស្មើ​នឹង ១០ ម៉ឺនលីត្រ​ក្នុងមួយថ្ងៃ ស្របពេលដែលកម្ពុជា អាចផលិតទឹកដោះគោស្រស់បានប្រមាណ ២ម៉ឺនលីត្រ ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
 
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចូលទឹកដោះគោស្រស់​គិតជាទឹកប្រាក់ជាង ៥៦លានដុល្លារ កើនឡើង ១៩លាន​ដុល្លារ ធៀបនឹងឆ្នាំ ២០២៤។ ចំណែកក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ កម្ពុជា បាននាំចូលទឹកដោះគោស្រស់ ក្នុងទំហំទឹកប្រាក់ជាង ៥០លានដុល្លារ។
 
ទឹកដោះគោស្រស់ដែលកម្ពុជានាំចូលភាគច្រើន គឺមកពី​ប្រទេសម៉ាឡេស៊ី វៀតណាម អាមេរិក សិង្ហបុរី អូស្រ្តាលី ឥណ្ឌូនេស៊ី ជប៉ុន បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន ដាណឺម៉ាក ប្រទេសថៃ និងកូរ៉េខាងត្បូង ជាដើម៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា