លោក Musk ដាក់មហិច្ឆតាផលិតមនុស្សយន្ត Optimus ចំនួន ២ ម៉ឺនគ្រឿងមួយសប្តាហ៍នៅឆ្នាំ ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Musk ដាក់មហិច្ឆតាផលិតមនុស្សយន្ត Optimus ចំនួន ២ ម៉ឺនគ្រឿងមួយសប្តាហ៍នៅឆ្នាំ ២០២៧

លោក Musk ដាក់មហិច្ឆតាផលិតមនុស្សយន្ត Optimus ចំនួន ២ ម៉ឺនគ្រឿងមួយសប្តាហ៍នៅឆ្នាំ ២០២៧

វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ប្រកាសដាក់មហិច្ឆតាបង្កើនសមត្ថភាពផលិតមនុស្សយន្តមានរូបរាងដូចមនុស្ស Optimus ឱ្យបានរហូតដល់ ២០,០០០ គ្រឿងក្នុងមួយសប្តាហ៍ ឬជិត ១ លានគ្រឿងក្នុងមួយឆ្នាំនៅត្រឹមចុងឆ្នាំ ២០២៧ ខាងមុខ ។

បើតាម Interesting Engineering, ការដាក់មហិច្ឆតារបស់កំពូលមហាសេដ្ឋីពិភពលោករូបនេះ ត្រូវបានធ្វើឡើងចំពេលដែល Tesla ចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មមនុស្សយន្ត Optimus ក្នុងទ្រង់ទ្រាយធំនៅរោងចក្រនៃទីក្រុង Fremont រដ្ឋ California ។

ការចាប់ផ្តើមផលិតខ្នាតធំនេះ គឺជាការបោះជំហានដ៏សំខាន់មួយរបស់ Tesla ក្នុងការជំរុញគម្រោងផលិតមនុស្សយន្ត Optimus ពីដំណាក់កាលអភិវឌ្ឍទៅកាន់ការផលិតសម្រាប់ចែកចាយលក់លើទីផ្សារ ដើម្បីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ។ មនុស្សយន្ត Optimus ត្រូវបានរាយការណ៍ថា មានតម្លៃចន្លោះពី ២០,០០០ ទៅ ៣០,០០០ ដុល្លារក្នុងមួយគ្រឿង ។

យ៉ាងណា លោក Musk បានទទួលស្គាល់ថា ការពង្រីកផលិតកម្មឱ្យឈានដល់កម្រិតនេះនឹងជួបការលំបាកខ្លាំង ដោយសារមនុស្សយន្ត Optimus មានរចនាសម្ព័ន្ធស្មុគស្មាញ និងត្រូវការបច្ចេកវិទ្យាផលិតដែលមានភាពជាក់លាក់ខ្ពស់ ។

លោកថា ចំណុចប្រឈមសំខាន់មួយគឺការផលិតដៃរបស់មនុស្សយន្ត ដែលទាមទារមានសមត្ថភាពចាប់កាន់ និងភាពបត់បែនខ្ពស់ដូចដៃមនុស្សពិតៗ ។ ឆ្លើយតបបញ្ហានេះ Tesla នឹងត្រូវបន្តអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យមនុស្សយន្តអាចចាប់កាន់ រៀនសូត្រ និងអនុវត្តការងារផ្សេងៗដោយខ្លួនឯងបានកាន់តែមានប្រសិទ្ធភាព ។

បើតាម Business Insider, សម្រាប់ផែនការក្នុងពេលអនាគត ក្រុមហ៊ុន Tesla គ្រោងនឹងបញ្ចូលបន្ទះឈីបជំនាន់ថ្មី AI5 ទៅក្នុងមនុស្សយន្ត Optimus នៅប្រហែលពាក់កណ្តាលឆ្នាំ ២០២៧ ដើម្បីបង្កើនសមត្ថភាពបញ្ញាស្មារតីរបស់វា ។

ហើយក្រៅពីរោងចក្រដំបូងនៅទីក្រុង Fremont ក្រុមហ៊ុន Tesla ក៏កំពុងសាងសង់ខ្សែសង្វាក់ផលិតកម្មខ្នាតធំជាងមុននៅរោងចក្រ Gigafactory នៃរដ្ឋ Texas ក្នុងគោលបំណងផលិតមនុស្សយន្ត Optimus ឱ្យបាន ១០ លានគ្រឿងក្នុងមួយឆ្នាំ ។

គិតត្រឹមត្រីមាសទី៣នៃឆ្នាំនេះ Tesla រកប្រាក់ចំណូលបានចំនួន ២៨,០៤ ពាន់លានដុល្លារ ធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មានចំនួន ២៨,០៩ ពាន់លានដុល្លារ ។

ប៉ុន្តែប្រាក់ចំណូលនេះបានថយចុះដល់ទៅ ៤៣ ភាគរយ ដោយសារការចំណាយប៉ោងឡើងលើការអភិវឌ្ឍមនុស្សយន្ត ហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ និងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ ៕

ប្រភព ៖ Interesting engineering និង Business Insider ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា