សិប្បកម្មកែច្នៃជន្លេនមួយនៅខេត្តព្រះវិហារ ជួយផ្តល់ចំណូលឲ្យពលរដ្ឋក្នុងមូលដ្ឋានជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិប្បកម្មកែច្នៃជន្លេនមួយនៅខេត្តព្រះវិហារ ជួយផ្តល់ចំណូលឲ្យពលរដ្ឋក្នុងមូលដ្ឋានជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃ

សិប្បកម្មកែច្នៃជន្លេនមួយនៅខេត្តព្រះវិហារ ជួយផ្តល់ចំណូលឲ្យពលរដ្ឋក្នុងមូលដ្ឋានជាង១០ម៉ឺនរៀលក្នុងមួយថ្ងៃ

ក្រៅពីរបរកសិកម្មធ្វើស្រែចម្ការ បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកគូលែន ខេត្តព្រះវិហារ បានចាប់យកឱកាសរកប្រាក់ចំណូលបន្ថែម តាមរយៈការធ្វើការងារនៅក្នុងសិប្បកម្មកែច្នៃជន្លេនមួយមួយកន្លែង ដែលអាចផ្តល់ចំណូលល្អប្រសើរសម្រាប់លើកស្ទួយជីវភាពគ្រួសារ។

សិប្បកម្មកែច្នៃជន្លេនខ្នាតសហគមន៍មួយកន្លែងនេះ ស្ថិតនៅក្នុងភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន បានបើកដំណើរការអស់រយៈពេល ៧ឆ្នាំមកហើយ ដោយបានឈរជើងយ៉ាងរឹងមាំ និងក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់អ្នកភូមិ។

លោក ឈីង សុយុទ្ធ ម្ចាស់សិប្បកម្មកែច្នៃជន្លេន បានឱ្យដឹងថា ការចាប់ផ្តើមដំបូងឡើយសិប្បកម្មរបស់លោកធ្វើជាលក្ខណៈខ្នាតតូច ប៉ុន្តែដោយសារមានតម្រូវការ និងចង់ជួយបង្កើតការងារជូនអ្នកភូមិ ទើបសម្រេចពង្រីកសិប្បកម្មឱ្យធំជាងមុន និងបំពាក់ឧបករណ៍គ្រប់គ្រាន់សម្រាប់កម្មករ។ បើតាមលោក ឈីង សុយុទ្ធ ការងារនេះបានជួយដល់ប្រជាពលរដ្ឋយ៉ាងច្រើន ជាពិសេសនៅរដូវទំនេរពីការងារស្រែចម្ការ។

ប្រាក់ចំណូលប្រចាំថ្ងៃមិនត្រឹមតែជួយសម្រាលបន្ទុកគ្រួសារ ឬការហូបចុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពទ្រទ្រង់ដល់ការសិក្សារបស់កូនៗ ដូចជាការទិញសម្លៀកបំពាក់ និងសម្ភារសិក្សា ដោយមិនបារម្ភពីការខ្វះខាត ឬបង្ខំចិត្តធ្វើចំណាកស្រុកឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ញ៉ាញ់ សំអាន ពលរដ្ឋរស់នៅស្រុកគូលែន ខេត្តព្រះវិហារ។

ដូចគ្នានេះដែរ អ្នកស្រី ឈុំ ផល្លី ពលរដ្ឋរស់នៅស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា ការងារកែច្នៃជន្លេនអាចឱ្យអ្នកស្រីរកចំណូលបានប្រមាណ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ ដូចជាពលរដ្ឋផ្សេងទៀតនៅក្នុងមូលដ្ឋាន ប្រាក់ចំណូលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារអ្នកស្រី ។

ម្ចាស់សិប្បកម្ម បានគូសបញ្ជាក់ថា ជន្លេនដែលយកមកកែច្នៃនេះ គឺទទួលទិញពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលរកបានតាមធម្មជាតិ។ ក្រោយកែច្នៃ និងសម្ងួតរួចហើយ ជន្លេនទាំងនេះ ត្រូវបានលក់បន្តឲ្យក្រុមហ៊ុនផ្សេងយកទៅប្រើប្រាស់ជាឱសថ។ ប៉ុន្តែ លោកមិនបានដឹងថា ក្រុមហ៊ុនយកទៅធ្វើជាឱសថអ្វីនោះទេ។

មន្ទីរព័ត៌មានខេត្តព្រះវិហារ បានគូសបញ្ជាក់ថា សិប្បកម្មកែច្នៃជន្លេននៅស្រុកគូលែន គឺជាគំរូនៃចលករសេដ្ឋកិច្ចមូលដ្ឋានដ៏មានប្រជាប្រិយភាព ដែលចេះទាញយកសក្តានុពលពីធនធានធម្មជាតិជុំវិញខ្លួន មកបង្កើតជាតម្លៃបន្ថែម និងបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋ។

ភាពជោគជ័យនៃសិប្បកម្មនេះបានបង្ហាញថា ឱ្យតែមានការកែច្នៃប្រឌិត និងការតស៊ូព្យាយាម មុខរបរខ្នាតតូចនៅក្នុងសហគមន៍ ក៏អាចក្លាយជាកម្លាំងជំរុញយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា