អ៊ុយក្រែន ត្អូញត្អែរទទួលបានមីស៊ីលរបស់សំណាញ់មេឃ Patriot ពី អាមេរិក ត្រឹម ២៤ គ្រាប់ ក្នុងពេល ៣ខែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ត្អូញត្អែរទទួលបានមីស៊ីលរបស់សំណាញ់មេឃ Patriot ពី អាមេរិក ត្រឹម ២៤ គ្រាប់ ក្នុងពេល ៣ខែ

អ៊ុយក្រែន ត្អូញត្អែរទទួលបានមីស៊ីលរបស់សំណាញ់មេឃ Patriot ពី អាមេរិក ត្រឹម ២៤ គ្រាប់ ក្នុងពេល ៣ខែ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានត្អូញត្អែរថា ក្នុងរយៈពេល ៩០ ថ្ងៃ ឬ ៣ ខែចុងក្រោយនេះ អ៊ុយក្រែនទទួលបានមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ពីអាមេរិក ត្រឹមតែ ២៤ គ្រាប់ប៉ុណ្ណោះ ។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News លោក ហ្សេលេនស្គី បានទម្លាយឲ្យដឹងថា អ៊ុយក្រែនត្រូវការមីស៊ីលរបស់សំណាញ់មេឃ Patriot ជាមធ្យមរហូតដល់ ៣៥០ គ្រាប់ក្នុងមួយខែ ដើម្បីការពារខ្លួនពីការវាយប្រហារដោយមីស៊ីលបាលីស្ទិករបស់រុស្ស៊ី។

លោកថា ចំនួន ២៤ គ្រាប់ក្នុងរយៈពេល ៩០ ថ្ងៃនេះ គឺមិនដល់ ៣% នៃតម្រូវការការពារខ្លួនរបស់អ៊ុយក្រែនឡើយ។ តួយ៉ាង គ្រាន់តែក្នុងយប់ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែតុលានេះ រុស្ស៊ីបានបាញ់មីស៊ីលផ្លោងប្រហែល ៣០ គ្រាប់ចូលទីក្រុងកៀវ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានធ្វើការប្រៀបធៀបដោយការខកចិត្តថា នៅក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា បណ្តាប្រទេសជាដៃគូបានប្រើប្រាស់មីស៊ីលរហូតដល់ប្រហែល ២,០០០ គ្រាប់ ក្នុងរយៈពេលត្រឹមតែ ៤៨ ទៅ ៨៤ ម៉ោងដំបូងប៉ុណ្ណោះ ប៉ុន្តែអ៊ុយក្រែនដែលជាដៃគូយុទ្ធសាស្ត្រ បែរជាទទួលបានតែ ២៤ គ្រាប់ក្នុងរយៈពេល ៩០ ថ្ងៃ។

យោងតាម Kyiv Post, លោក ហ្សេលេនស្គី បានអះអាងថា ការយឺតយ៉ាវក្នុងការបញ្ជូនមីស៊ីលរបស់សំណាញ់មេឃ Patriot គឺបណ្តាលមកពីខាងរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនទាន់ចុះហត្ថលេខាលើឯកសារផ្ទេរឱ្យអ៊ុយក្រែន។

ជាក់ស្តែង សូម្បីតែមីស៊ីលរបស់សំណាញ់មេឃ Patriot ដែលសម្ព័ន្ធមិត្តអឺរ៉ុបបានចេញលុយថ្លៃទិញរួចរាល់ហើយក៏ដោយ ក៏នៅតែត្រូវរង់ចាំការអនុម័ត និងចុះហត្ថលេខាពីសំណាក់រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth ដែរ ទើបអាចបញ្ជូនទៅកាន់អ៊ុយក្រែនបាន។

គួរបញ្ជាក់ថា ការខ្វះខាតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot កំពុងក្លាយជាបញ្ហាប្រឈមដ៏ធំសម្រាប់អ៊ុយក្រែន ខណៈប្រទេសនេះត្រូវការមីស៊ីលការពារដែនអាកាសបន្ថែម ដើម្បីទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅមុន និងអំឡុងរដូវរងា៕

ប្រភព ៖ Kyiv Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា