អាមេរិក គ្រោងបង្កើត “កំពូលឆ្កែយោធា” ដែលអាចក្លាយជាអាវុធសម្ងាត់ជំនាន់ក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក គ្រោងបង្កើត “កំពូលឆ្កែយោធា” ដែលអាចក្លាយជាអាវុធសម្ងាត់ជំនាន់ក្រោយ

អាមេរិក គ្រោងបង្កើត “កំពូលឆ្កែយោធា” ដែលអាចក្លាយជាអាវុធសម្ងាត់ជំនាន់ក្រោយ

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Warhound របស់អាមេរិក បានប្រមូលទុនវិនិយោគចំនួន ២០០ លានដុល្លារ ដើម្បីបង្កើត “កំពូលឆ្កែយោធា” បម្រើការងារផ្នែកយោធា និងសន្តិសុខ តាមរយៈបច្ចេកវិទ្យាកែសម្រួលហ្សែន ការក្លូនសត្វ និងឧបករណ៍បច្ចេកវិទ្យាការពារជាតិ។

បើតាម New York Post, គម្រោងបង្កើត “កំពូលឆ្កែយោធា” នេះ មានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីជ្រើសរើស និងកែសម្រួលលក្ខណៈហ្សែនរបស់ឆ្កែឱ្យមានសមត្ថភាពការងារកាន់តែខ្ពស់។ ពូជឆ្កែដែលត្រូវបានផ្តោតជាចម្បង រួមមាន Belgian Malinois, German Shepherd និង Labrador Retriever។

ក្រៅពីការកែសម្រួលហ្សែន, ក្រុមហ៊ុន Anduril នឹងផ្តល់បច្ចេកវិទ្យាគាំទ្រដល់ឆ្កែ និងអ្នកគ្រប់គ្រង រួមមាន អាវការពារ វ៉ែនតា ឧបករណ៍ការពារត្រចៀក និងប្រព័ន្ធចាប់សញ្ញាដែលអាចបញ្ជូនព័ត៌មានទៅកាន់ក្រុមប្រតិបត្តិការ។

ឧបករណ៍ទាំងនេះ រចនាឡើងដើម្បីជួយឱ្យអ្នកគ្រប់គ្រងយល់ដឹងពីស្ថានភាពនៅជុំវិញឆ្កែ និងសម្របសម្រួលសកម្មភាពក្នុងពេលបំពេញបេសកកម្ម។ ក្រុមហ៊ុនបានបញ្ជាក់ថា ឧបករណ៍បច្ចេកវិទ្យាទាំងនេះ នឹងពាក់នៅខាងក្រៅរាងកាយសត្វឆ្កែ មិនមែនវះកាត់ដាក់បញ្ចូលក្នុងខ្លួនវានោះទេ។

“កំពូលឆ្កែយោធា” នេះ រំពឹងថា នឹងប្រើក្នុងបេសកកម្មរុករកគ្រឿងផ្ទុះ ស្វែងរកមនុស្ស និងប្រតិបត្តិការសន្តិសុខដែលមានហានិភ័យខ្ពស់។ យោងតាមរបាយការណ៍, អាមេរិកពឹងផ្អែកលើឆ្កែពីអឺរ៉ុបច្រើនជាង ៨០ ភាគរយ សម្រាប់កម្មវិធីឆ្កែបម្រើការងារយោធារបស់ខ្លួន។

យ៉ាងណា ក្រុមហ៊ុន Warhound ចង់បង្កើតប្រព័ន្ធផ្គត់ផ្គង់ឆ្កែក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេស និងបង្កើនសមត្ថភាពផ្គត់ផ្គង់ឆ្កែសម្រាប់យោធា នគរបាល និងក្រុមសង្គ្រោះបន្ទាន់។

ក្រុមហ៊ុនដែលមានតម្លៃខ្លួនដល់ទៅ ១,២ ពាន់លានដុល្លារមួយនេះ រំពឹងថា កូនឆ្កែដំបូងពីគម្រោងនេះនឹងកើតនៅដើមឆ្នាំ២០២៧ ហើយមានគោលដៅឱ្យឆ្កែចាប់ផ្តើមបំពេញការងារក្នុងរយៈពេលប្រហែលពីរឆ្នាំ៕

ប្រភព ៖ New York Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា