ស្រ្តីទី១នៃកម្ពុជាត្រៀមស្បៃខ្មែរ ជូនប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រ្តីទី១នៃកម្ពុជាត្រៀមស្បៃខ្មែរ ជូនប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ស្រ្តីទី១នៃកម្ពុជាត្រៀមស្បៃខ្មែរ ជូនប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទីមួយនៃកម្ពុជា បានត្រៀមស្បៃខ្មែរ ធ្វើជាវត្ថុអនុស្សាវរីយ៍ជូនដល់មេដឹកនាំ​កំពូលមកពីបណ្តាប្រទេសនានា ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើក​ទី២០ នៅភ្នំពេញ នាខែវិច្ឆិកាខាងមុខ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ បានបង្ហោះរូប​ជា​ច្រើនសន្លឹក ដោយភ្ជាប់ជាមួយសំណេរយ៉ាងដូច្នេះ៖ «​ឆ្លៀត​ពេល​មក​រៀនអំពីស្បៃខ្មែរ, របៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍​ជូនដល់គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី​២០ »។

ស្របពេលជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានបញ្ជាក់ទៀតថា ពិតណាស់ ស្បៃ គឺជាក្រណាត់​ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំង​ពីសម័យ​បុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បញ្ជាក់ថា ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬសរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬគោមក្បាច់ចក្កច័ន្ទ ស្រដៀង​គ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវ​ពរ​ជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ។

សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៥ និងទី១៦ ខែវិចិ្ឆកាខាងមុខ។ កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីមេដឹកនាំនៃបណ្តាប្រទេស​និយាយ​ភាសា​បារាំង រួមទាំងលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងផងដែរ។

ក្រៅពីកិច្ចប្រជុំកំពូលនេះ កម្ពុជាក៏មានការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរ គឺ ភូមិហ្វ្រង់កូហ្វូនី និងហ្វ្រង់កូតិច។ ការរៀបចំព្រឹត្តិការណ៍នេះ នឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជា ក្នុងការបង្ហាញ​ពីសក្តា​នុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា