អង្គការអុកស្វាមអន្តរជាតិអំពាវនាវឱ្យមានដំណោះស្រាយបន្ទាន់ និងរយៈពេលវែងសម្រាប់គ្រួសារភៀសសឹកកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការអុកស្វាមអន្តរជាតិអំពាវនាវឱ្យមានដំណោះស្រាយបន្ទាន់ និងរយៈពេលវែងសម្រាប់គ្រួសារភៀសសឹកកម្ពុជា

អង្គការអុកស្វាមអន្តរជាតិអំពាវនាវឱ្យមានដំណោះស្រាយបន្ទាន់ និងរយៈពេលវែងសម្រាប់គ្រួសារភៀសសឹកកម្ពុជា

លោក Amitabh Behar នាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិប្រចាំកម្ពុជា បានអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ និងបន្តធ្វើជាប្រចាំ ដើម្បីជួយដល់ជនភៀសសឹកកម្ពុជា​​រាប់ពាន់គ្រួសារ​ឱ្យ​ត្រឡប់ទៅ​ផ្ទះវិញ​ដោយ​សុវត្ថិភាព ស្តារជីវភាពរស់នៅ និង​កសាង​អនាគត​របស់ពួកគេ​ឡើង​វិញដោយ​សេចក្តីថ្លៃថ្នូរ។

ការអំពាវនាវនេះធ្វើឡើងនៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បន្ទាប់ពីលោកនាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិប្រចាំកម្ពុជា និង​ក្រុមការងារបាន​ធ្វើ​ដំណើរទស្សនកិច្ចទៅកាន់សហគមន៍ភៀសសឹកនៅភូមិរង់ចាំ ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

​ប្រជាពលរដ្ឋជាង ២ម៉ឺននាក់ កំពុង​ស្នាក់នៅបណ្តោះអាសន្ន​ក្នុង “ភូមិរង់ចាំ” ដោយសារផ្ទះរបស់ពួកគាត់ស្ថិត​នៅក្នុង តំបន់កាន់កាប់ដោយកម្លាំងយោធាថៃ ឬតំបន់មានគ្រាប់មិនទាន់ផ្ទុះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Oxfam លោក Amitabh Behar បានឮដោយផ្ទាល់ពីអ្នកភូមិដែលទទួលរងផលប៉ះពាល់ពីជម្លោះព្រំដែន។ លោក​លើកឡើងថា ទោះបីជាបទឈប់បាញ់បាននាំមកនូវក្តីសង្ឃឹម និងបញ្ចប់អំពើហិង្សាភ្លាមៗក៏ដោយ ប៉ុន្តែវិបត្តិនៅតែបន្តកើតមានសម្រាប់គ្រួសារជនភៀសសឹករាប់ពាន់គ្រួសារ។ ប្រជាពលរដ្ឋចង់វិលត្រឡប់ទៅផ្ទះ ដើម្បីកសាងជីវិតឡើងវិញ និងធានាអនាគតសម្រាប់កូនចៅរបស់ពួកគេ ប៉ុន្តែរឿងនេះត្រូវការអ្វីដែលលើសពីជំនួយសង្គ្រោះបន្ទាន់។

នាយកប្រតិបត្តិនៃអង្គការអុកស្វាមអន្តរជាតិបញ្ជាក់ថា ការវិនិយោគប្រកបដោយនិរន្តរភាពលើជីវភាពរស់នៅ ការទទួលបានសិទ្ធិប្រើប្រាស់ដីធ្លីដោយសុវត្ថិភាព ការបង្កើតការងារ និងការគាំទ្រដល់ការស្តារជីវភាពឡើងវិញក្នុងរយៈពេលវែង គឺជារឿងចាំបាច់បំផុត ដើម្បីឱ្យគ្រួសារទាំងនោះអាចវិលត្រឡប់ទៅផ្ទះវិញដោយ​សុវត្ថិភាព និងកសាងជីវិតឡើងវិញដោយមានសេចក្តីថ្លៃថ្នូរ។

នៅពេលដែលគ្រួសារភៀសសឹកនៅតែបន្តប្រឈមមុខនឹងភាពមិនប្រាកដប្រជា អង្គការអុកស្វាមបានអំពាវនាវដល់អាជ្ញាធរជាតិ ស្ថាប័នក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍ បន្តគាំទ្រ និងវិនិយោគលើដំណោះស្រាយប្រកបដោយនិរន្តរភាព ដែលឆ្លើយតបតម្រូវការមនុស្សធម៌ភ្លាមៗ ព្រមទាំងជួយសម្រួលដល់ការកសាងសន្តិភាព ការស្តារឡើងវិញរយៈពេលវែង ភាពធន់ និងជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា