ស៊ីម៉ាក់ចុះ MOU ជាមួយ APOPO ក្នុងគម្រោងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅតាមព្រំដែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ីម៉ាក់ចុះ MOU ជាមួយ APOPO ក្នុងគម្រោងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅតាមព្រំដែន

ស៊ីម៉ាក់ចុះ MOU ជាមួយ APOPO ក្នុងគម្រោងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅតាមព្រំដែន

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នារវាងអង្គភាពទាំងពីរ ដើម្បីអនុវត្តគម្រោងគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតា​មបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់​បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ការចុះហត្ថលេខានេះធ្វើឡើងនៅទីបញ្ជាការកណ្តាល CMAC រាជធា​នី​ភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។ យោងតាមឯកឧត្តម ហេង រតនា គម្រោងនេះមានរយៈពេលអនុវត្តចំនួន ១៨ខែ គឺចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៨ ដោយមានថវិកាគាំទ្រគម្រោងចំនួន ១លាន ៦សែន​អឺរ៉ូ​ ឬប្រមាណ ១លាន ៨សែនដុល្លារអាម៉េរិក ដែលជាជំនួយឥតសំ​ណងរបស់សហភាព​អឺរ៉ុប (EU)។

​អគ្គនាយក CMAC សង្កត់ធ្ងន់ថា ការអនុវត្តគម្រោងនេះនឹងរួមចំណែកដល់ការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម​ នៅតាមតំបន់រងផលប៉ះពាល់ ពង្រឹងសុវត្ថិភាពសហគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងនេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងដៃគូអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបន្តគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អង្គការ APOPO គឺជាដៃគូអន្តរជាតិដ៏សំខាន់មួយរបស់អង្គភាព ​CMAC ក្នុងការងារបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមចាប់តាំងពីឆ្នាំ២០១៤មក។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះផ្ទៃដីពីការគំរាមកំហែងដោយសំណល់យុទ្ធភណ្ឌផ្ទុះ ជាពិសេសតំបន់គ្រាប់បែកចង្កោមរបស់ថៃឈ្លានពានក្នុងសង្គ្រាមឆ្នាំ២០២៥​ ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការបោសសម្អាតមីន រួមទាំងការប្រើប្រាស់សុនខ និងកណ្តុរហិតមីនក្នុងប្រតិបត្តិការមនុស្សធម៌។​

​តាមរយៈគម្រោងនេះ អង្គភាព CMAC និងអង្គការ APOPO ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់ជំនាញ បទពិសោធន៍ និងសមត្ថភាពបច្ចេកទេស ដើម្បីពន្លឿនការស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ការការពារអាយុជីវិតប្រជាពលរដ្ឋ ការស្តារសហគមន៍ និងការលើកកម្ពស់សន្តិសុខមនុស្សនៅតាមបណ្តាខេត្តជាប់ព្រំដែនរបស់កម្ពុជា៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា