ខេត្តក្រចេះគ្រោងដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍តម្លៃ ៣៥០លានដុល្លារនៅឆ្នាំក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តក្រចេះគ្រោងដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍តម្លៃ ៣៥០លានដុល្លារនៅឆ្នាំក្រោយ

ខេត្តក្រចេះគ្រោងដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍តម្លៃ ៣៥០លានដុល្លារនៅឆ្នាំក្រោយ

វិនិយោគិនចិនបានបោះទុនវិនិយោគប្រមាណ ៣៥០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតស៊ីម៉ង់ត៍ នៅលើផ្ទៃដី ៩៩ហិកតា ស្ថិតក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ជាមួយបណ្ដាញព័ត៌មាន AMS នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។

បើតាមអភិបាលខេត្តក្រចេះ រោងចក្រផលិតស៊ីម៉ង់ត៍ ដែលជាគម្រោងរបស់ក្រុមហ៊ុន ខេ ភី ស៊ីមេន អ៊ិនដាសស្ទ្រី   (KP CEMENT INDUSTRY CO., LTD.) ជារោងចក្រផលិតស៊ីម៉ង់ត៍ដំបូងគេ នៅក្នុងខេត្តក្រចេះ ហើយបច្ចុប្បន្នបានសាង់សង់រួចប្រមាណ ៨០ភាគរយហើយ ដោយគ្រោងដាក់ឲ្យដំណើរការនៅអំឡុងខែមេសា ឆ្នាំ២០២៧។

អភិបាលខេត្តក្រចេះបានបន្ថែមថា ស្របពេលនឹងដំណើរការរោងចក្រ ក្រុមហ៊ុនក៏កំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើន រួមមាន ផ្លូវក្រាលកៅស៊ូទទឹង ៦ម៉ែត្រ ប្រវែង ៨០គីឡូម៉ែត្រ និងកំពង់ផែពហុបំណង ១កន្លែង ស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ដើម្បីសម្រួលដល់ការដឹកជញ្ជូនផលិតផលទៅកាន់ទីផ្សារឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពផងដែរ។

សូមបញ្ជាក់ថា រោងចក្រខាងលើនេះ នឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ ៥ពាន់តោន ក្នុងមួយថ្ងៃ ឬប្រមាណ ១លាន ៨សែនតោនក្នុងមួយឆ្នាំ ព្រមទាំងផ្តល់ឱកាសការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងតំបន់បានជាង ៤០០កន្លែង។ គម្រោងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយការនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេស។

គិតត្រឹមឆ្នាំ ២០២៥ កម្ពុជា មានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៦ កន្លែង ដែលអាចផលិតស៊ីម៉ងត៍បានប្រមាណ ១១ លានតោនក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍ពីក្រសួងរ៉ែ និងថាមពល៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា