ណាតូឥស្លាម ហោះទៅចរចាជាមួយ អ៊ីរ៉ង់​​ ទប់ស្កាត់កុំឱ្យសង្គ្រាម​មជ្ឈិមបូព៌ាផ្ទុះជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ណាតូឥស្លាម ហោះទៅចរចាជាមួយ អ៊ីរ៉ង់​​ ទប់ស្កាត់កុំឱ្យសង្គ្រាម​មជ្ឈិមបូព៌ាផ្ទុះជាថ្មី

ណាតូឥស្លាម ហោះទៅចរចាជាមួយ អ៊ីរ៉ង់​​ ទប់ស្កាត់កុំឱ្យសង្គ្រាម​មជ្ឈិមបូព៌ាផ្ទុះជាថ្មី

តេហេរ៉ង់ ៖ មន្ត្រីជាន់ខ្ពស់មកពីប្រទេសអារ៉ាប៊ី សាអូឌីត, តួកគី និងប៉ាគីស្ថាន ដែលសុទ្ធតែជាសមាជិកនៃសម្ព័ន្ធណាតូឥស្លាម បានហោះទៅជួបពិភាក្សាជាមួយភាគីអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ក្នុងគោលបំណងទប់ស្កាត់កុំឱ្យសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើងវិញ ខណៈដែលទីក្រុងតេហេរ៉ង់បានលើកឡើងថា កិច្ចពិភាក្សានេះគឺ «ល្អប្រសើរណាស់»។

សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានឱ្យដឹងថា មន្ត្រីមកពីប្រទេសទាំងបីដែលជាភាគីនៃកិច្ចព្រមព្រៀងទីក្រុង  Mecca ឬ គេស្គាល់ថា ណាតូឥស្លាម បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បី «កាត់បន្ថយភាពតានតឹងរវាងភាគីនានាដែលពាក់ព័ន្ធនឹងវិបត្តិបច្ចុប្បន្ន»។

កិច្ចពិភាក្សា ដែលមានការចូលរួមពីឥស្សរជនសំខាន់ៗ រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman ផងនោះ បានធ្វើឡើងបន្ទាប់ពីមានការព្រមានពីសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងអ៊ីស្រាអែល ថា អរិភាពអាចនឹងផ្ទុះឡើងវិញនៅក្នុងសង្គ្រាមដែលមានរយៈពេល ៨ ខែមកនេះ។

នេះគឺជាដំណើរទស្សនកិច្ចរួមគ្នាលើកដំបូងទៅកាន់ទីក្រុងតេហេរ៉ង់ ដោយប្រទេសប៉ាគីស្ថាន អារ៉ាប៊ី សាអូឌីត និងតួកគី ចាប់តាំងពីពួកគេបានបង្កើតសម្ព័ន្ធភាពការពារជាតិមួយនេះ នៅទីក្រុង Mecca ដែលជាទីក្រុងដ៏ពិសិដ្ឋស្ថិតនៅភាគខាងលិចនៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែសីហា។

គណៈប្រតិភូទាំងនោះបានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Massoud Pezeshkian និង រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយមិនមានការប្រកាសលទ្ធផលជាក់លាក់ណាមួយឡើយ ដោយភាគីនានាគ្រាន់តែបានបញ្ជាក់ថា ពួកគេ «យល់ព្រមបន្តកិច្ចពិភាក្សាបន្ថែមទៀត»។

ទោះជាយ៉ាងណាក៏ដោយ លោក Mohsen Rezaei ប្រធានផ្នែកសន្តិសុខរបស់អ៊ីរ៉ង់ បានថ្លែងតាមរយៈទូរទស្សន៍រដ្ឋថា កិច្ចពិភាក្សានៅក្នុងរដ្ឋធានីតេអេរ៉ង់នេះ គឺ «ល្អប្រសើរណាស់»។

ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់រូបនេះ បាននិយាយថា​ «ខ្ញុំយល់ឃើញថា មានបរិយាកាសថ្មីមួយកំពុងកើតឡើងនៅក្នុងតំបន់… ខ្ញុំបានទទួលអារម្មណ៍ថាមានបរិយាកាសវិជ្ជមានយ៉ាងខ្លាំងនៅក្នុងកិច្ចពិភាក្សារវាងភាគីទាំងអស់»។

បើតាមប្រភព, ភាគីទាំងនោះបានឯកភាពគ្នាថា សន្តិសុខនៅក្នុងតំបន់ «គួរតែត្រូវបានសម្រេចដោយបណ្តាប្រទេសក្នុងតំបន់ខ្លួនឯង ហើយយើងត្រូវតែទប់ស្កាត់រាល់ការជ្រៀតជ្រែកពីបរទេស»។

លោកបានបន្ថែមថា ការពិភាក្សាក៏បានផ្តោតសំខាន់លើការកាន់កាប់របស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងប្រទេសលីបង់ ភាគខាងត្បូងប្រទេសស៊ីរី តំបន់ហ្គាហ្សា និងតំបន់វេសប៊ែង (West Bank)។​

លោក Hesham Alghannam អ្នកវិភាគ និងជាអ្នកស្រាវជ្រាវផ្នែកសន្តិសុខជនជាតិអារ៉ាប៊ីសាអូឌីត បានលើកឡើងថា​ «ជំនួបជាប្រវត្តិសាស្ត្រនៅទីក្រុងតេហេរ៉ង់នេះ អាចជាឱកាសចុងក្រោយ មុនពេលដែលស្ថានការណ៍ជម្លោះកាន់តែធ្ងន់ធ្ងររហូតដល់លែងអាចគ្រប់គ្រងបាន»៕
 
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា