កូរ៉េខាងជើង ដាក់ពង្រាយកាំភ្លើងធំនៅតាមព្រំដែន តម្រង់កាណុងទៅរក កូរ៉េខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ដាក់ពង្រាយកាំភ្លើងធំនៅតាមព្រំដែន តម្រង់កាណុងទៅរក កូរ៉េខាងត្បូង

កូរ៉េខាងជើង ដាក់ពង្រាយកាំភ្លើងធំនៅតាមព្រំដែន តម្រង់កាណុងទៅរក កូរ៉េខាងត្បូង

សេអ៊ូល ៖ យោធាកូរ៉េខាងត្បូងបានអះអាងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមដាក់ពង្រាយកាំភ្លើងធំជាច្រើននៅតាមតំបន់ព្រំដែន ដោយតម្រង់កាណុងទៅរកប្រទេសកូរ៉េខាងត្បូងដោយផ្ទាល់តែម្ដង ។

បើតាម Yonhap, កាំភ្លើងធំដែលកូរ៉េខាងជើងដាក់ពង្រាយនេះ ជាប្រភេទកាំភ្លើងធំចល័តទំហំ ១២២ មីល្លីម៉ែត្រ ដែលអាចបាញ់ដល់ចម្ងាយចន្លោះពី ១៥ ទៅ ២៤ គីឡូម៉ែត្រ ។

ប្រភពដដែលបញ្ជាក់ថា កាំភ្លើងធំទាំងនេះត្រូវបានកូរ៉េខាងជើងដាក់ពង្រាយនៅស្រុក Kaepung នៃខេត្ត Hwanghae ដែលមានចម្ងាយត្រឹមតែ ១ គីឡូម៉ែត្រកន្លះប៉ុណ្ណោះពីទីតាំងសង្កេតការណ៍ Aegibong នៃទីក្រុង Gimpo របស់កូរ៉េខាងត្បូង ។

ជុំវិញការដាក់ពង្រាយកាំភ្លើងធំនេះ អ្នកនាំពាក្យអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង លោក Jang Do-young បកស្រាយថា តាមការវាយតម្លៃរបស់យើង កូរ៉េខាងជើងបានដាក់ពង្រាយកាំភ្លើងធំចាស់ៗប៉ុណ្ណោះ ។

យ៉ាងណា អ្នកជំនាញចាត់ទុកថា ការដាក់ពង្រាយប្រព័ន្ធអាវុធធុនធ្ងន់ដោយផ្ទាល់នៅតាមព្រំដែននេះ គឺជាករណីត្រូវប្រុងប្រយ័ត្ន ដោយសារកាំភ្លើងធំជាទូទៅ ត្រូវការទីតាំងលាក់បាំង ដើម្បីកាត់បន្ថយហានិភ័យពីការសង្កេតឃើញ និងការវាយប្រហាររបស់សត្រូវ ។

ជាក់ស្តែងការដាក់ពង្រាយអាវុធប្រភេទនេះកើតឡើង បន្ទាប់ពីលោកស្រី Kim Yo jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានគំរាមដាក់ពង្រាយ “អាវុធយុទ្ធសាស្រ្តថ្មី” នៅតាមព្រំដែន និងចាប់ផ្តើមផ្សាយសារឃោសនាប្រឆាំងកូរ៉េខាងត្បូងឡើងវិញ ។

ការគំរាមនេះទៀតសោតក៏ដើម្បីជាការឆ្លើយតបទៅនឹងការផ្សាយសារព្រមាន និងការបាញ់គំរាមរបស់កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងសកម្មភាពពង្រឹងតំបន់ព្រំដែនរបស់ភាគីកូរ៉េខាងជើង ដែលខ្លួនយល់ថា បានលាតសន្ធឹងហួសខ្សែបន្ទាត់កំណត់ព្រំដែនយោធា ដែលបែងចែកប្រទេសបងប្អូនកូរ៉េទាំងពីរ ។

តួយ៉ាង ក្នុងពេលប៉ុន្មានខែចុងក្រោយនេះ កងទ័ពកូរ៉េខាងជើងត្រូវបានគេប្រទះឃើញកំពុងសាងសង់ផ្លូវយុទ្ធសាស្រ្ត និងរបងនៅតាមព្រំដែន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងតំបន់ការពារជាមួយកូរ៉េខាងត្បូង ៕
 
ប្រភព ៖ Yonhap និង Korea Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា