ណាតូឥស្លាម និងអ៊ីរ៉ង់ ប្រកាសរួមដៃគ្នាប្រឆាំងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ណាតូឥស្លាម និងអ៊ីរ៉ង់ ប្រកាសរួមដៃគ្នាប្រឆាំងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ

ណាតូឥស្លាម និងអ៊ីរ៉ង់ ប្រកាសរួមដៃគ្នាប្រឆាំងកម្លាំងជ្រៀតជ្រែកពីខាងក្រៅ

តេហេរ៉ង់ ៖ សមាជិកសម្ព័ន្ធណាតូឥស្លាមទាំង ៣ ប្រទេស និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទបានយល់ព្រមគ្នាថា សន្តិសុខនៅក្នុងតំបន់អាស៊ីខាងលិច គួរតែផ្អែកលើបណ្តាប្រទេសនៅក្នុងតំបន់ជាអ្នកទប់ស្កាត់នូវរាល់ទង្វើជ្រៀតជ្រែកពីខាងក្រៅ ។ នេះបើតាមការប្រកាសរបស់លោក Mohsen Rezaei អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ ។

លោក Mohsen Rezaei បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីមានជំនួបរវាងក្រុមគណៈប្រតិភូមកពីប្រទេសតួកគី, អារ៉ាប៊ីសាអូឌីត, ប៉ាគីស្ថាន ដែលជាក្រុមប្រទេសសម្ព័ន្ធភាព Mecca ឬ ណាតូឥស្លាម និង ភាគីអ៊ីរ៉ង់ នៅក្នុងទីក្រុងតេហេរ៉ង់ ដើម្បីពិភាក្សាអំពីសន្តិសុខមជ្ឈិមបូព៌ា, សកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់ និងការវិវត្តនៃស្ថានការណ៍ នៅប៉ាឡេស្ទីន និងលីបង់។

លោក Rezaei និយាយថា ប្រទេសក្នុងតំបន់ គួរតែចាប់ផ្តើមសហការគ្នា តាំងពីមុនមកម្ល៉េះ ដោយលោកបានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូតួកគី ប៉ាគីស្ថាន និង អារ៉ាប៊ីសាអូឌីត មកកាន់ទីក្រុងតេហេរ៉ង់ បានបង្ហាញថា ការគំរាមកំហែងរបស់សហរដ្ឋអាមេរិក មិនមានឥទ្ធិពលក្នុងកម្រិតសកលលោកនោះឡើយ ។

លោកបន្ថែមថា កិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងបី បានបង្កើតបរិយាកាសថ្មីមួយដ៏វិជ្ជមាន ដោយប្រទេសទាំងបួនជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងពួកគេ គឺជាច្រកចេញពីវិបត្តិទាំងឡាយដែលតំបន់កំពុងប្រឈមមុខ ។

បើតាម Anadolu , មន្ត្រីអ៊ីរ៉ង់រូបនេះ ក៏បានសង្កត់ធ្ងន់ ក៏ដូចជាដាក់គំនាបទៅដល់ប្រទេសអ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើប្រទេសលីបង់, តំបន់ខាងត្បូងប្រទេសស៊ីរី, តំបន់ហ្គាហ្សា និងតំបន់ West Bank ផងដែរ ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំរវាងណាតូឥស្លាម និង ភាគីអ៊ីរ៉ង់ នៅទីក្រុងតេហេរ៉ង់ នាពេលនេះ អាចជាចំណុចចាប់ផ្តើមនៃក្របខ័ណ្ឌសន្តិសុខតំបន់មួយ ដែលមានឫសគល់នៅក្នុងតំបន់ផ្ទាល់តែម្ដង ៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា