ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រៅពីការចែកដី គម្រោង LASED នឹងបង្វែរមកវិនិយោគលើសហគមន៍ ដើម្បីបង្កើតខឿនសេដ្ឋកិច្ចមូលដ្ឋាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រៅពីការចែកដី គម្រោង LASED នឹងបង្វែរមកវិនិយោគលើសហគមន៍ ដើម្បីបង្កើតខឿនសេដ្ឋកិច្ចមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រៅពីការចែកដី គម្រោង LASED នឹងបង្វែរមកវិនិយោគលើសហគមន៍ ដើម្បីបង្កើតខឿនសេដ្ឋកិច្ចមូលដ្ឋាន

ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយចីរភាពសម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ ​ការចែកដីធ្លី ផ្ទះសម្បែងតែម៉្យាង គឺមិនគ្រប់គ្រាន់ទេ។ នៅពេលខាងមុខ គម្រោងចែកដីសង្គមកិច្ចនឹងបង្វែរមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ការបង្កើតឱកាសការងារ និងមុខរបរ ដើម្បីពង្រឹងខឿនសេដ្ឋកិច្ចមូលដ្ឋាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាលំនៅឋានមិនមែនគ្រាន់តែជាការផ្តល់ផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែជាការដោះស្រាយបញ្ហាជីវភាព និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ ឯកឧត្តមបានជំរុញឱ្យគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ហៅកាត់ថា LASED បង្វែរការយកចិត្តទុកដាក់ពីការបែងចែកដីតែមួយមុខ មកជាការវិនិយោគលើសហគមន៍ទាំងមូល ដើម្បីបង្កើតឱកាសសេដ្ឋកិច្ច និងផ្តល់ក្តីសង្ឃឹម ក៏ដូចជាស្នាមញញឹមដល់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំណែនាំការងារលំនៅឋាន សំណង់មិនរៀបរយ និងគម្រោង LASED នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា សម្រាប់គម្រោង LASED ដំណាក់កាលទី៤ គឺត្រូវសិក្សា និងប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ មុននឹងសាកល្បងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងសៀមរាប ដោយត្រូវជំរុញការដាំដុះដំណាំ និងចិញ្ចឹមសត្វ ព្រមទាំងរៀបចំលំនៅឋានឱ្យមានសណ្តាប់ធ្នាប់ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើតខឿនសេដ្ឋកិច្ចនៅតាមមូលដ្ឋានភូមិ-ឃុំ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បេសកកម្មរបស់គម្រោង LASED ៤ គឺជួយឱ្យប្រជាពលរដ្ឋដែលគ្មានដី និងគ្មានផ្ទះសម្បែងពិតប្រាកដ ឲ្យទទួលបានដី និងលំនៅឋានសមរម្យសម្រាប់រស់នៅ ព្រមទាំងបង្កើតឱកាសប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកម្ពស់ជីវភាពពួកគាត់ឲ្យប្រសើរជាងមុន។

នៅទូទាំងប្រទេសកម្ពុជា ផ្ទះប្រមាណ ១៥ម៉ឺនខ្នង ស្ថិតក្នុងសភាពទ្រុឌទ្រោម ឬសាងសង់មិនរៀប​រយតាមដងផ្លូវជាដើម ដែលអាជ្ញាធរចាំបាច់ត្រូវស្វែងរកដំណោះស្រាយ ដោយរៀបចំលំនៅឋានសមស្រប និងមានសណ្តាប់ធ្នាប់ជូនពួកគាត់ នៅក្នុងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ ព្រមទាំងជួយផ្ដល់ការអភិវឌ្ឍន៍នៅនឹងកន្លែង ឬផ្ដល់ដីសម្រាប់ធ្វើកសិកម្មបង្កើនជីវភាពគ្រួសារ។

ត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នៅពេលខាងមុខ គម្រោង LASED នឹងធ្វើការវិនិយោគនៅតាមមូលដ្ឋាន ដោយរៀបចំផ្លូវ ទឹក ភ្លើង ព្រមទាំងជួយអភិវឌ្ឍសហគមន៍ឱ្យមានសក្តានុពលទាក់ទាញភ្ញៀវទេសចរ ដូចនៅខេត្តព្រះសីហនុ កំពត និងកែប ជាដើម។

លើសពីនេះ ត្រូវជំរុញសកម្មភាពកសិកម្ម តាមរយៈការផ្តល់ពូជដំណាំ និងសត្វចិញ្ចឹម ដូចជា គោ ក្របី មាន់ ទា និងត្រី ដើម្បីបង្កើតប្រភពចំណូលសម្រាប់គ្រួសារ ពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងបង្កើតខឿនសេដ្ឋកិច្ចនៅក្នុងសហគមន៍ឱ្យមានភាពរឹងមាំ និងចីរភាព៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា