អេត្យូពីទទួលបានយន្តហោះចម្បាំង Su-35 ចំនួន ១២ គ្រឿង ពី រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេត្យូពីទទួលបានយន្តហោះចម្បាំង Su-35 ចំនួន ១២ គ្រឿង ពី រុស្ស៊ី

អេត្យូពីទទួលបានយន្តហោះចម្បាំង Su-35 ចំនួន ១២ គ្រឿង ពី រុស្ស៊ី

មូស្គូ ៖ ប្រទេសអេត្យូពីទទួលបានយន្តហោះចម្បាំង Su-35 ផលិតដោយប្រទេសរុស្ស៊ីចំនួន ១២ គ្រឿង ហើយគ្រោងនឹងទទួលបានសំណាញ់មេឃ S-400 ចំនួន ៤ ឈុតបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពយោធា និងការពារសន្តិសុខជាតិ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ី អាម៉េដ កាលពីថ្ងៃពុធ ។

បើតាម Military Watch, Su-35 ជាយន្តហោះចម្បាំងស៊េរីទំនើបរបស់រុស្ស៊ីផលិតឡើងក្នុងឆ្នាំ ២០០៧ ដែលអាចហោះហើរក្នុងល្បឿនពី ១,៤០០ ទៅ ១,៥០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងក្នុងរយៈចម្ងាយពី ៤,០០០ ទៅ ៤,៥០០ គីឡូម៉ែត្រ ។

វាបំពាក់ទៅដោយប្រព័ន្ធរ៉ាដា Irbis-E ដែលមានសមត្ថភាពរកឃើញគោលដៅនៅចម្ងាយ ៤០០ គីឡូម៉ែត្រ ។ ចំណែកអាវុធសំខាន់ៗដែលយន្តហោះ Su-35 អាចពាំក្នុងបេសកកម្មល្បាតផ្លូវអាកាស រួមមានមីស៊ីលបាញ់រយៈចម្ងាយមធ្យមប្រភេទ R-77M ដែលអាចបាញ់ដល់ចម្ងាយពី ១១០ ទៅ ២០០ គីឡូម៉ែត្រ ។

បើតាម Aljazeera, នាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ី អាម៉េដ បានឱ្យដឹងថា យន្តហោះចម្បាំង Su-35 ទាំង ១២ គ្រឿងនេះ ត្រូវបានប្រគល់ឱ្យអេត្យូពី មុនកាលកំណត់មួយឆ្នាំ បើធៀបនឹងកិច្ចព្រមព្រៀងដែលបានធ្វើឡើងជាមួយរដ្ឋាភិបាលរុស្ស៊ី ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី អាប៊ី បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែលបានជួយសម្រួលឱ្យការប្រគល់យន្តហោះកើតឡើងមុនពេលកំណត់ ហើយចាត់ទុកការទទួលបានយន្តហោះទាំងនេះថា ជាជំហានដ៏សំខាន់ ក្នុងការពង្រឹងសមត្ថភាពយោធា ការពារដែនអាកាស និងបង្កើនសមត្ថភាពរារាំងការឈ្លានពានពីខាងក្រៅ ។

ការទទួលបានយន្តហោះចម្បាំង Su-35 នេះ កើតឡើងចំពេលដែលអេត្យូពីកំពុងប្រឈមនឹងបញ្ហាសន្តិសុខជាច្រើន រួមមានការប្រយុទ្ធគ្នាជាថ្មីនៅតំបន់ Tigray ភាគខាងជើង និងការបះបោរប្រដាប់អាវុធនៅតំបន់ Amhara ។

ការប្រយុទ្ធនៅ Tigray បានផ្ទុះឡើងជាថ្មី បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ចប់សង្គ្រាមរយៈពេលពីរឆ្នាំ ដែលបានសម្លាប់ជីវិតជនស៊ីវិលប្រហែល ៥០០,០០០នាក់ ៕

ប្រភព ៖ Military Watch និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា