ទឹកចិត្តសប្បុរសធម៌របស់កម្ពុជាល្បីខ្ចរខ្ចាយជាថ្មីលើពិភពលោក តាមរយៈការជួយទំនុកបម្រុងអ្នកទេសចរនៃនាវាកម្សាន្ត Odyssey | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកចិត្តសប្បុរសធម៌របស់កម្ពុជាល្បីខ្ចរខ្ចាយជាថ្មីលើពិភពលោក តាមរយៈការជួយទំនុកបម្រុងអ្នកទេសចរនៃនាវាកម្សាន្ត Odyssey

ទឹកចិត្តសប្បុរសធម៌របស់កម្ពុជាល្បីខ្ចរខ្ចាយជាថ្មីលើពិភពលោក តាមរយៈការជួយទំនុកបម្រុងអ្នកទេសចរនៃនាវាកម្សាន្ត Odyssey


ទឹកចិត្តសប្បុរសធម៌របស់ប្រទេសកម្ពុជាបានល្បីខ្ចរខ្ចាយជាថ្មីលើពិភពលោក តាមរយៈការជួយទំនុកបម្រុងដល់អ្នកទេសចរបរទេសនៃនាវាកម្សាន្ត Odyssey ដែលត្រូវបានម្ចាស់នាវាដឹកមក​ទុកចោលនៅខេត្ត​ព្រះសីហនុ ដោយសារអស់លទ្ធភាពចំណាយលើថ្លៃប្រេងឥន្ទនៈ។

អ្នកដំណើរអន្តរជាតិ ២០៣ នាក់នៃនាវាទេសចរណ៍ «Odyssey» ដែលត្រូវបានម្ចាស់កប៉ាល់បោះ​បង់​ចោលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសារអស់លទ្ធភាពទ្រទ្រង់ថ្លៃចំណាយលើប្រេងឥន្ទនៈ ត្រូវបានអាជ្ញាធរកម្ពុជាយកចិត្តទុកដាក់មើលថែទាំ និងផ្តល់​ការគាំទ្រចាំបាច់ផ្សេងៗ។
 
ក្រៅពីការជួយសម្រួលកន្លែងស្នាក់នៅ និងការហូបចុក រាជរដ្ឋាភិបាលបានផ្តល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរបរទេសទាំងនេះ ដើម្បីអនុញ្ញាតឲ្យពួកគេបន្តដំណើរកម្សាន្តនៅកម្ពុជា​ ទម្រាំអាចចាកចេញត្រឡប់ទៅមាតុប្រទេសវិញ។
 
រឿងរ៉ាវនៃការជាប់គាំងរបស់អ្នកទេសចរអភ័ព្វទាំងនេះ ដែលភាគច្រើនជាជនជាតិអាមេរិកកាំង ត្រូវបានសារព័ត៌មានអន្តរជាតិធំៗ និងបណ្តាញសង្គម ចុះផ្សាយយ៉ាងព្រោងព្រាត ដូចជា Associated Press, Reuters, AFP, The Guardian, Bloomberg និង Channel News Asia ជាដើម។
 
ទឹកចិត្តសប្បុរស និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជាក្នុងនាមជា «ប្រទេសតូច តែបេះដូងធំ» ទួលបានការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវទេសចរ ក៏ដូចជាក្រុមការងាររបស់នាវា។​ អ្នកដំណើរជាច្រើនបានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងជួយជ្រោមជ្រែងយ៉ាងលឿនរហ័សដល់ពួកគាត់។ សកម្មភាពមនុស្សធម៌ទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងរូបភាពវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។
 
ព្រឹត្តិការណ៍នេះមិនត្រឹមតែបានបង្ហាញពីបេះដូងទូលំទូលាយរបស់កម្ពុជាក្នុងការជួយសង្គ្រោះអ្នកជួបបញ្ហានៅលើទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំដ៏ល្អឥតខ្ចោះពីសំណាក់​​អ្នកដំណើរអន្តរជាតិចំពោះប្រទេសកម្ពុជា ដែលពោរពេញដោយទឹកចិត្តមេត្តាធម៌។
 
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ហួត ហាក់ ដែលបានអញ្ជើញទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខអ្នកទេសចរទាំងនោះដោយផ្ទាល់ បានលើកឡើងថា ភ្ញៀវទេសចរអន្តរជាតិមិនត្រឹមតែជាអ្នកមកទស្សនាកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភក្តិដែលត្រូវទទួលបានការគោរព ការយកចិត្តទុកដាក់ និងភាពកក់ក្តៅ ជាពិសេសនៅពេលដែលពួកគេជួបប្រទះការលំបាក។
 
ការយកចិត្តទុកដាក់របស់កម្ពុជាចំពោះនាវា Odyssey នាពេលនេះ បានរំលេចឡើងវិញនូវកេរដំណែលមនុស្សធម៌ដ៏មានតម្លៃរបស់កម្ពុជា ដែលពិភពលោកបានចងចាំកាលពីខែកុម្ភៈ ឆ្នាំ២០២០ គឺពេលដែលកម្ពុជាអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam ចូលចត បន្ទាប់ពីត្រូវបានបដិសេធមិនឱ្យចូលចតនៅគោលដៅមួយចំនួន ដោយសារការព្រួយបារម្ភអំពីជំងឺកូវីដ-១៩។
 
សកម្មភាពទាំងនេះបានរួមចំណែកពង្រឹងកិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ស្របតាមស្មារតី «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ»៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា